ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះ ស្រាវជ្រាវឃាត់ខ្លួនមនុស្ស២នាក់ ដែលបានដើរយកលុយពីអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ ធ្វើឱ្យក្រុមប្រជាពលរដ្ឋទាំងនោះមានការក្តៅក្រហាយ។

ការឃាត់ខ្លួនបុរសទាំង២នាក់ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសទាំង២នាក់ខាងលើ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះម៉ី សាផាត អាយុ៤១ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ និងទី២-ឈ្មោះសា ម៉ាក់ឆាន អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។ អ្នកទាំងពីរ ស្នាក់នៅផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា ពួកគេបានដើរប្រមូលលុយពីអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវមុខរោង ចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ៗ ១ខែ ចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារ ឡើងទៅ ជារៀងរាល់ខែ ដែលបានធ្វើឱ្យ ប្រជាពលរដ្ឋក្តៅក្រហាយ ហើយបានរាយការណ៍ជូនអាជ្ញាធរខណ្ឌ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនខាងលើ ទាំង២នាក់ បញ្ជូនទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

