ខេត្តព្រះសីហនុ ៖ រថយន្តដឹកទំនិញធុនធំ ១គ្រឿង បើកបរឆ្លងកាត់ផ្លូវដែក ១កន្លែង ដែលពុំមានអ្នកយាម និងគ្មានបារ៉ាស់ ឬភ្លើងសញ្ញាសម្រាប់ផ្តល់ដំណឹង ស្រាប់តែរំពេចនោះ មានរថភ្លើង ១ខ្សែ បើកមកដល់ បុកចំពីចំហៀងរថយន្តពេញទំហឹង បណ្តាលឱ្យរថយន្តប៉ើងធ្លាក់ផ្លូវក្រឡាប់ ចំណែកអ្នកបើកបររថយន្ត រងរបួសស្រាល រីឯរថភ្លើង បានបន្តដំណើរទៅមុខបាត់។

ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្តដឹកទំនិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លើដងផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។

ជនរងគ្រោះដែលរងរបួស មានឈ្មោះធីម ខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ មានលំនៅ ភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងបង្កដោយរថភ្លើង ១ខ្សែ ពណ៌លឿងលាយខៀវ ពាក់លេខសម្គាល់ ៦៦៤០ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។ លុះមកដល់ ចំណុចខាងលើ ស្ថានភាពផ្លូវងងឹត ចំណែករថភ្លើងមិន មានអ្នកយាម ចាំបិទបើកបារ៉ាស់ ឬភ្លើងសញ្ញាគ្រោះថ្នាក់ និងមិនបានផ្តល់សញ្ញាស៊ីផ្លេអ្វីសោះឡើយ រួចបានជ្រុលបុករថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3F-9186 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 4A-5758 បើកបរដោយឈ្មោះធីម ខ្មៅ ទិសដៅពីស្រុកព្រៃនប់ ឆ្ពោះទៅខេត្តកំពត ចំពីចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឱ្យរថយន្តប៉ើងធ្លាក់ផ្លូវ ខូចខាតធ្ងន់ រីឯអ្នកបើកបររថយន្ត រងរបួសស្រាល។ ចំណែករថភ្លើង បានបន្តដំណើរទៅរាជធានីភ្នំពេញ បាត់។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកបើកបររថយន្ត ត្រូវបានសាច់ញាតិយកទៅព្យាបាលដោយខ្លួនឯង។ រីឯវត្ថុតាង (រថយន្ត) ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយនៅពេលក្រោយ៕