ខេត្តរតនគិរី ៖ ផ្ទះរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយក្ខឡោម ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងបន្តឆាបឆេះផ្ទះថ្មរបស់កូន អស់៧០ភាគរយថែមទៀត ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។
ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលមានទំហំ ទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះង៉ាយ ការី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយក្ខឡោម មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកជាង ហឿង លោកនាយប៉ុស្តិ៍នគរបាលយក្ខឡោម បានបញ្ជាក់ប្រាប់ថា ផ្ទះដែលត្រូវភ្លើងឆេះខាងលើ ជាផ្ទះរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយក្ខឡោម ហើយភ្លើងបានរាលឆេះបន្តទៅដល់ផ្ទះថ្មកូនបង្កើតរបស់គាត់ទៀត ដែលមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ ខូចខាតអស់ប្រមាណ៧០ភាគរយ។
លោកនាយប៉ុស្តិ៍ បន្តថា ក្នុងហេតុការណ៍អគ្គិភ័យកំពុងឆាបឆេះភ្លាមៗ ក៏មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៣ គ្រឿង របស់ស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានចុះមកជួយអន្តរាគមន៍ ភ្លាមៗដែរ ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ដោយមិនបន្តឆាបឆេះទៅផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរៗនោះទៀតឡើយ។

ចំពោះសម្ភារៈ និងទ្រព្យសម្បត្តិដែលរងការខូចខាតក្នុងករណីអគ្គិភ័យខាងលើ រួមមាន គ្រឿងសង្ហារិម ឆេះអស់ទាំងស្រុង ម៉ូតូ ចំនួន ១គ្រឿង កង់ ចំនួន ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ចំនួន២គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ចំនួន៣គ្រឿង ខោអាវនិងចានឆ្នាំង៘ យ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕