ភ្នំពេញ ៖ ក្មេងប្រុស ចំនួន៤នាក់ បានរៃលុយគ្នាបានចំនួន ៥ពាន់រៀល ហៅម៉ូតូកង់បី ១គ្រឿងជិះទៅងូតទឹកស្រះ មួយកន្លែង ស្ថិតនៅចម្ងាយប្រមាណជាង ៣គីឡូម៉ែត្រ ពីភូមិ លុះពេលកំពុងលេងទឹកយ៉ាងសប្បាយ ស្រាប់តែក្មេងម្នាក់ ក្នុងចំណោម៤នាក់ បានលង់ទឹក បណ្តាលឱ្យស្លាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្រះទឹក ១កន្លែង មានជម្រៅប្រមាណជាង ៤ម៉ែត្រ ស្ថិតនៅជិតវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ក្មេងប្រុសដែលលង់ទឹកស្លាប់ មានឈ្មោះបុត្រ អាយុ១៣ឆ្នាំ មានលំនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពក្មេងៗដែលចុះងូតទឹកលេងជាមួយគ្នា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេបានរៃលុយគ្នា បានចំនួន ៥ពាន់រៀល រួចហៅម៉ូតូកង់បី ១គ្រឿង ជិះចេញពីបុរីសន្តិភាព២ ទៅកាន់ស្រះទឹកកើតហេតុខាងលើ បំណងទៅងូតទឹកលេង។ លុះពេលទៅដល់ បាននាំគ្នាចុះទៅងូតនិងហែលទឹកលេងនៅក្នុងស្រះនោះ។ មួយសន្ទុះក្រោយមក ស្រាប់តែក្មេងរងគ្រោះឈ្មោះបុត្រ បានហែលផុតដៃផុតជើង រួចក៏លង់ លិចទៅក្នុងទឹក បាត់តែម្តង។ ពេលនោះពួកគេមិនអាចជួយបានទេ ក៏បាននាំគ្នារត់ឡើងគោក ស្រែកឆោឡោហៅឱ្យអ្នកភូមិជួយ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

អ្នកភូមិ បាននិយាយថា នៅពេលបានឃើញក្មេងៗទាំងនោះរត់ត្រហេបត្រហប និងស្រែកឱ្យជួយយ៉ាងស្លន់ស្លោ ពួកគាត់បាននាំគ្នារត់ទៅកាន់ស្រះទឹកកើតហេតុ ហើយបាននាំគ្នាចុះជួយរាវរក ក្រោយមកបានប្រទះឃើញក្មេងរងគ្រោះ រួចបានស្រង់ឡើងគោក ក្នុងបំណងនាំទៅសង្គ្រោះ តែអកុសលក្មេងប្រុសរងគ្រោះបានស្លាប់បាត់ ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច និងផ្តល់ដំណឹងដល់ក្រុមគ្រួសារ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឪពុកម្តាយ និងសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះ បានមកដល់ទីទាំងកើតហេតុ និងដោយសារមិនទាន់អស់ចិត្ត ក៏នាំគ្នាលើកក្មេងប្រុសរងគ្រោះ លីរលាក់ទឹកចេញ និងដឹកទៅកាន់គ្លីនិកឯកជនមួយ នៅជិតនោះ ដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា ក្មេងរងគ្រោះស្លាប់បាត់ ហើយ តែពួកគាត់នៅតែមិនអស់ចិត្ត ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិទៀត ចុងក្រោយគឺទទួលបានចម្លើយដដែល គឺក្មេងប្រុសរងគ្រាះ បានផុតដង្ហើមបាត់ទៅហើយ។

សពក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕