ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅលួចរថយន្តស៊ីរ៉ែន ១គ្រឿង របស់ប៉ូលិស ដល់ក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងតែម្តង លុះលួចបានហើយ បានបើកគេច តែក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបរិវេណអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។
ជនសង្ស័យជាចោរថ្លើមធំ ដែលចូលលួចរថយន្តសារ៉ែនរបស់សមត្ថកិច្ច និងត្រូវបានចាប់ឃាត់ខ្លួន មានឈ្មោះអូន វិចិត្រ អាយុ២៨ឆ្នាំ មានលំនៅ ភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។
លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានបញ្ជាក់ប្រាប់ឱ្យដឹង កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះអូន វិចិត្រ បានធ្វើសកម្មភាព ចូលទៅក្នុងបរិវេ ណអធិការដ្ឋាននគរបាលក្រុងស្វារៀង រួចក៏បានធ្វើសកម្មភាពលួចយករថយន្តសារ៉ែនរបស់កងកម្លាំង១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ នគរបាល 2-4203 រួចបើកចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថាកម្លាំងនគរបាលចេញល្បាតចល័តទើបមិនបានសួរនាំ។

លោកអធិការបន្តថា លុះមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល ដោយមិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកបានបញ្ជា ឱ្យកម្លាំង ឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា រថយន្តសារ៉ែនខាងលើ ត្រូវជនសង្ស័យលួចយកទៅ ទើបបើកការស្រាវជ្រាវភ្លាមៗ។ បន្ទាប់មក កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ បានរាយ ការណ៍មកថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ដើម្បីរង់ចាំ កម្លាំងនគរបាលក្រុងស្វាយរៀង ទៅទទួលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយក រថយន្តខាងលើពិតប្រាកដមែន។ បន្ទាប់ពីលួចរថយន្តបានហើយ ខ្លួនក៏ជិះគេចខ្លួនតាមបណ្តោយ ផ្លូវជាតិលេខ១ ទៅទិសខាងកើត រួចបត់ទៅស្រុកកំពង់រោទ៍ដល់ចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចឃាត់រូបខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ប្រគល់ឱ្យសមត្ថកិច្ចក្រុងស្វាយរៀងតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕