ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំផ្នែករដ្ឋបាលជលផលក្រឡាញ់ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត សហ ការជាមួយនឹងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបរថយន្តដឹកត្រី ១គ្រឿង នៅចំណុចភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។

លោកធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឱ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន រថយន្តម៉ាកសាំងយ៉ុង ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C-4980 និងត្រីប្រាក្លាស្សេ ទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ដឹកជញ្ជូនផលិតផលជលផល ដោយគ្មានលិខិតអនុញ្ញាត ដែលជាបទល្មើសជលផល។

ក្រោយពីបានពិនិត្យមើលសព្វគ្រប់រួចមក សមត្ថកិច្ចបានកសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្តែង តាមនីតិវិធីច្បាប់ស្តីពីជលផល។ ចំណែកវត្ថុតាង រថយន្ត ត្រីប្រាក្លាស្សេ ចំនួន ៣០០០ គីឡូក្រាម បានប្រគល់ទៅឱ្យម្ចាស់វិញ ព្រោះម្ចាស់ត្រីខាងលើ បានយល់ព្រមផាកពិន័យ តាមច្បាប់។

ដោយឡែក បើតាមប្រភពព័ត៌មានច្បាស់ការ បានឱ្យដឹងថា រថយន្តសាំងយ៉ុងដឹកត្រីប្រាក្លាស្សេ ទាំងនោះ ត្រូវបានឈ្មួញដឹកចេញពីព្រំដែនប្រទេសថៃ តាមច្រករបៀង ក្នុងភូមិសាស្ត្រអូរបីជាន់ ដឹកជញ្ជូនយកមកចែកចាយនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប និងខេត្តកំពង់ធំ៕