ខេត្តកណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកជណ្តើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់បំភ្លឺមុខរោងបុណ្យសព ១កន្លែង និងបន្តទៅប៉ះបង្គោលរោងបុណ្យសព ធ្វើឱ្យផ្លោងអ្នកបើកម៉ូតូ ចូលក្រោយរថយន្ត ១គ្រឿង ដែលចតទុកចោលក្នុង រោងបុណ្យ បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២៩នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ។

ជនរងគ្រោះ មានឈ្មោះសំបូ មុនីបញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ (រងរបួសធ្ងន់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LJ-7063 បើកបរដោយឈ្មោះសំបូ មុនីបញ្ញា ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយជណ្តើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់ បំភ្លឺមុខរោងបុណ្យសព ហើយបន្តទៅប៉ះបង្គោលរោងបុណ្យសព បណ្តាលឱ្យអ្នកបើកបរម៉ូតូ ផ្លោងចូលក្រោយរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8441 ដែលចតទុកចោលក្នុងរោងបុណ្យ បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ចំណែកវត្ថុតាងម៉ូតូខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន រង់ចាំដោះស្រាយនៅពេលក្រោយ៕

