ខេត្តស្វាយរៀង ៖ រថយន្តសណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខវៀតណាម ១គ្រឿង បានចូលមកដឹកទំនិញពីកម្ពុជា ចេញទៅប្រទេសវៀតណាម លុះពេលកំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែទូកុងតឺន័រ បានធ្លាក់ពីលើកន្ទុយរ៉ឺម៉ក មកលើទ្រូងផ្លូវ ខណៈមនុស្សម្នាកំពុងធ្វើដំណើរតាមដងផ្លូវ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកដំណើរណាម្នាក់ទេ គ្រាន់តែធ្វើឱ្យគ្រប់គ្នាភ័យព្រលឹងចុងសក់ប៉ុណ្ណោះ។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៣១៤ ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កហេតុខាងលើ គឺជារថយន្តរបស់ជនជាតិវៀតណាម ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ 51R-006.66 (ស្លាកលេខវៀតណាម) បើកបរដោយជនជាតិវៀត ណាម ឆ្លងដែនមកដឹកទំនិញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ដោយមិនមានការប្រុងប្រយត្ន័ដាក់ទូកុងតឺន័រលើរ៉ឺម៉ក មិនចាប់ខ្ចៅប៊ូឡុង ទើបបណ្តាលឱ្យធ្លាក់ពីលើរ៉ឺម៉ក មកលើថ្នល់បែបនេះ សំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

មហាជនសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តារឹតបន្តឹងច្បាប់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងរថយន្តសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ ដាក់ទំនិញលើសទម្ងន់ ហើយបើកបរល្មើសច្បាប់ចរាចរណ៍ បើកបរគ្មានក្រមសីលធម៌ និងសុជីវធម៌ ជាពិសេសអ្នកបើកបរជនបរទេស បង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ជាញឹកញាប់៕
