Tuesday, May 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកាច់កម៉ូតូអ្នកស្ទូចត្រី ជា---/ប់ខ្នោះ២

លួចកាច់កម៉ូតូអ្នកស្ទូចត្រី ជា—/ប់ខ្នោះ២

ខេត្តកណ្តាល ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅចតទុកនៅក្រោមម្លប់ឈើ រួចដើរចុះទៅស្ទូចត្រី នៅមាត់ស្រះ ក្បែរនោះ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ ២គ្រឿង  ដឹកគ្នាមកឈប់ក្បែរម៉ូតូរបស់អ្នកស្ទូចត្រី រួចធ្វើសកម្មភាពកាច់កម៉ូតូ បានសម្រេច ជិះរត់គេច តែត្រូវជនរងគ្រោះប្រទះឃើញ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដេញចាប់ក្របួចជាប់ ២នាក់ ខណៈ២នាក់ទៀត បានជិះម៉ូតូជនរងគ្រោះ រត់គេចបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ វាលស្រែ ក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរិទ្ធ រាជ ហៅម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាមេក្លោង)។ ទី២-ឈ្មោះប៊ុន រ៉ា ហៅពៅសំតូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទន្លាប់ ឃុំស្វាយជុក ស្រុកសាមគីមានជ័យ ខេត្តកំពង់ឆ្នាំង (ជាមេខ្លាង)។ ចំណែកបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួន ទី១-ឈ្មោះវ៉ាន់ ម៉ៅ និងទី២-ឈ្មោះលី។ រីឯម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចយកទៅបាត់  ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1FR-1284។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1FR-1284 ទៅស្ទូចត្រី នៅចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ បានទុកម៉ូតូក្រោមដើមឈើ រួចបានដើរចុះស្ទូចត្រី នៅក្បែរមាត់ស្រះ កណ្តាលវាលស្រែ ស្រាប់តែបន្តិចក្រោយមក មានជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង មកឈប់ក្បែរម៉ូតូរបស់គាត់ រួចបានធ្វើសកម្មភាពយកដែកអក្សរតេ កាច់សោម៉ូតូគាត់ បានសម្រេច ហើយជិះគេចខ្លួន។ ភ្លាមនោះ គាត់បានប្រទះឃើញ ក៏ស្រែកឆោឡោ និងរត់ដេញតាមពីក្រោយ ស្របពេលនោះក៏មានអ្នកដំណើរជិះកាត់តាមផ្លូវ ទើបគាត់បានសុំគេជិះ ដើម្បីដេញតាមពីក្រោយជនសង្ស័យ និងបានស្រែកថា “ចោរ!ៗ” រួចបន្តរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍លំហាច ដែលកំពុងល្បាត ក៏ប្រទះ ឃើញក្រុមជនសង្ស័យ ២នាក់ ក៏ដេញតាម ធ្វើឲ្យជនសង្ស័យភ័យ ក៏បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញចាប់ដល់ក្នុងវាលស្រែ បានចំនួន២នាក់។ ចំណែកបក្ខពួក ២នាក់ទៀត ដែលជិះម៉ូតូរបស់គាត់ បានជិះគេចខ្លួនទៅទិសខាងជើងបាត់ស្រមោល។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន២ គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង និងម៉ាក Nokia អ៊ិនចុចពិល ១គ្រឿង រួមជាមួយ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១ ដោយក្នុងនោះមានដែកតាន់ជ្រុង មុខសំប៉ែត សម្រាប់កាច់កម៉ូតូ ចំនួន៦ និងសោអក្សរតេ កូនសោម៉ូតូថ្មី ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1AD-6669 (ជាមធ្យោបាយជិះធ្វើសកម្មភាព)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា វត្ថុតាងទាំងអស់ខាងលើ ពិតជារបស់ខ្លួនសម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូប្រាកដមែន ហើយពួកខ្លួននិងបក្ខពួក ២នាក់ទៀត (ឈ្មោះវ៉ាន់ ម៉ៅ និងឈ្មោះលី) ដែលគេចខ្លួនបាត់នោះ បានរួមគ្នាធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES