ភ្នំពេញ ៖ រថយន្តតាកូម៉ា ១គ្រឿង ខណៈពេលកំពុងបើកបរតាមដងផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងនៅប្លុកម៉ាស៊ីន ឆាបឆេះសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខដែលកំពុងយាមនៅជិតទីតាំងកើតហេតុ ជួយយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ទាន់ពេល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលរងនូវការឆាបឆេះ ម៉ាកតូយ៉ូតា តាកូម៉ា ១បាំងកន្លះ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-9450 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ តែបុរសនោះមិនបានរងរបួសនៅក្នុងហេតុការណ៍នេះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនិងផ្សែងហុយឃ្មួលខ្មាញ់តែម្តង ពេលនោះអ្នក បើកបរបានឈប់ រួចបើកទ្វារចុះចេញពីរថយន្ត ទាំងប្រញាប់ប្រញាល់។

ប្រភពដដែល បន្តថា ភ្លាមនោះ ក្រុមសន្តិសុខដែលយាមនៅជិតទីតាំងកើតហេតុនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ រហូតរលត់ទៅវិញទាំងស្រុង មិនបានឆេះរាលដាលរថយន្តនោះទាំងមូល ឬឆេះរាលដល់យានយន្តផ្សេងទៀតដែលកំពុងធ្វើដំណើរតាមផ្លូវ ជាមួយគ្នានោះឡើយ។ ការឆាបឆេះ គឺឆេះប្លុកម៉ា ស៊ីន ដែលសង្ស័យបណ្តាលមកពីការឆ្លងចរន្តភ្លើង ហើយរថយន្តនោះបានរងការខូចខាតធ្ងន់។

ក្រោយពេលពន្លត់រលត់រួចរាល់ សមត្ថកិច្ចបានយករថយន្តស្ទូច ទៅជួយស្ទូចដឹកយករថយន្តនោះចេញពីកន្លែងកើតហេតុ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវ៕