ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលបានប្តឹងចាប់ស្ត្រីម្ចាស់បំណុលម្នាក់ នៅក្រុងសៀមរាប ដាក់គុក តែត្រូវបានតុលាការដោះលែងវិញនោះ ពេលនេះខ្លួនឯងបែរជាត្រូវចូលគុកវិញ កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់៣បទល្មើស បន្ទាប់ពីត្រូវបានស្ត្រីម្ចាស់បំណុល និងប្តី ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ រឿងខ្ចីលុយមិនសង។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានផ្ទេរសំណុំរឿងរបស់លោក ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៣ មកជូនអង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន របស់សាលាដំបូងខេត្តសៀមរាបលេខ ៤១៥ ឃខ/ឍ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា «យើង តុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀម រាបបានសម្រេច ៖ ឃុំខ្លួនឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម លំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្រិតវប្បធម៌ បរិញ្ញាបត្រផ្នែកគ្រប់គ្រង មុខរបរមន្ត្រីនគរបាល នៃនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុង ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ្ប ពីបទប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងពីបទសូកប៉ាន់ ប្រព្រឹត្តនៅហាងកាហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្តោះអាសន្ន។

បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទ ជាបណ្តោះអាសន្ន ឱ្យបានសម្រេចតាមដីកាបង្គាប់នេះ។
គួររំឭកថា ស្ត្រីឈ្មោះ ចិន ស្រីដា មានស្វាមីឈ្មោះ ទ្រី ប្រាថ្នា មានអាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យប្តឹងឈ្មោះសម្បត្តិ កុសល មានឋានន្តរស័ក្តិជាឧត្តម សេនីយ៍ត្រី និងមានតួនាទីជាអតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ រស់ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពីបទប្រព្រឹត្តអំពើពុក រលួយ និងរំលោភទំនុកចិត្ត ពាក់ព័ន្ធលុយជាង ២ម៉ឺនដុល្លារ តាមរយៈការខ្ចីជាបន្តបន្ទាប់ ដោយម្តងយកចំនួន ៣០០០ ដុល្លារ ម្តងយក ៤០០០ដុល្លារ និងក្រោយមក កូនបំណុលប្តីប្រពន្ធទាំងពីរនាក់នេះ គ្មានប្រាក់សង ក៏បង្វែរបំ ណុលនោះទៅជារត់ការឱ្យបុរសឈ្មោះ សម្បត្តិ កុសល ឡើងបុណ្យស័ក្តិ ក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

ក្រោយមកទៀត ស្ត្រីឈ្មោះចិន ស្រីដា បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យ អង្គភាពប្រឆាំងអំពើពុករលួយ និងទៅលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ ដើម្បីស្នើសុំជួយរកយុត្តិធម៌ជូននាង ព្រោះគ្មានសង្ឃឹមថា លោកសម្បត្តិ កុសល និងភរិយា សងបំណុលនោះមកនាងនាងវិញឡើយ។ យ៉ាងណា រឿងរ៉ាវខាងលើនេះ បានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះ ស្ត្រីឈ្មោះ ចិន ស្រីដា ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន ពីបទគំរាមកំ ហែងហែកកេរ្តិ៍លើបណ្តាញសង្គម ដោយដើមបណ្តឹង គឺជាលោក សម្បត្តិ កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាប្តីរបស់កូនបំណុលឈ្មោះរ៉ាំង ភិរម្យ បានទាមទារសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារអាមេរិក។
ស្ត្រីត្រូវចោទ ឈ្មោះ ចិន ស្រីដា ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បណ្តាលឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន នៅលើបណ្តាញសង្គម រហូតសាលាឧទ្ធរណ៍បាត់ ដំបង សម្រេចដោះលែងស្ត្រីម្ចាស់បំណុលវិញ។

ក្រោយមក លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកទៅជាមន្ត្រីនៅនាយក ដ្ឋានវិទ្យុទាក់ទង តែលោកមិនសុខចិត្ត ក៏បានប្តឹងម្ចាស់ បំណុលពីបទ ប៉ុនប៉ងសូកប៉ាន់ទៅវិញ។ ប៉ុន្តែទីបំផុតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ហើយក៏ត្រូវតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប៕