សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានសួរយោបល់ស្ទូឌីយ៉ូភាពយន្តហូលលីវូដ (Hollywood Film Studio) ថាតើអ្នកពេញចិត្តនឹងផែនការកំណត់ពន្ធ ១០០% លើភាពយន្តបរទេសនាំចូលឬទេ? ដោយលោកត្រាំ ក៏បានសង្កត់ធ្ងន់ថា លោកចង់ជួយវិស័យភាពយន្តសហរដ្ឋអា មេរិក។

តាមប្រភព cnbc បានរាយការណ៍នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ថាលោកនឹងសួរទៅកាន់ស្ទូឌីយ៉ូភាពយន្តហូលីវូដ ថាតើពួកគេពេញចិត្តនឹងផែនការរបស់គាត់ ក្នុងការយកពន្ធនាំចូល ១០០% លើខ្សែភាពយន្តដែលផលិតពីបរទេសដែរឬទេ?
លោកត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មភាពយន្តទេ។ ខ្ញុំចង់ជួយឧស្សាហកម្មនេះ ។ ដូច្នេះយើងនឹងជួបជាមួយឧស្សាហកម្មភាពយន្ត។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា ពួកគេសប្បាយចិត្តនឹងរឿងនេះ ព្រោះយើងពិតជាចង់បង្កើតការងារ»។
ការអត្ថាធិប្បាយចុងក្រោយរបស់លោកត្រាំ កើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្ហោះនៅលើបណ្តាញទំនាក់ ទំនងសង្គម Truth Social ថាលោកនឹងផ្តល់អំណាចដល់ក្រសួងពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋ អាមេរិក ដើម្បីចាប់ផ្តើមដំណើរការប្រមូលពន្ធ ១០០% លើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស និងនាំចូលមកសហរដ្ឋអាមេរិក។

លោកត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបយកពន្ធ ដែលនឹងត្រូវអនុវត្តនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា អ្នកនាំពាក្យសេតវិមាន គូស្ហ ឌីសៃ (Kush Desai) បាននិយាយថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើង លើការយកពន្ធលើភាពយន្តបរទេសនោះទេ។ រដ្ឋាភិបាលកំពុងស្វែងរកជម្រើសទាំងអស់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ត្រាំ ដើម្បីការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់ប្រទេស ដែលនឹងធ្វើឱ្យហូលលីវូដ អស្ចារ្យម្តងទៀត៕