Wednesday, May 14, 2025
Homeព័ត៌មានអន្តរជាតិក្រុមហ៊ុន Nissan គ្រោង​បិទ​រោងចក្រ៧ បញ្ឈប់បុគ្គលិកបន្ថែម ១១០០០នាក់

ក្រុមហ៊ុន Nissan គ្រោង​បិទ​រោងចក្រ៧ បញ្ឈប់បុគ្គលិកបន្ថែម ១១០០០នាក់

ប្រទេសជប៉ុន ៖ ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា នឹងបញ្ឈប់បុគ្គលិក ចំនួន ១១០០០នាក់ទៀត នៅទូទាំងពិភពលោក ហើយនឹងបិទរោងចក្រ ចំនួន ៧ ខណៈដែលក្រុមហ៊ុនកំពុងប្រឈមនឹងការលក់ធ្លាក់ចុះ។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា ការ​ធ្លាក់​ចុះ​ការ​លក់​នៅ​ប្រទេស​ចិន ​និង​ការ​បញ្ចុះ​តម្លៃ​យ៉ាងខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​ពីរ ​របស់​ក្រុមហ៊ុន ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រាក់​ចំណូល ខណៈពេលដែលសំណើរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda និង Mitsubishi បានបរា ជ័យ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

ការបញ្ឈប់បុគ្គលិកចុងក្រោយនេះ នាំឱ្យចំនួនបុគ្គលិកដែលក្រុមហ៊ុនបានប្រកាស រហូតមកដល់បច្ចុប្បន្ន មានប្រហែល ២០ ០០០នាក់ ឬ ១៥ភាគរយ នៃកម្លាំងការងារសរុបរបស់ខ្លួន។

ទោះ​ជា​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹង​ថា ​តើ​ការ​បញ្ឈប់​ការងារបុគ្គលិកនេះ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីណា​ ឬ​ក៏​រោងចក្រ​ នៅទីក្រុងសាន់ដឺរឡែនដ៍ ​របស់ Nissan នៅ​អង់គ្លេស​ អាចនឹង​រង​ផល​ប៉ះពាល់ឬទេ?

គួរបញ្ជាក់ថា ក្រុមហ៊ុន Nissan មានបុគ្គលិកប្រហែល ១៣៣ ៥០០នាក់ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៦០០០នាក់ មានមូលដ្ឋាននៅក្នុង សាន់ដឺរឡែនដ៍ (Sunderland) ។

ការ​បញ្ឈប់​ការងារ​ចុង​ក្រោយ​នេះ គឺ​បន្ថែម​លើ​ការ​បញ្ឈប់​បុគ្គលិក​ចំនួន ៩០០០នាក់ ​ដែល Nissan បាន​ប្រកាស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ។នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការចរចាររវាង Nissan និងគូប្រជែងដ៏ធំរបស់ខ្លួន Honda បានដួលរលំ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​ពីរ ​បាន​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការ​ច្របាច់​បញ្ចូល​គ្នា ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ ផែនការបញ្ចូលគ្នានូវអាជីវកម្មនេះ គឺដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែង ជាពិសេសនៅក្នុងប្រទេសចិន។

ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ​នឹង​បង្កើត​ឱ្យ​មាន​ឧស្សាហកម្ម​រថយន្ត​យក្ស ​តម្លៃ ៦០ពាន់​លាន​ដុល្លារ ​ជា​ក្រុមហ៊ុន​លក់​រថយន្ត​ធំ​ជាង​គេ​ទី​បួន ​ក្នុង​ពិភពលោក ​បន្ទាប់​ពី Toyota, Volkswagen និង Hyundai។

បន្ទាប់ពីការចរចារបានបរាជ័យ នាយកប្រតិបត្តិ Makoto Yujida គាត់ត្រូវបានជំនួសដោយ Ivan Espinosa ដែលជានាយកផែនការរបស់ក្រុមហ៊ុន និងជាប្រធានផ្នែកកីឡាម៉ូតូ។

Nissan ក៏បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំ ចំនួន ៦៧០ពាន់លានយ៉េន ឬប្រហែល 4.5 ពាន់លានដុល្លារ។ គោលនយោបាយពន្ធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនដែលកំពុងជួបការលំបាក។ លោក Espinosa បាននិយាយថា ឆ្នាំសារពើពន្ធមុន គឺជា “ការប្រ ឈមខ្លាំង” ជាមួយនឹងការចំណាយខ្ពស់ជាងមុន និងបរិយាកាសមិនច្បាស់លាស់ ដែលផលវិបាកបស់វាដើរតួជា “ការព្រមាន” ៕

RELATED ARTICLES