ប្រទេសថៃ ៖ អគ្គិភ័យបានលេបត្របាក់តូបលក់ខោអាវទាហាន របស់អាជីវករខ្មែរអស់ ១តូប និងធ្វើឱ្យតូបនៅជុំវិញភ័យស្លន់ស្លោ នាំគ្នាជញ្ជូនខោអាវចេញក្រៅ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅផ្សាររោងក្លឿ ស្ថិតក្នុងភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

នៅពេលពេលមានហេតុការណ៍នេះ តូបអាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ គេឃើញវត្តមានលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ ចូលរួមសហការជាមួយកម្លាំងថៃ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះផងដែរ។

អាជីវករ បានប្រាប់ថា ភ្លើងបានឆេះតូបលក់ខោអាវអាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ ចំណុចផ្សារ (អ.ប.ច អគារ ខ.ខ្វាយ៤) នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យប្រមាណជិត ១០គ្រឿង និងកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ ខណៈពេលបាញ់ទឹកពន្លត់បណ្តើរ អាជីវករ ដែលលក់ដូរនៅតូបក្បែរគ្នា បានជញ្ជូនខោអាវចេញពីតូប ការពារខ្លាចឆេះរាលដាល ។

អាជីវករ បញ្ជាក់ថា តូបអាជីវករខ្មែរ ដែលឆេះអស់ ១តូប លក់សម្លៀកកបំពាក់ខោអាវយោធាថ្មី ជាឯកសណ្ឋានកងទ័ពខ្មែរ បានរងការខូចខាតអស់ស្ទើរទាំងស្រុង។ អគ្គិភ័យនេះ ត្រូវបានគេរកឃើញថា បង្កដោយការឆ្លងចរន្តអគ្គិសនី ឆេះផ្នែកខាងលើឡៅតឿ ហើយបានរាលដាលមកក្រោម តែត្រូវជួយអន្តរាគមន៍ពន្លត់បានទាន់ពេល មិនរាលដាលបន្ត ប៉ុន្តែទំហំនៃការខូចខាតមិនទាន់បានដឹងនៅឡើយទេ។

អាជីវករខ្មែរ បានបញ្ជាក់ថា ចំណុចដែលអគ្គិភ័យឆេះតូបអាជីវករខ្មែរនេះ បានជួលតូបលក់ដូរ១តូប ១ខែ តម្លៃជាង ១ម៉ឺនបាត ដែលបច្ចុប្បន្ននេះ មានតែអ្នកលក់ មិនសូវមានអ្នកទិញទេ ។ កន្លងមក ផ្សាររោងក្លឿ តែងត្រូវបានអគ្គិភ័យឆេះជារឿយៗ ភាគច្រើនឆេះពេលយប់ នៅពេលអាជីវករមិននៅ ដោយពួកគាត់លក់ដូរតែពេលថ្ងៃ លុះពេលយប់ ចូលមកកាន់ក្រុងប៉ោយប៉ែត វិញ៕

