Saturday, May 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម  ដើរហត់ពេក ដេកស្លា.../ប់លើកង់បី

  ដើរហត់ពេក ដេកស្លា…/ប់លើកង់បី

ភ្នំពេញ ៖ បុរសម្នាក់ បានដើរតាមផ្លូវគ្មានគោលដៅច្បាស់លាស់ លុះទំនងអស់កម្លាំងពេក ឃើញម៉ូតូកង់បី ១ គ្រឿង ចតចោល ក៏ឡើងទៅដេកលើកង់បីគេ លុះក្រោយមក ម្ចាស់កង់បី ត្រូវការចេញទៅដឹកម៉ូយ ដាស់បុរសនោះឱ្យក្រោក ទើបដឹងថា បុរសខាងលើ បានស្លាប់នៅលើកង់បីរបស់ខ្លួនទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចបេឡានផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

តាមប្រភពម្ចាស់កង់បីខាងលើ បានឱ្យដឹងថា មុនកើតហេតុ គាត់បានចតកង់បី ទុកក្រោមផ្ទះដូចសព្វមួយដង ហើយបានឡើងទៅសម្រាកនៅបន្ទប់ជួលបាត់ទៅ។ លុះចុះមកក្រោមផ្ទះវិញ បម្រុងចេញកង់បីទៅដឹកម៉ូយ ស្រាប់តែឃើញបុរសខាងលើបានដេកលើកង់បីរបស់គាត់។ ភ្លាមៗ គាត់បានដាស់មួយសន្ទុះធំ តែជនរងគ្រោះមិនព្រមភ្ញាក់សោះ ដោយកើតមានចិត្តសង្ស័យ គាត់ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យកាល់ម៉ែត ចុះពិនិត្យ រួចពេទ្យប្រាប់ថា បុរសខាងលើ បានស្លាប់បាត់ទៅហើយ ទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍តែម្តង។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ចំណុចកើតហេតុខាងលើ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនិងធ្វើកំណត់ហេតុ រួចបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យរថយន្តសាមុយ ដឹកទៅតម្កល់ទុកនៅវត្តទួលសង្កែ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES