ភ្នំពេញ ៖ តារាចម្រៀងស្រីម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធដើម រួមនិងសាច់ញាតិ ១ក្រុម មានស្រីមានប្រុស ជិះបើករថយន្តទំនើប ១គ្រឿង ដេញកាក់ឱ្យឈប់ និងហៅចុះពីលើរថយន្ត តែតារាចម្រៀងស្រីនោះមិនព្រមចុះ បានបើករថយន្តរត់គេច ស្រាប់តែភាគីប្រពន្ធដើម បើករថយន្តតាមបំបុក បណ្តាលឱ្យខូចខាតរថយន្តយ៉ាងធ្ងន់ និងធ្វើឱ្យតារាស្រីរូបនោះភ័យ រត់ចូលផ្ទះប្រជាពលរដ្ឋក្បែរនោះ ឱ្យគេជួយ តែត្រូវស្ត្រីប្រពន្ធដើម និងសាច់ញាតិ ដែលមានបុរសម្នាក់ផងនោះ បានស្ទុះចូលទៅព្រួតវាយនារីរងគ្រោះ ដោយដំបង និងឡើងជង្គង់ផង ដល់ក្នុងផ្ទះ ដោយចោទប្រកាន់តារាចម្រៀងស្រីរូបនេះ ថាជាអតីតសង្សារប្តីរបស់ខ្លួន ហើយលួចទាក់ទងប្តីរបស់ខ្លួន ដោយហ៊ានទៅគោះទ្វារផ្ទះ ហៅប្តីខ្លួនទាំងយប់។ ប៉ុន្តែតារាស្រីរងគ្រោះ បានបដិសេធថា នាងមិនបានទាក់ទងប្តីគេទៀតទេ តែនាងទទួលស្គាល់ថា ពីមុន នាងពិតជាធ្លាប់ទាក់ទងបុរសប្តីគេនោះមែន តែក្រោយមកទើបដឹងថា បុរសនោះបានបោកប្រាស់នាង ទើបឈប់ទាក់ទងរហូតមក។

ករណីអំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនស្ត្រី ២នាក់ ក្នុងនោះមានម្នាក់ជាប្រពន្ធដើម យកមកសាកសួរ។ ចំណែកជនដៃដល់ម្នាក់ទៀត (ជាមនុស្សប្រុស) ដែលបើករថយន្តបំបុក និងចុះវាយទាតើធាក់ ឡើងជង្គង់ទៅលើតារាចម្រៀងស្រីរងគ្រោះខាង លើថែមទៀតនោះ បានរត់គេចខ្លួនបាត់។

នារីរងគ្រោះដែលត្រូវ ភាគីប្រពន្ធដើម បើករថយន្តដេញបំបុក និងចុះវាយដំយ៉ាងនោះ មានឈ្មោះចាប ចិន្តា អាយុ៤០ឆ្នាំ មុខរបរជាតារាចម្រៀង ស្នាក់នៅលេខ 12A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យ ២នាក់ (ភាគីប្រពន្ធដើម) ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់អាគុយ ស្នាក់នៅផ្ទះលេខ Q3 ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងទី២-ឈ្មោះអ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

តាមសម្តីនារីរងគ្រោះ ជាតារាចម្រៀង ឈ្មោះចាប ចិន្តា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលនាងកំពុងបើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2BF-8730 ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខ កម្ពុជា QLM-TRA9 បានបើកមកកាក់ពីមុខ រួចមានមនុស្សប្រុសស្រី ២នាក់ ចុះមកស្រែកបង្ខំឱ្យរូបនាងចុះពីលើរថយន្ត និងបានប្រើប្រាស់អំពើហិង្សា វ៉ៃបំផ្លាញរថយន្តរបស់នាងទៀតផង។

នារីរងគ្រោះ បន្តថា ពេលនោះ ដោយសារតែរូបនាងមានការភិតភ័យ និងមិនហ៊ានចុះពីរថយន្ត ក៏បានព្យាយាមបើករថយន្តគេច រហូតដល់ស្តុបសំណង់១២ ស្រាប់តែក្រុមមនុស្សប្រុសស្រីនោះ បានបើករថយន្តទំនើប ម៉ាក Ford Raptor ខាងលើ ដេញពីក្រោយ រួចបំបុករថយន្តរបស់នាង ពីក្រោយ ពេញទំហឹង ធ្វើឱ្យនាងភ័យ ក៏បានចេញពីរថយន្ត រួចរត់គេច តែត្រូវស្ត្រីប្រពន្ធដើម និងបងប្អូនប្រពន្ធដើម ព្រួតគ្នាវ៉ៃនាង ទាំងប្រុស ទាំងស្រីតែម្តង ស្របពេលមនុស្សមួយក្រុម កំពុងនាំគ្នាព្រួតវាយ នាងបានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ មួយកន្លែង នៅក្បែរនោះ ដើម្បីសុំឱ្យគេជួយ ក៏ត្រូវមនុស្សប្រុសស្រីនោះតាមចូលទៅវាយនាងដល់ក្នុងផ្ទះចាប់ហួយថែមទៀត ដោយស្រីវាយនឹងដំបង ប្រុសវាយនឹងដៃ អុកនឹងជង្គង់ បេលនោះបើប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ មិនជួយឃាត់ទេ ប្រាកដជារូបនាងនឹងត្រូវមនុស្សមួយក្រុមនោះ វ៉ៃដល់ស្លាប់មិនខាន។

តារាចម្រៀងស្រីរងគ្រោះ បានបដិសេធថា រូបនាងមិនបានទៅគោះទ្វារផ្ទះប្តីគេ និងទាក់ទងជាមួយប្តីគេទៀតទេ ព្រោះពីមុន រូបនាងក៏ត្រូវបុរសប្តីគេនោះ បោកប្រាស់នាងដែរ។

ដោយឡែកភាគីស្ត្រីជាប្រពន្ធដើម បានអះអាងថា តារាចម្រៀងស្រី ឈ្មោះចាប ចិន្តា នេះ តែងតែលួចទាក់ទងជាមួយប្តីរបស់គាត់ ទោះបីធ្លាប់បានធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នារួចហើយក្តី ។ លុះមកដល់ថ្ងៃកើតហេតុ តារាចម្រៀងស្រីម្នាក់នេះ បានមកគោះទ្វារផ្ទះ ហៅប្តីរបស់គាត់ទៀត ទើបធ្វើឱ្យគាត់ខឹង ក៏ហៅបងប្អូន នាំគ្នាព្រួត ដេញវ៉ៃស្រីមុខក្រាស់លួចប្តីគេនេះតែម្តង។

ជុំវិញករណីហិង្សាខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ថា កាលពីវេលាម៉ោងប្រហែល ១១និង៣០នាទីយប់ ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល ប្រើដៃ និងបើករថយន្តម៉ាក Ford Raptor ដេញបំបុកជនរងគ្រោះ ជាអតីសង្សាររបស់ប្តី បណ្តាលឱ្យជនរងគ្រោះ របួសជាច្រើន កន្លែង និងខូច ខាតរថយន្ត មុខក្រោយទាំងស្រុង)។

ជនសង្ស័យ ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ១-ឈ្មោះជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់អាគុយ ស្នាក់នៅលេខ Q3 ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ២-ឈ្មោះអ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះ ឈ្មោះចាប ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅលេខ 12A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សម្ភាររងការខូចខាត ៖ រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ស៊េរី២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក ១នាក់ ភេទប្រុស (គេចខ្លួនបាត់) បើករថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខ កម្ពុជា QLM-TRA9 បំបុកនៅពេលកើតហេតុ និងខូចខាតកង់បីប្រើអាគុយ របស់ប្រជាពលរដ្ឋ ចតមុខផ្ទះ ក្បែរកន្លែងកើតហេតុ ១គ្រឿង ទៀត (ខូចខាតផ្នែកខាងក្រោយទាំងស្រុង)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
