Saturday, May 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះធ្វើរដ្ឋបាលបន្ទប់ជួល ឃាត់ខ្លួន៣នាក់

ចុះធ្វើរដ្ឋបាលបន្ទប់ជួល ឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង ចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវរថភ្លើង និងតាមបន្ទប់ជួល នៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៦ ខែខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនឿន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ទី២-ឈ្មោះស៊ុយ វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងទី៣-ឈ្មោះម៉ាន ណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដើម្បីរក្សាបាននូវសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងដោយមានការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកសក់ ច័ន្ធកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាល តាមបណ្តោយផ្លូវរថភ្លើង និងតាមបន្ទប់ជួល នៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែល បន្តថា ខណៈនោះ បានប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ កំពុងតែឈរនៅលើផ្លូវរថភ្លើង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីពិនិត្យទឹកនោម រកសារធាតុញៀនខុសច្បាប់។ ក្រោយពីពិនិត្យរួច ឃើញថា ជនសង្ស័យខាងលើ ពិតជាបានប្រើប្រាស់នូវសារធាតុខុសច្បាប់ប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES