ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះស៊ន ហុងឆេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២-ឈ្មោះវ៉ាន់ ចាន់ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ករណីក្លែងឯកសារសាធារណៈ (ត្រា បានចុះស្ថិតិ) នៅចំណុចនាយកដ្ឋានអត្តសញ្ញា ណកម្ម ស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះវ៉ាន់ ចាន់ទ្រា បានបើកម៉ូតូកង់បី ដឹកឈ្មោះសុខ ចាន់សុខគា ពីផ្សារអ៊ីអន២ មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម (ចំណុចកើតហេតុ) ខាងលើ ពេលនោះមន្ត្រីជំនាញពិនិត្យលើសៀវភៅស្នាក់នៅ ឃើញពុំមានបោះត្រា “បានចុះស្ថិតិ” ក៏ប្រាប់ឈ្មោះសុខ ចាន់សុខគា ថា ធ្វើពុំបានទេ ឯកសារខ្វះត្រា។ បន្ទាប់មក ឈ្មោះសុខ ចាន់ សុខគា បានដើរចេញមកវិញ ក៏បានជួបជនសង្ស័យឈ្មោះ ស៊ន ហុងឆេង និងឈ្មោះវ៉ាន់ ចាន់ទ្រា ប្រាប់ថា ធ្វើអត់បានទេ ប៉ុន្តែ ឈ្មោះស៊ន ហុងឆេង បានប្រាប់ថា ធ្វើឱ្យបាន យក១០ម៉ឺនរៀល រួចក៏យកសៀវភៅស្នាក់នៅ ទៅជួបបក្ខពួកម្នាក់ទៀត ឈ្មោះខ្មៅ ជាអ្នកបោះត្រា “បានចុះស្ថិតិ” លើសៀវភៅស្នាក់នៅ យកតែតម្លៃ ២ម៉ឺនរៀល។ បន្ទាប់ពីរួចរាល់ហើយ ឈ្មោះសុខ ចាន់សុខគា បានកាន់សៀវភៅស្នាក់នៅនោះ ទៅជួបមន្ត្រីជំនាញ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ។ ខណៈនោះ មន្ត្រីជំនាញសួរថា “ធ្វើនៅទីណា ឯកសារនេះលឿនម៉្លេះ?” ឈ្មោះសុខ ចាន់សុខគា និយាយប្រាប់រឿងហេតុខាងលើ រួចនាយកដ្ឋានអត្តសញ្ញាណកម្ម បានរាយការណ៍មកសមត្ថ កិច្ចខណ្ឌច្បារអំពៅ ចុះទៅឃាត់ខ្លួនឈ្មោះវ៉ាន់ ចាន់ទ្រា មកសាកសួរ។

រហូតមកដល់វេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយមន្ត្រីការិយាល័យសន្តិសុខផ្ទៃក្នុង និងខណ្ឌពោធិ៍សែនជ័យ ឈានដល់ការឃាត់ខ្លួនឈ្មោះស៊ន ហុងឆេង និងដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៦សន្លឹក បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យម្នាក់ ទៀត ឈ្មោះខ្មៅ ដែលធ្វើត្រាក្លែងក្លាយ បោះលើឯកសារ សៀវភៅស្នាក់នៅ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធី៕