ភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា ដែលត្រូវមហាជនអ្នកគាំទ្រមើលឃើញថា កំពុងមានជំនឿយ៉ាងខ្លាំងទៅលើលោកតាសក់ស ភ្នំត្បែង ហើយសង្ស័យពីការបែកបាក់ជាមួយស្វាមីនោះ នៅពេលនេះ នាងបានចេញមកទម្លាយរឿងបែកបាក់ស្វាមីយ៉ាងពិតប្រាកដ ស្របពេលមហាជនសង្ស័យថា ការបែកបាក់ប្រេះឆានៃចំណងស្នេហាប្តីប្រពន្ធតារាចម្រៀងល្បីរូបនេះ អាចផ្តើមចេញពីស្វាមីនាង ប្រចណ្ឌជាមួយលោកតាសក់ស ភ្នំត្បែង ។ តារាចម្រៀងរូបនេះ បានបង្ហើបថា ក្រោយបែកបាក់គ្នា អតីតស្វាមីបានប្រកាសថា នឹងមិនដោះលែងនាងទេ ព្រមទាំងតាមបំផ្លាញនាង និងលោកតាសក់ស ទៀតផង ។

គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញ មុខទម្លាយឱ្យមហាជនបានដឹងពីពីការបែកបាក់ជាមួយស្វាមី ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខទេ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ។

តាមរយៈវីដេអូផ្សាយផ្ទាល់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន រយៈពេលជាង១ម៉ោងកន្លះ តារាចម្រៀង មាស សុខសោភា បានរៀបរាប់ថា “មួយរយៈនេះ មានសារព័ត៌មានជាច្រើន ដែលចុះពីរឿងនាងខ្ញុំទាំងអស់ បានសួរនាងខ្ញុំ ហើយចេញមកនេះ ក៏មិនមានចេតនា ធ្វើឱ្យមានរឿងធំ ប៉ះពាល់ដល់សង្គមយើងទេ មិនមានចេតនាចង់ឱ្យភាគីណាមួយ ទទួលរងសម្ពាធ ទទួលកំហឹង កម្តៅអីទេ។ តាមពិតនាងខ្ញុំព្យាយាមលាក់រឿងជាច្រើន មិនចង់ឱ្យរឿងហ្នឹងវាធំធេងទៅទេ ខ្ញុំព្យាយាមលាក់អាថ៌កំបាំងខ្លះ ព្រោះជារឿងផ្ទាល់ខ្លួន រឿងជំនឿសាសនាផ្ទាល់ខ្លួន ព្រោះបងប្អូនខ្លះ មានការគោរពខុសពីខ្ញុំ អ៊ីចឹងថ្ងៃនេះក៏សូមចូលខ្លួនមកចែករំលែក ព្រោះឥឡូវនេះ សាសនាចូលមកដល់ហ្នឹង វាមានរឿងច្រើនកើតឡើង រឿងហេតុជាច្រើនដែលយើងអត់ដឹង វាកើតមកពីសភាវរូបអាថ៌កំបាំង ដែលយើងម្នាក់ៗអត់សូវបានរៀនពីអាហ្នឹងទេ អ៊ីចឹងទៅធ្វើឱ្យខ្លួនយើងយល់ច្រឡំទៅលើបុគ្គលនិងបុគ្គល មនុស្សនិងមនុស្ស គ្រួសារនិងគ្រួសារ មិត្តភក្តិនិងមិត្តភក្តិ សាសនានិងសាសនា រឿងវាផ្តើមឡើងមកពីសភាវរូបអាថ៌កំបាំងហ្នឹង អ៊ីចឹងនាងខ្ញុំក៏ចូលរួមមកចែករំលែកនូវចំណេះដឹងខ្លះៗ ដែលនាងខ្ញុំបានជួបនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំផង ហើយឥឡូវនេះ ក៏វាចូលមកដល់ផ្លូវមួយដែលគេមើលមកថាយើងជាមនុស្សជឿជំនឿងប់ងុល ឬក៏ជឿទៅលើអប្បិយជំនឿណាដែលមិនមែនជាការពិត ឬក៏ជឿងប់ងុលទៅលើមន្តអាគមស្នេហ៍ គាថា ឬក៏ជឿទៅលើបុគ្គលឆបោក។ នេះជាអ្វីដែលជាការយល់ឃើញរបស់បងប្អូន ខ្ញុំក៏អត់មានសិទ្ធិបង្ហាញឬក៏ចង់ឱ្យបងប្អូនមកជឿលើខ្ញុំដែរ គ្រាន់តែថាចូលរួមស្តាប់ទៅ ហើយរឿងនេះមិនមែនកើតឡើងតែទៅលើនាងខ្ញុំទេ គឺវាកើតឡើងលើពិភពលោកតែម្តង ដោយសារតែសាសនាចូលមកដល់នេះ គឺមនុស្សនិងមនុស្ស ចាប់ផ្តើមមើលគ្នាក្នុងក្រសែភ្នែកមួយដែលសង្ស័យ សត្រូវ អន់ចិត្ត ទើស ហួងហែង ច្រណែន ចង់ឈ្នះចង់ចាញ់ និងមើលគ្នាដោយក្តីសង្វេគ មើលគ្នាដោយក្តីមេត្តាទៅក៏មាន អ៊ីចឹងហើយពិបាក ដោយសារយើងអត់សូវបានឈ្វេងយល់ពីរឿងដែលយើងហ្នឹងមើលមិនឃើញ។ អ្វីដែលខ្លួនយើងមើលឃើញមិនឃើញ នាងខ្ញុំក៏មិនចង់ឱ្យបងប្អូនស្តាប់ខ្ញុំដែរ ប៉ុន្តែអ្វីដែលខ្ញុំចង់ចូលមកចែករំលែកនេះ គឺពាក់ព័ន្ធលើអ្វីដែលវាយប្រហារមកលើខ្ញុំហ្នឹងវាខ្លាំងៗពេក ដែលធ្វើឱ្យនាងខ្ញុំហ្នឹង មិនមែនមានការរកាំចិត្តទេ តាមពិតនាងខ្ញុំចង់យកសេចក្តីស្ងប់ដាក់ ខ្លួន ក៏វាបានដែរ អត់អីទេសម្រាប់ខ្ញុំៗដើរមកដល់ពេលនេះហើយ ដោយសារអី? ខ្ញុំឆ្លងកាត់រឿងជាច្រើន ដែលសភាវរូបអាថ៌កំបាំងហ្នឹង វាប្រើមនុស្សឱ្យមកធ្វើបាបខ្ញុំក៏ច្រើន ខ្ញុំវាឆ្អែតឆ្អន់ហើយ ដែលគេប្រមាថមើល ងាយខ្ញុំតាមទង្វើ តាមមនោសញ្ចេតនា តាមសភាវរូបអាថ៌កំបាំង តាមផ្លូវមន្តវិជ្ជាអាគម ខ្ញុំទទួលអស់ហើយ ហើយក៏ជាបទពិសោធន៍មួយដែរសម្រាប់ខ្ញុំ ដែលជាបទពិសោធន៍មួយល្អក្នុងការចែករំលែកនូវអ្វីដែលជាការពិត ដែលខ្ញុំបានឆ្លងកាត់ ហើយមកដល់ពេលនេះ…”។

អ្នកនាង មាស សុខសោភា បានបន្តថា “អ៊ីចឹងគឺថា វាមិនមែនអត់មានដើមហេតុទេ អីៗគ្រប់យ៉ាង សុទ្ធតែមានដើមហេតុ ទើបវាបង្កឱ្យទៅជាហេតុ ដែលធ្វើឱ្យយើងឃើញនឹងភ្នែកហ្នឹង អ៊ីចឹងអ្វីគ្រប់យ៉ាង គឺសុទ្ធតែមានមូលហេតុទាំងអស់ ហើយបើសិនជាខ្ញុំនៅស្ងៀម អ្នកទាំងអស់គ្នាប្រាកដជាថា ពិតជាដូចអ្វីគេនិយាយហើយមើលទៅ ដូចជាសារព័ត៌មានដែលគេចុះហើយមើលទៅ បានអ៊ីចឹង ។ អ៊ីចឹងខ្ញុំជាក្មេងស្រីមួយនៅចម្ការ មកធ្វើការនៅទីក្រុង ដើម្បីរកលុយរៀន ដើម្បីរកលុយទិញម្ហូប ៣ពេល ក៏ខ្ញុំធ្លាប់ឆ្លងកាត់ ហើយរឿងជោគជ័យដែលអ្នកទាំងអស់គ្នាឃើញមកដល់ពេលនេះ ខ្ញុំក៏បានឆ្លងកាត់ ហើយក៏កំពុងឆ្លងកាត់ ហើយអ្វីគ្រប់យ៉ាងក៏មិនមែនជាភាពត្រេកត្រអាលក្នុងការចង់បានរបស់ខ្ញុំទេ វាស្ថិតនៅលើបងប្អូនអ្នកផ្តល់តម្លៃឱ្យខ្ញុំទេ នៅពេលដែលយើងមកដល់ចំណុចមួយនេះហើយ យើងពិតជាពិបាកដកខ្លួនចេញពីភាពមិនទទួលខុសត្រូវនៅលើរឿងទាំងឡាយដែលកើតឡើងមកក្នុងជីវិតផ្ទាល់ខ្លួនខ្ញុំណាស់ ទោះជាយើងបិទភ្នែក បិទត្រចៀក មិនចង់ស្តាប់ ក៏វានៅតែរកាំ ចិត្ត វាធ្វើឱ្យយើងមិនអាចរកសេចក្តីស្ងប់បាន អាហ្នឹងហើយដែលធ្វើឱ្យប៉ះពាល់ដល់ធម៌របស់ខ្ញុំ ព្រោះខ្ញុំស្ត្រេស ខ្ញុំចូលចិត្តស្តាប់ធម៌ ខ្ញុំចូលចិត្តនៅកន្លែងណាស្ងប់ស្ងាត់ សមាធិ។ ពេលខ្លះខ្ញុំអត់ចង់និយាយទេ តែបើខ្ញុំអត់និយាយស្តាយ ព្រោះមនុស្សឥឡូវ កំពុងតែរងភាពអយុត្តិធម៌ ដោយការមើលគ្នាដោយក្រសែភ្នែកមិនល្អ ដោយការសង្ស័យគ្នាទៅវិញទៅមក ដោយសារអី? យើងអត់យល់ពីសភាវរូបអាថ៌កំបាំងហ្នឹង នៅពេលដែលយើងមិនយល់ពីអារឿងក្នុងខ្លួនរបស់យើង ធម្មជាតិរបស់យើងទាំង៧ហ្នឹង យើងពិតជាមិនដឹងថាអ្វីនៅក្នុងខ្លួនរបស់មនុស្សដែលយើងឃើញរាល់ថ្ងៃហ្នឹង វាជាអ្វីទេ ដោយសារយើងអត់ដែលបានរៀន អត់ដែលបានសមាធិ យើងអត់ដែលភាវនាធម៌ ព្រោះរាល់ថ្ងៃ យើងរវល់តែរកស៊ី ជំនាញ ចំណេះ និងបង្កើតសមត្ថភាពទេពកោសល្យ ដែលយើងរៀនក្រៅខ្លួន តែរឿងដែលយើងរៀនពីធម្មជាតិរបស់ខ្លួនឯងនៅខាងក្នុង យើងអត់ដែលរៀនទេ យើងបានត្រឹមតែឃើញដៃខ្ញុំឈឺ ខ្ញុំខ្មៅ ឬក៏ខ្ញុំសប្បាយរីករាយ អាហ្នឹងគឺយើងមើលឃើញតែខាងក្រៅហ្នឹងឯង រាល់ថ្ងៃ ភ្នែកយើងមើលឃើញតែអ៊ីចឹងឯង ហើយអ្វីដែលសាសនាចូលមកដល់នេះ គឺគេចង់ឱ្យយើងរៀនពីអ្វីដែលនៅខាងក្នុងរបស់មនុស្ស ហេតុអីមនុស្សឥឡូវសម្លាប់ខ្លួនច្រើនម៉េះ? ហេតុអីមនុស្សឥឡូវកាចខ្លាំងម៉េះ? ហេតុអីមនុស្សឥឡូវចេះដឹងគ្រប់រឿងម៉េះ? ចេះគ្រប់រឿងទាំងខ្លួនឯងអត់បានចេះដឹងការពិតសោះ ទៅចូលតែស្ករជាមួយគេដែរក៏មាន អត់បានពិចារណា អត់ដែលយកបញ្ញាយកមកគិតទេ យកតែអ្វីដែលយើងឃើញនៅខាងក្រៅ ដែលជាធម្មជាតិតែមួយផ្នែកតូចរបស់យើង ទាំងយើងមិនបានដឹងថា អ្វីដែលបង្ខំឱ្យមនុស្សទាំងឡាយហ្នឹង ទៅធ្វើរឿងល្អ រឿងអាក្រក់ហ្នឹង អ្នកណាជាអ្នកបញ្ជាឱ្យទៅធ្វើ ក៏យើងអត់ដែលបានដឹង។ ឥឡូវខ្ញុំចូលខ្លួនមកចែករំលែក ហើយក៏គេថាខ្ញុំមានជំនឿផ្តេសផ្តាស មានការជឿងប់ងុលទៅលើអបិយជំនឿ ទៅជឿឥសីសក់សភ្នំត្បែង ទៅត្រូវស្នេហ៍គេ ទៅធ្វើរឿងផ្តេសផ្តាស ទៅចាយលុយស្អីៗទៅលើជំនឿអីចឹង អានេះជាសិទ្ធិជំនឿរបស់ខ្ញុំ ដោយសារខ្ញុំឆ្លងកាត់ ឥឡូវថារឿងបញ្ហាគ្រួសារហ្នឹង វាទៅហើយ សូម្បីតែយើងដើរមកដល់ផ្លូវនេះ សូម្បីតែមនុស្សដែលយើងស្រលាញ់ហ្នឹង ក៏អត់យល់ដែរ ឪពុកម្តាយយើង ក៏យល់ដែរ បងប្អូន ក៏គេអត់យល់ ដោយសារគេអត់ទាន់ដើរដល់យើង គេអត់ដែលបានជួបរឿងដូចយើង ហើយដោយសារអី? គេមិនមែនជាយើង គេរស់នៅជាមួយនឹងការរកស៊ីរបស់គេ ចំណែកខ្ញុំ អ្វីក៏ខ្ញុំមាន លុយក៏ខ្ញុំមាន ឡានក៏ខ្ញុំមាន ផ្ទះក៏ខ្ញុំមាន សម្ភារៈថ្លៃៗក៏ខ្ញុំមាន ខ្ញុំមានអស់ហើយ តែហេតុអ្វីខ្ញុំអត់ដែលបានទទួលសេចក្តីសុខ? នេះខ្ញុំចង់ចែករំលែកជីវិតមួយនេះ ដែលជាចំណុចអាថ៌កំបាំងដែលមនុស្សលើលោកទាំងអស់ អត់ទាន់បានដើរដល់ទេ។ ខ្ញុំហ៊ាននិយាយអ៊ីចឹង ទោះបីដើរដល់ ក៏គាត់អត់ដឹងដែរ ដោយសារគាត់អត់បានរៀនពីអាហ្នឹង…”។

អ្នកនាង មាស សុខសោភា បានបន្តថា “អ៊ីចឹងឃ្លីបនេះ ក៏សូមចែករំលែកទៅដល់បងប្អូនណាដែលទំនេរ ក៏បើកមើលទៅ ហើយសូមអ្នកកាន់ហ្វេសប៊ុក កុំលុបផេករបស់ខ្ញុំទៀត ខ្ញុំអត់យល់ នៅពេលដែលខ្ញុំនិយាយរឿងស្អីៗហ្នឹង លុបរបស់ខ្ញុំរហូត បើថាឱ្យខ្ញុំហើយឱ្យទៅ ចាំបាច់យក របស់ខ្ញុំទៅវិញធ្វើអី? ឱ្យតែខ្ញុំនិយាយដល់រឿងជំនឿអីហ្នឹង លុបរហូត ហ្វេសប៊ុកហ្នឹង ហើយអ្នកធ្វើនេះ ដើម្បីអ្វី? បើអ្នកលែងខ្ញុំហើយ យើងសន្យាថា បែកគ្នាហើយ ហេតុអីមិនដោះលែងខ្ញុំទៅ? ឱ្យខ្ញុំរស់នៅក្នុងឧបនិស្ស័យរបស់ខ្ញុំទៅ ជម្រើសរបស់ខ្ញុំទៅ គោលបំណងរបស់ខ្ញុំទៅ ហេតុអីអ្នកធ្វើបាបខ្ញុំរហូត? ខ្ញុំអត់ដែលទាមទារ និងបិទផ្លូវគោលបំណងរបស់អ្នកទេ អ្នកធ្វើអីក៏ធ្វើទៅ មនុស្សយើងស្រលាញ់គ្នា ដល់តែដើរដល់ផ្លូវរួមគ្នា នៅពេលដែលយើងដើរផ្លូវរួមគ្នាហើយ ដល់ពេលវេលាមួយដែលយើង អានេះរួមតែសុខទេនេះ ដល់តែមានទុក្ខ រត់ចោលគ្នាបណ្តោយ ហើយខ្ញុំប្រាប់ថា ខ្ញុំកំពុងជួបទុក្ខ ខ្ញុំត្រូវរកគ្រូណាដើម្បីព្យាបាលទុក្ខរបស់ខ្ញុំ អត់ទៅមើលយើងទេ អត់ជូនយើងទៅទេ ឱ្យយើងទៅម្នាក់ឯង ថាយើងឆ្កួតងប់ងុលជំនឿ សួរថាបើជំងឺទាំងអស់ វិទ្យាសាស្ត្រមើលឃើញ ព្យាបាលបាន ហេតុអីមហាសេដ្ឋី សម្លាប់ខ្លួន? ជំងឺខ្លះ វាមិនមែនជាជំងឺដែលថ្នាំពេទ្យ ឬក៏វិទ្យាសាស្ត្រ ព្យាបាលបានទេ វាត្រូវការមានការសមាធិ មានការព្យាបាលដោយគ្រូបាអាចារ្យ គ្រូខ្មែរ គ្រូណាដែលគេចេះមន្តវិជ្ជា បណ្តេញវិញ្ញាណខ្មៅ ចេញពីក្នុងខ្លួន ហើយពេលដែលយើងកំពុងតែរងទុក្ខដោយសភាវរូបអាថ៌កំបាំង មកធ្វើបាបយើងហើយ អាអ្នកនៅក្បែរយើងនេះ អាប្តីយើងនេះ វាថាយើងឆ្កួត ឡប់សតិ សតិយើងអត់ល្អទេ ទៅចាយលុយលើអាគ្រូអ៊ីចឹងៗ ហើយអ៊ីចឹងគាត់ស្រលាញ់ខ្ញុំ ឬក៏គាត់ស្តាយលុយ? ខ្ញុំអត់យល់ទេនេះ ខ្ញុំចង់សួរទៅគាត់ថា គាត់ស្តាយលុយ ឬក៏គាត់ចង់ឱ្យខ្ញុំបន្តជីវិតរស់នៅ? បើខ្ញុំជួបដល់បញ្ហាមួយដែលថា លង់ទឹកហើយ ខ្ញុំត្រូវការជំនួយពីអ្នកណាក៏បានដែរ ទាំង គាត់អត់មានសមត្ថភាពជួយយើងសោះ ប្តីយើងអត់មានសមត្ថភាព អ្នកណាក៏អត់មានសមត្ថភាព ខ្ញុំស្វែងរកអស់ហើយ តែរកអត់បាន អ៊ីចឹងបើអ្នកណាអាចការពារ សង្គ្រោះយើងបាន យើងត្រូវតែរត់រកគាត់ ឱ្យគាត់សង្គ្រោះយើង អ៊ីចឹងអ្នកណាសង្គ្រោះយើង? គឺលោកឪ សក់ស ភ្នំត្បែង នេះជាគុណមួយដែលគាត់ស្រោចស្រង់ជីវិតខ្ញុំឡើងមកវិញ ដែលទ្រព្យសម្បត្តិរបស់ខ្ញុំ ខ្ញុំលក់បានឱ្យគាត់ទៀត ខ្ញុំនឹងឱ្យគាត់ទៀត ដោយសារគាត់ជួយជីវិតខ្ញុំ អ៊ីចឹងគឺខ្ញុំជួយគាត់ តបស្នងទៅគាត់វិញ ដោយគ្មានលក្ខខណ្ឌ តើខ្ញុំខុសដែរឬ គ្រាន់តែខ្ញុំចង់តបស្នង សងគុណមនុស្សដែលជួយ សង្គ្រោះជីវិតខ្ញុំ នៅពេលដែលខ្ញុំពិបាកនេះ? ឥឡូវខ្ញុំសួរថា នៅពេលដែលយើងដាក់ឡានពេទ្យ ទៅពេទ្យ សួរថាយើងចង់សង្គ្រោះខ្លួនយើងទេ នៅពេលយើងនៅលើឡានពេទ្យមួយ យើងត្រូវការពេទ្យសង្គ្រោះជីវិតយើង ទោះអស់លុយប៉ុន្មាន ក៏យើងត្រូវតែលក់ដែរ ម៉ូតូចាស់ កង់ចាស់ ផ្ទះក៏ត្រូវតែលក់ ដើម្បីជីវិតយើង។ ខ្ញុំក៏ដូចគ្នា ខ្ញុំត្រូវការការសង្គ្រោះ អ៊ីចឹងសួរថាយើងប្រឹងរកលុយមកធ្វើអី? យើងប្រឹងរកលុយ ដើម្បីជួយជីវិតយើង នៅពេលយើងពិបាក ពេលយើងចង់ដាច់ដង្ហើម សួរថាអ្នកណាអ្នកដឹង ក្រៅពីខ្លួនយើង? ហើយខ្ញុំក៏អត់ចង់ឱ្យបងប្អូនមកតាមខ្ញុំដែរ តែបើបងប្អូនដើរដល់ចំណុចមួយនេះ បងប្អូននឹងពិចារណាទៅថា បើសិនជាយើងជិតដាច់ខ្យល់ ដកដង្ហើមលែងចេញ តើយើងត្រូវទៅណា? ទៅណាក៏បានដែរ ឱ្យតែគេសង្គ្រោះយើង ពេលហ្នឹង លុយកាក់លែងសំខាន់ហើយ។ ខ្ញុំចង់ឱ្យបងប្អូនយល់ពីកន្លែងហ្នឹង ហើយសារព័ត៌មានខ្លះ កុំចេះតែចុះលម្អៀងពេក ខ្ញុំមិនដែលនិយាយទេ ព្រោះជារឿងអៀនខ្មាស ជារឿងអាម៉ាស់ ដែលគេមើលមកថា ជាស្រីរឹងមាំណាស់ តែនៅខាងក្នុង ពេលខ្លះចង់សម្លាប់ខ្លួនម្តងៗ ពេលខ្លះនិយាយទៅ ប្រាប់ម៉ែឪ បងប្អូន មិត្តភក្តិ គេអត់យល់ ប្តីក៏គេមិនយល់ និយាយទៅអ្នកណាគេឥឡូវនេះ? អ៊ីចឹងយើងត្រូវរកទៀត ត្រូវរកខ្លួនឯង ព្យាបាលខ្លួនឯង មានតែខ្លួនឯងទេដែលជាអ្នកដឹង អ្នកដែលដឹងថាយើងឆ្កួតមិនឆ្កួត ក៏មានតែខ្លួនឯង អ៊ីចឹងនៅផ្លូវណាដែលគេថាឆ្កួត តែយើងថាអត់ឆ្កួតទេ យើងចេះហើយ យើងជឿជាក់នៅក្នុងខ្លួនរបស់យើង យើងត្រូវតែទៅ សួរថាយើងទ្រាំនៅអត់ដង្ហើមនៅហ្នឹងទៀតមែន? អត់ទេ…”។

អ្នកនាង មាស សុខសោភា បានបន្តថា “ការទ្រាំរបស់ខ្ញុំ ជាង១០ឆ្នាំមកហើយ ខ្ញុំទ្រាំរហូត ដោយសារអី? ខ្មាស អត់ហ៊ាននិយាយទេ និយាយប្រាប់គេៗថាយើងហ្នឹងមនុស្សកាចដាក់គេខ្លាំងណាស់ ធ្វើម៉េចបើយើងហត់? យើងអ្នករកលុយខ្លួនឯង មួយជីវិតហើយ យើងច្រៀងចិញ្ចឹមគេរហូត គេចូលមកក្នុងជីវិតយើង អត់មានអីទេ តែទៅវិញគេបានគ្រប់យ៉ាងដែលគេចង់បាន យើងឱ្យ យើងរក្សាភាពស្ងប់ស្ងាត់ទាំងអស់គ្នា សន្យាហើយអស់ហើយ ហេតុអី? អ្នកមិនដោះលែងខ្ញុំទៅ អ្នកនៅចង់បានអីទៀត? រូបកាយ ព្រលឹង វិញ្ញាណរបស់ខ្ញុំ អ្នកយកទៅអស់ហើយ ឥឡូវខ្ញុំគ្រាន់តែសុំរូបកាយ វិញ្ញាណរបស់ខ្ញុំ ការពិតមកវិញ អាចេតសិករូប អាទង្វើអាក្រក់ៗរបស់ខ្ញុំ ទម្លាប់អាក្រក់ៗរបស់ខ្ញុំ ខ្ញុំអត់អាចដូចពីមុនទៀតទេ ដោយសារខ្ញុំចាស់ហើយ ខ្ញុំត្រូវការថែសំបកកាយធម្មជាតិរបស់ខ្ញុំដែរ ដោយការស្ងប់ស្ងាត់ ដោយការយកសមាធិ ជាគោល ខ្ញុំខ្លាចស្លាប់ ព្រោះខ្ញុំហត់ណាស់ តាំងពីតូច ខ្ញុំអត់ទាន់បានចាយលុយទេ ខ្ញុំរៀន ខ្ញុំធ្វើការ ក៏មិនបានខ្ពស់ដូចគេ នៅផ្ទះ ចិញ្ចឹមឪពុកម្តាយ ឪពុកឈឺទៀត តាំងពីតូចមក ទៅរៀនក៏មិនដែលបានទាន់គេដែរ ម្តាយលក់សម្ល លក់ម្ហូប ជាង១០មុខ កូនស្រីមានតែមួយ មិនដែលបានសប្បាយទេ មើលឪពុកឈឺ រហូតដល់ឪពុកស្លាប់ ម៉ាក់ក៏ថាអស់លុយហើយ ព្រោះប៉ាឈឺមើលអស់លុយហើយ ក៏មកភ្នំពេញ រកការងារធ្វើទៅ អាចនឹងដោះស្រាយជីវភាពមួយពេលៗ។ អ៊ីចឹងជីវិតរបស់ខ្ញុំវានឿយហត់ណាស់ ទម្រាំបានបាយ ៣ពេល ១ថ្ងៃ អ៊ីចឹងបានថា អ្នកទាំងអស់គ្នា អាចមើលឃើញពីភាពជោគជ័យរបស់ខ្ញុំ តែមួយផ្នែក តែអ្នកទាំងអស់គ្នា មិនអាចដឹងពីការអត់ធ្មត់តស៊ូ ប្រឹងប្រែងរបស់ខ្ញុំទេ គេមកចូលក្នុងរយៈពេលដែលខ្ញុំជោគជ័យហើយៗហ្នឹង គេបានអ្វីដែលជាមាស សុខសោភា ទៅហើយ ចុះកាលមាស សុខសោភា នៅរហេមរហាមម នៅក្រ នៅសុំគេច្រៀងតាមហាង ១យប់ ១ដុល្លារ ២ដុល្លារ គេចាប់ផងអីផង រត់ទៅ២នាក់បងប្អូន ទៅសុំគេ គេប្រមាថគ្រប់បែបយ៉ាង តើអ្នកនៅឯណា? អ្នកចូលមកក្នុងជីវិតរបស់ខ្ញុំ អ្នកទទួលផលផ្លែផ្កា លាភជ័យទៅហើយ គ្រាន់តែថែរក្សាក្មេងស្រីម្នាក់នេះដែលជាធនធាន ទេពកោសល្យមួយ អ្នកធ្វើមិនបានផងហ្នឹង រួចអ្នកចង់ដើរកាន់ដៃខ្ញុំដល់ណាទៀត? ឱ្យព្រះ របស់ខ្ញុំជាអ្នកដឹកដៃខ្ញុំទៅ ព្រោះអ្នកអស់សមត្ថភាពហើយ អ្នកណាក៏នៅជាមួយអ្នកមិនបានដែរ ម៉ាក់ខ្ញុំក៏អ្នកមិនចេះនៅជាមួយ មនុស្សចាស់ បងប្រុសខ្ញុំ ក៏អ្នកមិនឱ្យធ្វើការជាមួយ ប្អូនប្រុសខ្ញុំ សុទ្ធតែអ៊ីចេះ សុទ្ធតែអ៊ីចុះ អ្នកណាដែលអ្នកអាចនៅជាមួយបាន? ខ្ញុំតាមអ្នករហូត ខ្ញុំស្រលាញ់អ្នក រហូតដល់អ្នកលែងក្រែងចិត្តខ្ញុំហើយហ្នឹង។ ខ្ញុំឱ្យគ្រប់យ៉ាង លុយកាក់ អ្នកកាន់ទាំងអស់ពីមុន ខ្ញុំដែលចេះទៅស្គាល់លេខកុងធនាគារទេ? អត់ទេ អ្នកចូលមកក្នុងជីវិតខ្ញុំ ដើម្បីបង្រៀនខ្ញុំ ឬក៏ចង់បង្អាក់ការរៀនសូត្ររបស់ខ្ញុំ? អ្វីក៏អ្នកមិនដែលបង្រៀនខ្ញុំដែរ អ្នកបានតែបង្រៀនឱ្យខ្ញុំធ្វើតែអំពើអវិជ្ជាប៉ុណ្ណោះ អ្វីដែលខុសៗ សប្បាយបែបផ្លូវខុសៗ អ្នកបង្រៀនខ្ញុំរហូត ហ្នឹងហើយការសេពគប់មនុស្សខុស គឺបែបនេះ ដោយសារអី? យើងជឿលើភ្នែករបស់យើង យើងអត់ជឿលើបញ្ញារបស់យើងទេ ទើបយើងភ្លាត់រហូតដល់ជាង១០ឆ្នាំ ហើយមនុស្សជាច្រើនដែលតែងតែរកស្នេហាពិត មិនបាច់ទៅរកទេបងប្អូន លើលោកនេះ បើសិនជាយើងអត់យល់សភាវរូបអាថ៌កំបាំង ដែលផ្តើមចេញពីបញ្ញារបស់យើងទេ យើងមិនអាចជួបស្នេហ៍ ពិតបានទេ យើងនឹងភ្លាត់ដូចខ្ញុំអ៊ីចឹង។ ជាង១០ឆ្នាំ គេនៅតែថាគេត្រូវ គេល្អ ទាំងយើងជាអ្នករកស៊ីចិញ្ចឹមគេសោះ គេមកជួបមាស សុខសោភា ដែលមាស សុខសោភា ជាគ្រាប់ពេជ្រមួយទៅហើយ ល្បីអស់ហើយហ្នឹង គេមកចូលក្នុងជីវិតយើង គេត្រឹមតែបើកឡានជូនយើងទៅច្រៀងសោះ គេថាគេអ្នកជួយឱ្យយើងល្បី គេថាគេអ្នកប្រូម៉ូតក្រុមហ៊ុននេះ ក្រុមហ៊ុននោះ គ្រប់បែបយ៉ាង ហើយគេជាជនរងគ្រោះ រួចខ្ញុំអីគេវិញនេះ? ខ្ញុំជាអីគេ? ខ្ញុំអត់យល់ទេនេះ គេត្រូវរហូត ហើយអ្នកដែលតាមតែស្ករនោះទៅហើយ អាហ្នឹងហើយសម្តីមនុស្សដែលអវិជ្ជាគ្របដណ្តប់ គឺបានត្រឹមតែប្របរមាត់ទេ តែទៅមើលទង្វើទៅ រស់ដោយសារគេសោះ តែមិនដែលឱ្យតម្លៃយើងទេ យកយើងមកគ្រាន់តែជាអ្វីមួយដែលគេចង់ឱ្យគូសតាមផ្លូវរបស់គេទៅ គេឱ្យបញ្ចូលសំឡេង បញ្ចូលទៅ គេឱ្យទៅធ្វើការងារសង្គមនេះ ថតទៅៗ ធ្វើទៅ ដើម្បីប្រជាប្រិយភាព ក៏ថតទៅ ក៏មិនដឹងថាការងារហ្នឹងស្អីគេ ចេញពីដួងចិត្តយើងស្រលាញ់ឬអត់ក៏មិនដឹង ដោយសារអី? យើងតាមប្តី យើងគិតថាប្តីយើង ជាអ្នកល្អ ធ្វើទៅ ដល់ពេលយូរៗ យើងយល់ពី សភាវរូបអាថ៌កំបាំង យើងយល់ពីធម្មជាតិ ទើបយើងយល់ថា ចាស់ចិត្តចាស់គំនិត ទើបយើងប្រកែកថា អត់ទេ កន្លែងហ្នឹង អត់ត្រូវធ្វើអ៊ីចឹងទេ ការសម្តែងខ្លះវាខុស ការសម្តែងខ្លះត្រូវ តែការសម្តែងខ្លះវាខុស ប្រាសចាកធម្មជាតិរបស់យើង កុំធ្វើ ហើយក៏មិនខ្លាចអ្នកណាមិនគាំទ្រ មិនស្រលាញ់ អត់ទេ ខ្ញុំឈប់ហើយបងប្អូន។ អ៊ីចឹងខ្ញុំសូមនិយាយតាមត្រង់ថា ចាប់ពីពេលនេះតទៅ អ្វីដែលនាងខ្ញុំមិនពេញចិត្ត ខ្ញុំសុំមិនធ្វើ ខ្ញុំសុំមិននិយាយនូវពាក្យណាដែលអគុណធម៌ ព្រោះវាបាប យើងស្គាល់ពីបុណ្យបាបហើយ យើងខ្លាចបាប ព្រោះដោយសារអី? យើងប៊ិះស្លាប់ម្តងហើយ ដោយសារយើងអត់ស្គាល់បាប អត់ស្គាល់បុណ្យ អត់ស្គាល់អាក្រក់ល្អ ខ្មៅសហ្នឹងឯង ទើបយើងប៊ិះស្លាប់រស់ហ្នឹង អាហ្នឹងអ៊ីចឹង ដោយសារអី? យើងតាមគេ យើងអត់ដែលបានធ្វើអីដែលខ្លួនឯងធ្វើផងហ្នឹង យើងតាមប្តី យើងតាមគេរហូត តាមរហូតដល់បាត់បង់បងប្អូន ម្តាយ ក៏គេមិនឱ្យនៅជាមួយ បងក៏មិនឱ្យនៅជាមួយ ប្អូនក៏មិនត្រូវចិត្ត ដឹងអាណាបានគាត់ត្រូវចិត្ត? យកយើងទៅស្រុកក្រៅហើយ ឱ្យយើងច្រៀងចិញ្ចឹមគេទៀត ធានាយើងទៅមិនបាន ទៀត យើងធានាគេពីស្រុកក្រៅ មកនៅស្រុកយើង យើងចិញ្ចឹមគេ ឱ្យទៅរកការងារធ្វើក៏មិនទៅរក សួរថាធ្វើអី? ចាំជូនអូនឯងទៅច្រៀងវិញស្រួលជាង ហើយយើងក៏ឆ្ងល់ដែរថា យកប្តី ហីក៏យកបុគ្គលិកមកធ្វើការជាមួយទេនេះ? អ៊ីចឹងបានយើងយល់ថា មិនមែនជាស្នេហ៍ពិតទេ មិនមែនជាក្តីស្រលាញ់ទេ វាជាការដាក់ហ៊ុនស្នេហា នេះជាទំនាក់ទំនងមិនច្បាស់លាស់ គឺវាបែបហ្នឹង។ អ៊ីចឹងបានថា កុំស្រលាញ់មនុស្សតាមតែភ្នែកមើលខាងក្រៅ នេះត្រូវយកធម្មជាតិទាំង៧ហ្នឹង យកមកវិភាគ វិនិច្ឆ័យមនុស្សម្នាក់ៗ ទើបយើងដឹងថា មនុស្សហ្នឹងពិតឬមិនពិត? ផុសហាឡើងសុទ្ធតែថា លាហើយ លុយឡាន! ហើយលុយឡានហ្នឹង ណាគេអ្នករក? លុយខ្ញុំទាំងអស់ អ្នកឯងគ្មានបានអី១រៀល មកឱ្យខ្ញុំ ១ដុល្លារ ១ខែ មិនដែលទេ គឺលុយខ្ញុំអ្នករកទាំងអស់ ព្រោះខ្ញុំមិនដែលទៅស៊ីកម្លាំងញើសឈាមអ្នកណាទេ លុយឱ្យគេកាន់ទៀតពីមុន អត់ចេះកាន់លុយទៀត អត់ស្គាល់ធនាគារ អេធីអឹម ម៉េចអត់ចេះទាំងអស់ ល្ងង់សុទ្ធ ហ្នឹងហើយយើងស្រលាញ់គេ ឱ្យអស់ រហូតដល់គេលែងក្រែងចិត្តយើង គឺវាបែបនេះ ហើយដល់ពេលយើងយកតែចំណែកយើងសោះ យកមកធ្វើអ្វីដែលយើងចង់ធ្វើសោះ យកធ្វើបុណ្យ ធ្វើកុសលជាមួយអ្នកជួយសង្គ្រោះយើងសោះ គេថាយើងសតិអត់ល្អ ឡប់ ឆ្កួត រួចចុះអ្នកឯងជា អ្នកឯងរស់ពឹងលើខ្ញុំ ជាង១០ឆ្នាំនេះ បើអ្នកជា អ្នកទៅរកធ្វើការងារអីមកចិញ្ចឹមខ្ញុំមក ព្រោះអ្នកគិតថាអ្នកជានោះ ខ្ញុំសតិមិនល្អ ព្រលែងខ្ញុំទៅ ឱ្យខ្ញុំរស់តាមឧបនិស្ស័យខ្ញុំទៅ ហេតុអីអ្នកឯងបំផ្លាញខ្ញុំរហូត? បំផ្លាញខ្ញុំមធ្យមទេ បំផ្លាញអ្នកមានគុណរបស់ខ្ញុំទៀត ផ្លូវចិត្ត បងប្អូនខ្ញុំ ក្រុមគ្រួសារខ្ញុំ ឥឡូវលោកឪសក់ស ភ្នំត្បែង ទៀត ដែលគាត់ជាអ្នកត្រាស់ដឹងនូវរឿងសច្ចធម៌ អាថ៌កំបាំងលើលោកជាច្រើន អ្នកឯងចង់បំផ្លាញគេទៅទៀត។ ខ្ញុំសូមផ្តាំទៅថា បើសិនជាលោកឪសក់ស និងមាស សុខសុភា មានបញ្ហាអី ដោយយថាហេតុ មានការសម្លាប់ ឬឃាតកម្មណាមួយ គឺម្នាក់ហ្នឹងជាអ្នកធ្វើ ខ្ញុំសុំនិយាយអ៊ីចឹងហ្មង! ប្តឹងអ៊ីចឹងឱ្យហើយ បើសិនជាប៉ះពាល់ដល់អាយុជីវិតរបស់ខ្ញុំ សុវត្ថិភាពរបស់ខ្ញុំ គឺគ្មានអ្នកណាទេ គឺមានតែម្នាក់ហ្នឹង អតីតប្តីរបស់ខ្ញុំហ្នឹង ខ្ញុំចង់និយាយអ៊ីចឹង បងប្អូនជាសាក្សី ព្រោះគេប្រកាសហើយថា គេមិនលែងទេ គេមិនដោះលែងខ្ញុំទេ គេបំផ្លាញគោលដៅរបស់ខ្ញុំទាំងអស់ ក្នុងការធ្វើប្រាសាទ ធ្វើសាសនា ធ្វើនេះធ្វើនោះ។ បំផ្លាញៗទៅ ខ្ញុំអត់ខ្វល់ទេ ស្មានថាខ្ញុំចូលមកក្នុងសាសនាលោកឪ? ខ្ញុំអត់មានស្ថិតនៅក្រោមសាសនាណាទេ គឺខ្ញុំរៀនពីខ្លួនឯង រៀនពីធម្មជាតិខ្លួនឯង ខ្ញុំគ្រាន់ចង់និយាយពីអ្វីដែលជាការរៀនសូត្រទៅរកផ្លូវស្ងប់សុខហ្នឹងបែបណា ខ្ញុំអត់មាននៅក្រោមសាសនាណាទេ ហើយកុំមកចង់កម្ចាត់សាសនាខ្ញុំ ខ្ញុំមានសាសនាមកពីណា? ខ្ញុំកំពុងតែបង្រៀនអ្នកឯងឱ្យស្គាល់អ្វីនៅក្នុងខ្លួនរបស់អ្នកហ្នឹង តែប៉ុណ្ណឹងតើ! អត់មាននៅក្រោមសាសនាណាទេ សាសនាណាក៏សមាធិបាន មិនចូលសាសនា ក៏សមាធិបាន ជនជាតិណាក៏សមាធិបាន ទៅជាខឹងឯង ថាឯងជាមួយលោកឪហ្នឹង ចង់ធ្វើប្រាសាទ ធ្វើអីណា យកលុយគេ លោកឪហ្នឹង មានឡាន៥ ប្រពន្ធ៣ ក៏ច្រើនម៉េះ ឡាន៥ រកលុយឡាន ១មិនបានផង លោកឪហ្នុង រកលុយចាក់សាំងមិនបានផងហ្នឹង គាត់មិនហ៊ានយកលុយណាគេទេ គាត់ខ្លាចហ្នឹងឯង។ ធម្មតាទេ ដូចខ្ញុំអ៊ីចឹង ខ្ញុំច្រៀងពីរោះ បងប្អូនអញ្ជើញខ្ញុំទៅច្រៀង វាជាជំនឿដែលគាត់មានមកលើខ្ញុំ គាត់ហៅខ្ញុំទៅច្រៀងគាត់ជូនបច្ច័យខ្ញុំ ក្នុងកម្រៃណាមួយ លោកឪ ក៏ដូចគ្នា គាត់ជាអ្នកផ្សព្វផ្សាយនូវអ្វីដែលជាការយល់ដឹងរបស់គាត់ អ៊ីចឹងគាត់ត្រូវតែមានអ្នកគាំទ្ររបស់គាត់ ដូចខ្ញុំ ជាអ្នកគាំទ្រគាត់ ហើយគាត់នៅជួយសង្គ្រោះជីវិតខ្ញុំ ឱ្យរួចពីសេចក្តីស្លាប់ ខ្ញុំត្រូវតែដឹងគុណគាត់ ខ្ញុំខុសដែរ? អត់ខុសទេ អានេះមិនមែនជារឿងខុសទេ វាជារឿងដែលយើងជួយសង្គ្រោះខ្លួនឯង ជាការដឹងគុណទៅអ្នកដែលសង្គ្រោះយើង ហើយបំពេញតួនាទីជាស្វាមីហ្នឹង យល់ពាក្យស្វាមីហ្នឹងទេ? ខំធ្វើចម្រៀងឧត្តមស្វាមី ឱ្យទៀត ឱ្យគ្រប់បែបយ៉ាងហើយ ប្រមាថយើងរហូត ថាយើងអ៊ីចេះអ៊ីចុះ ថាធ្វើឱ្យអ្នកណា? ហើយធ្វើឱ្យអ្នកណា? នៅជាមួយគ្នា ១០ឆ្នាំជាងហើយ ធ្វើឱ្យអ្នកណា? ប្រមាថយើងរហូត ហើយខ្ញុំអត់ខឹងគាត់ទេ ខ្ញុំប្រាប់គាត់ហើយថា គាត់មិនមែនជាគាត់ទៀតទេ វាមានស្អីនៅក្នុងខ្លួនហើយ ឆាប់ទៅព្យាបាលភ្លាម គេថាយើងឆ្កួត គេថាយើងហ្នឹងមើលងាយគេ សតិមិនល្អ។ ខ្ញុំមានហេតុផលគ្រប់យ៉ាង អ្នកគ្មានទេហេតុផល ហេតុផលរបស់អ្នក គឺទើស ថាខ្ញុំហ្នឹងសតិអត់ល្អ កែច្រមុះ ថាលោកឪ ប្រពន្ធច្រើន ឡានច្រើន ទៅច្រណែនគេអ៊ីចេះវិញ ហើយមិនប្រឹងរកអីឱ្យដូចគេទៅ លើសពីគេទៅ តែមានអក្សរច្រណែន ខឹង ស្អប់ សង្ស័យ ប្រចណ្ឌ អន់ចិត្ត មនោសញ្ចេតនាផ្តេសផ្តាស អាហ្នឹងហើយជាឫសគល់នៃអវិជ្ជានោះ អាហ្នឹងហើយដែលគេឱ្យយើងរៀនពីរូបនាម ចេតសិក ស្អីគេ? បើយើងម្នាក់ៗមិនដែលបានរៀនពីអាហ្នឹងផងហ្នឹង ហើយយើងចង់ឱ្យប្តីយើងចេះណាស់ បងដើរផ្លូវនេះ ល្អណាស់ ខ្ញុំប្រឹងអូសទាញតាំងពី ៣ឆ្នាំមុន អត់! ព្រលែងយើងដូចគោដាច់កន្លុះ ទៅណាទៅៗ អត់ចង់ឱ្យយើងច្រៀងទៀត ដល់ថ្នាក់ហ្នឹង ដល់ងប់ងុលជាមួយគេហៅមេៗទៅនោះ អត់ឱ្យយើងច្រៀង អត់ឱ្យយើងជួបហ្វេនទៀត ហើយយើងទៅពឹងផ្អែកលើមនុស្សអ៊ីចឹងតទៅទៀត ឬក៏ដើរចេញ? ការដើរផ្លូវជាមួយគ្នា កាលណាយើងដើរត្រូវគ្នា យោគយល់គ្នា រៀនពីគ្នាទៅវិញទៅមក ថីបានប្រពន្ធយើងរាល់ថ្ងៃ ដើរទៅផ្លូវហ្នឹង? យើងត្រូវរៀនឈ្វេងយល់ពីគាត់ ក្រែងយើងជាស្វាមីគាត់? ធ្វើអ្វីដើម្បីប្រពន្ធសប្បាយចិត្ត? អត់ស្គាល់ពាក្យហ្នឹងទេឬ? ហើយខ្ញុំក៏អត់ដែលរកាំចិត្តដែរ ដោយសារអី ខ្ញុំអត់ដែលប្រាថ្នាចង់បែកទេ អ្វីៗគឺយើងដាក់ឈ្មោះទាំងអស់គ្រប់យ៉ាង ខ្ញុំចង់ឱ្យគាត់ល្អ ចាកផុតពីសេចក្តីទុក្ខ សោកទៅ ចង់រួមដំណើរជាមួយគ្នា តែគេមិនចង់រួមដំណើរជាមួយយើងផង គេគិតតែរកវិធីកម្ចាត់យើងរហូតហ្នឹង ទ្រាំដល់ណា? ទ្រាំយូរ កម្ចាត់ដល់បងប្អូន ដល់ម៉ែ ក៏មិននៅបាន បងប្រុស ក៏មិនឱ្យធ្វើការជាមួយ ប្អូនប្រុស ថាអ៊ីចេះអ៊ីចុះគ្នានោះ មិត្តភក្តិណាដែលនាំយើងដើរទៅផ្លូវប្រឆាំងជាមួយគាត់នោះ គេខុសរហូត គាត់ហ្នឹងត្រូវរហូត យូរៗទៅអស់មិត្តភក្តិហើយ នៅម្នាក់ឯង សំណាងហើយបានធម៌លោកឪ ស្តាប់ កុំអីឆ្កួតទៅបាត់ លែងមានអ្នកច្រៀងឱ្យស្តាប់បណ្តោយ! អ្នកមិនទាន់ដើរដល់ដូចខ្ញុំ ជឿទៅ ជឿមនុស្សអ៊ីចឹងទៅ តិចទៀតអ្នកដឹងហើយថា អ្នកណាឡប់ អ្នកណាឆ្កួត? បើជំនឿរបស់គាត់វិញ ឱ្យយើងហ្នឹងស្លៀកសពាក់ស ចូលរូប ទូងស្គរ ដាក់បាយសី ស្អីៗណានោះ ទៅគោរពភ្នំគូលែននោះ ឯងខ្មាសគេចង់ងាប់ ទៅសែនគ្រឿងចម្អាប នៅកន្លែងសក្ការបូជាអាទិទេពអីហ្នុង ហ្នឹងជំនឿគេត្រឹមត្រូវហើយហ្នឹង? ហើយទៅជឿគ្រូចងព្រលឹងព្រាយ ព្រលឹងខ្មោច តាមផ្លូវអី យកមកធ្វើបាបគេ អាហ្នឹងហើយគាត់ឱ្យខ្ញុំជឿទៅតាមគ្រូអ៊ីចឹង ហើយខ្ញុំម៉េចជឿ បើខ្ញុំដើរអស់ហើយហ្នឹង…”។

អ្នកនាង មាស សុខសោភា បានបញ្ជាក់បន្ថែមថា “មនុស្សយើង កាលអត់ទាន់ឈ្លោះគ្នា និយាយល្អណាស់ សុទ្ធតែកុំឱ្យគេដឹង បែកគ្នាកុំឱ្យគេដឹង ដល់ពេលគាត់នោះវិញ ឱ្យកាសែតចុះរឿងបែកគ្នាអីណាណី ដោយសារលោកឪសក់ស ភ្នំត្បែង អីណាឆ្កុយ ដូចស្តាប់ភាសាមនុស្សលែងបាន ហើយដល់អ៊ីចឹង អាណិតគាត់វិញ មិនដឹងធ្វើម៉េចឥឡូវ ប្រាប់អស់ហើយ ធ្វើអីធ្វើទៅ ឱ្យប្រយ័ត្នពីទង្វើខ្លួនឯង ព្រោះច្បាប់ធម្មជាតិនេះសច្ចៈណាស់ បើយើងឱបកម្តៅនៅក្នុងខ្លួនហើយ គឺយើងទៅទិសភ្លើងហើយ ដែលគ្រប់គ្រងដោយស្តេចបិសាចហ្នឹងហើយ ហើយសន្តានគេរៀនឱ្យដឹងទៀត មាន៤ប្រភេទ អ៊ីចឹងចូរប្រយ័ត្នទង្វើខ្លួនឯងរៀងរាល់ថ្ងៃ តើខ្លួនឯងហ្នឹងជាមនុស្សសន្តានបែបណា? ហើយបើដឹងសន្តានខ្លួនឯងហ្នឹង មានខឹង ញុះញង់គេ ឱ្យគេឈ្លោះគ្នា កាប់គ្នា បង្កជាឈាម អាហ្នឹងយើងស្ថិតក្នុងសន្តានមនុស្សតិរច្ឆានហើយ មិនបាច់ឆ្ងល់ទេ…”។

គួររំលឹកថា តារាចម្រៀង មាស សុខសោភា ធ្លាប់បានទម្លាយឱ្យដឹងថា នាងធ្លាប់កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អំឡុងផ្ទុះកូវីដ ហើយបើសិនជានាងមិនបានជួបលោកតាសក់ស ភ្នំត្បែង ទេ ម៉្លេះនាងក៏គ្មានជីវិតមកដល់បច្ចុប្បន្នដែរ។ នាងថា លោកតាសក់សភ្នំត្បែង គឺជាអ្នកជួយសង្គ្រោះ ជីវិតនាង ទើបនាងគោរព និងជឿ រហូតមក៕ ដារិទ្ធ

