Saturday, May 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតឧកញ៉ាឃាតករ ស្រី ស៊ីណា សាលាឧទ្ធរណ៍ តម្កល់ទោសដដែល

អតីតឧកញ៉ាឃាតករ ស្រី ស៊ីណា សាលាឧទ្ធរណ៍ តម្កល់ទោសដដែល

ភ្នំពេញ ៖ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្តឹងប្តឹងសារទុក្ខរបស់ជនជាប់ ចោទឈ្មោះស្រី ស៊ីណា (អតីតឧកញ៉ា) កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ រួចមក នៅព្រឹក ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកា សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល និងបដិសេធចោលនូវបណ្តឹងប្តឹងបញ្ចូលសំណុំរឿងតែមួយ។

ការប្រកាសសាលដីកានេះ មានការចូលរួមពីមេធាវី គា អ៊ាវ និងមេធាវី សុខ អួង សមាជិកក្រុមអន្តរាគមន៍ បានអមកូនក្តីរងគ្រោះ ចូលស្តាប់ការប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ភ្នំពេញ ពាក់ព័ន្ធនឹងករណីបាញ់ប្រ ហារ បង្កឡើងដោយជនជាប់ចោទ ស្រី ស៊ីណា ផងដែរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជន ជាប់ចោទឈ្មោះស្រី ស៊ីណា គឺ សំណុំរឿងទី១-ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត សំណុំរឿងទី២-ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និង សំណុំរឿងទី៣-ពីបទរំលោភលើលំនៅឋាន និងថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ បានសម្រេចប្រកាសសាលក្រម ៖

១-សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន២លានរៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១លានដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឈ្មោះយីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ១លានដុល្លារទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះជា អញ្ជលី ត្រូវជា ម្តាយជនរងគ្រោះឈ្មោះឡុង លីសុង ដែលបានស្លាប់។

២-សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៦ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន២លានរៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្ត ចំនួន៣០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាអ្នករងរបួស និងចំនួន២០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

៣-សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទា ទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។ ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ២៦ ផ្លូវលេខP-10 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

គួររំលឹកថា កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង បើកអាជីវកម្មថតរូបមង្គលការ ក្នុងបុរីប៉េងហួត បឹងស្នោ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តីរវាងអ្នកជិតខាង ដោយឧក្រិដ្ឋជនឈ្មោះស្រី ស៊ីណា (អតីតឧកញ៉ា) បានចូលទៅក្នុងលំនៅឋានជនរងគ្រោះ រួចធ្វើសកម្មភាពបាញ់ប្រហារលើមនុស្ស ចំនួន៤នាក់ (ស្លាប់២ របួស២) ក្នុងនោះរួមមាន ១-ឈ្មោះឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាម្ចាស់អាជីវកម្មថតរូបមង្គលការ និង Pre Weeding យីហោ Stellar Picture ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់)។ ទី២-ឈ្មោះយីន កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ ជាគូដណ្តឹង (ស្លាប់)។ ទី៣-ឈ្មោះសុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួសដៃ) និងទី៤-ឈ្មោះហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច បានរត់គេចខ្លួនបាត់ភ្លាម ដោយបានបើករថយន្ត ទំនើប ១គ្រឿង ម៉ាកសាំងយ៉ុង រិចតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-9923 រត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ខ្មាន់កាំភ្លើងជាឃាតករ ជាអតីតឧកញ៉ា ឈ្មោះស្រី ស៊ីណា បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានចូលទៅផ្ទះជនរងគ្រោះ ដើម្បីសាកសួរជនរងគ្រោះពីរឿងដែលអ្នកជួលផ្ទះរបស់ខ្លួន ដែលនៅជាប់ផ្ទះជនរងគ្រោះ បានប្រាប់ថា គេដាក់ស្នួហាលខោអាវ ខាងមុខផ្ទះ តែជនរងគ្រោះមិនឱ្យដាក់ លុះចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ ត្រូវបានជនរងគ្រោះឱ្យដោះស្បែកជើង និងដេញខ្លួនចេញពីផ្ទះ ដោយហៅសុទ្ធតែអ្ហែងៗ ទើបខ្លួនផ្ទុះ កំហឹង ក៏ដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕

RELATED ARTICLES