Saturday, May 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលោកធំរត់កង់បី ប្រើអាយកូម៧ ប៉ូលិសហៅចូលបុស្តិ៍

លោកធំរត់កង់បី ប្រើអាយកូម៧ ប៉ូលិសហៅចូលបុស្តិ៍

ខេត្តកណ្តាល ៖ បុរសមាឌធំម្នាក់ មិនដឹងជាមានតួនាទីឬភារកិច្ចអ្វីក្នុងជួរកងកម្លាំង បែរជាប្រើប្រាស់វិទ្យុទាក់ទង (អាយកូម អាយឌី) ដល់ទៅ៧គ្រឿង  និងថែមទាំងសៀតស្រោមកាំភ្លើង និងមានខ្នោះដៃទៀតផង លុះប្រជា ពលរដ្ឋប្រទះឃើញ ថតបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ និងឈានដល់ការកោះហៅឱ្យចូលខ្លួនមកបំភ្លឺ ទើបដឹងថា បុរសរូបនេះ គឺជាអ្នករត់ម៉ូតូកង់បី តែដោយស្រលាញ់របស់របរទាំង នោះ ទើបទិញយមកប្រើប្រាស់។

តាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងកាលពីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ថា បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ ចាន់ ប៊ុនរិទ្ធ បង្ហោះវីដេអូ អមដោយខ្លឹមសារថា “ស្អីឱ្យពិតប្រាកដ តួនាទីស្អីឱ្យពិតប្រាកដ ប្រជាការពារ អ្នកកាសែត បងប៉ូលិស បងជាអាវុធហត្ថ បងជាប្រធានសមាគម? សូមបងប្អូនជួយប្រាប់ផង មានទាំងខ្នោះដៃ មិនដឹងថាគាត់មានតួនាទីអ្វីទេ ស្លៀកពាក់មិនសមរម្យ តែមានប្រើខ្នោះដៃ ID icom វិទ្យុទាក់ទង មានស្រោមកាំភ្លើងទៀត ដូចមិនគួរឱ្យមាន។ ជួបក្រោយវិទ្យាល័យហ៊ុនសែន តាខ្មៅ កង់បីគាត់ខូច” រួចមក  និងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យផែននគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ចុះពិនិត្យនិងស្រាវជ្រាវរកបុគ្គលខាងលើ។

ជាលទ្ធផល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានកំណត់និងស្គាល់ទីតាំងបន្ទប់ជួលបុគ្គលខាងលើ ហើយបានអញ្ជើញគាត់ និងគ្រួសារគាត់មកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ឋករណីប្រើប្រាស់អាយឌី និងអាយកូម។

តាមការបញ្ជាក់របស់ស្រ្តីឈ្មោះលឹម សុខឃៀង ដែលត្រូវជាប្រពន្ធរបស់បុគ្គលខាងលើ បានឱ្យដឹងថា ប្តីរបស់គាត់ មានឈ្មោះនី សាលី អាយុ៤៥ឆ្នាំ មុខរបររត់កង់បី មានកូនចំនួន២នាក់ (ប្រុស១ ស្រី១) រស់នៅបន្ទប់ជួល ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ដោយសារតែការស្រឡាញ់របស់របរដូចកងកម្លាំង មាន អាយកូម អាយឌី ខ្នោះដៃ ជាដើម៘ ទើបពេលគាត់បានថវិកាពីកូនៗជូន ខែបុណ្យទាន ក៏យកទៅទិញរបស់របរទាំងនោះយកមកប្រើប្រាស់ ដូចបានឃើញនោះ ដោយមិនដឹងថាខុសទៅនឹងច្បាប់ ឬប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចនោះទេ។

ស្ត្រីជាប្រពន្ធ បន្តថា ប្តីរបស់គាត់ ធ្លាប់ត្រូវរបួសក្បាលធ្ងន់ កាលពី១០ឆ្នាំមុន ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់មានសតិមិនល្អដូចគេនោះទេ ការនិយាយស្តីក៏មិនសូវបានល្អដែរ (និយាយមិនសូវដឹងអី) ហេតុនេះសូម សមត្ថកិច្ចយោគយល់ផង។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោក នី សាលី បានមកបំភ្លឺបន្ថែមដល់សមត្ថកិច្ចផ្នែកជំនាញ នៅអធិ ការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយបានទទួលស្គាល់កំហុសឆ្គងកន្លងមក។

ចំពោះចំណាត់ការ សមត្ថកិច្ចបានយកវិទ្យុទាក់ទងទាំងអស់នោះ មកត្រួតពិនិត្យ បានឱ្យដឹងថា វិទ្យុទាក់ទងទាំងនោះ ពុំមានភ្ជាប់ជាមួយកាណាល់របស់សមត្ថកិច្ចនោះទេ។ ចំណែកអាយកូមខ្លះបើកទៅឮសំឡេង ខ្លះមិនដំណើរការ (ខូច)។

ករណីនេះ សមត្ថកិច្ចបានតម្រូវឱ្យបុរសខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់នូវការប្រើប្រាស់រាល់សម្ភារផ្សេងៗដែលទាក់ទងនឹងកងកម្លាំង៕

RELATED ARTICLES