ខេត្តក្រចេះ ៖ ដីព្រៃលិចទឹក នៅជុំវិញបឹង ចំនួន២កន្លែង មានទំហំប្រមាណ៤ហិកតារ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានគេឈូសឆាយហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅជុំវិញបឹងចំនួន២កន្លែង គឺបឹងក្បាលក្របី និងបឹងច្រកខ្ទែង ត្រូវបានគេឈូសឆាយហ៊ុមព័ទ្ធយកធ្វើស្រែ និងពង្រីកកាយប្រឡាយផ្លូវទឹក នៅក្នុងបឹង ខុសពីប្រឡាយប្រព័ន្ធទឹក ដែលប្រជាពលរដ្ឋបាន ប្រើប្រាស់ពីដើមមក និងធ្វើឱ្យប៉ះពាល់ទៅដល់ជម្រកត្រីពងកូនទៀតផង។
ដីព្រៃលិចទឹកនៅតំបន់នោះត្រូវបានគេកាយ និងលើកភ្លឺស្រែ ព្រោះស្រូវមួយចំនួន ហើយខ្លះទៀតបានចាក់ដីលុប នៅមិនទាន់បង្កបង្កើនផលនៅឡើយ ក្រោយពីមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក៏បានហៅប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធដែលបានឈូសឆាយដីនោះ ទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការទន្ទ្រានយកដីព្រៃទឹកនៅតំបន់នោះ។
ជាក់ស្តែង នៅថ្ងៃទី១២ ខែឧសភា អាជ្ញាធរស្រុកព្រែកប្រសព្វ និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ នាយផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទចុះទៅត្រួតពិនិត្យមើល ជាក់ស្តែងជាលើកទី២ នូវការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិ ទាំង២ទីតាំងនោះ។
ក្នុងកាចុះពិនិត្យជាក់ស្តែង មន្ត្រីជំនាញអះអាងថា នៅបឹងក្បាលក្របីមានការកាយស្រះចំនួន៧ ហើយដីកំពុងអាស្រ័យផលស្រូវទំហំ ប្រមាណជា២ហិកតារ។ រីឯបឹងច្រកខ្ទែង មានដីស្រែ ចាប់ពីខាងលិចប្រឡាយដងធ្នស់ រហូតដល់ទួលផ្គូវ ស្ថិតនៅជាប់នឹងមាត់បឹងច្រកខ្ទែង គឺមានស្រះសម្រាប់បូមទឹកដាក់ស្រែ ចំនួន១ ប្រវែង៥០ម៉ែត្រ និងមានការឈូសឆាយដីមាត់បឹង ធ្វើស្រែ ទំហំប្រហែល ២ហិកតារ ហើយមន្ត្រីជំនាញ ក៏បានយកនិយាម ការ ចំនួន១០ចំណុច ដើម្បីធ្វើផែនទី និងមានកាយក្រវាត់រំលោភយកដីបឹង ប្រវែងប្រហែល ១៥០ម៉ែត្រ បន្ថែមទៀតផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ប៉ិច ងន់ស៊្រឺ មេឃុំជ្រោយបន្ទាយ បានឱ្យដឹងថា ដីតំបន់នោះ បានចុះបញ្ជីអស់ហើយ ប៉ុន្តែមិនទាន់បានប័ណ្ណកម្មសិទ្ធិ។ ដោយឡែករឿងផ្សេងទៀត លោកសុំមិនអត្ថាធិប្បាយទេ រង់ចាំក្រុមការងារថ្នាក់ខេត្ត សម្រេច៕