Thursday, May 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដូវវស្សាខាងមុខ មានភ្លៀងខ្យល់កន្ត្រាក់ច្រើន

រដូវវស្សាខាងមុខ មានភ្លៀងខ្យល់កន្ត្រាក់ច្រើន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ណែនាំស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាស ធាតុ ដែលអាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ កើតឡើងច្រើន ក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាននិងព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក បានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ២០២៥ ដូចជា ៖

១- បាតុភូតសកល ៖ យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០ភាគរយ ហើយបាតុភូតអែនសូ (ENSO-Neutral) ឡើងដល់ ៨០ភាគរយ។

២- រដូវវស្សា ៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៣៦អង្សាសេ ទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤ ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបន្តថា ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង នៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង មានពីមធ្យម ទៅច្រើន ហើយ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន។ ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ ។

បរិមាណទឹកភ្លៀង នៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ចុងរដូវវស្សា សីតុណ្ហ ភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ។

ជាសរុបរដូវស្សាឆ្នាំ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៣៦អង្សាសេ ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀង ធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន ។

យោងលើការព្យាករអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាស ធាតុ ដែលអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន៕

RELATED ARTICLES