Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានដេកសុខៗ ផ្ទុះ.../ឆេះហ្មត់

ចតឡានដេកសុខៗ ផ្ទុះ…/ឆេះហ្មត់

ខេត្តកណ្តាល ៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ត្រូវបានអ្នកបើកបរអែបចត សម្រាកសុខៗ ស្រាប់តែផ្ទុះឆេះក្បាលរថយន្តយ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៩-៣០ ស្ថិតនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គ ស្នួល។

តាមប្រភពសមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីអគ្គិភ័យឆាបឆេះក្បាលរថយន្តសណ្តោងរ៉ឺម៉ក មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉កដឹកទូកុងទីន័រ ពាក់ស្លាកលេខ ភ្នំពេញ 3E-1562 បើកបរដោយឈ្មោះយ៉ែម ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិក្រាំងស្លែង ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍ដំណាក់អម្ពិល សហកាជាមួយកម្លាំងអន្តរាគមន៍របស់អធិ កាដ្ឋាន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ សរុប១៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន បានបាញ់ពន្លត់អស់ទឹក ១ឡាន ធ្វើឱ្យភ្លើងរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

ករណីខាងលើនេះ តាមការបញ្ជាក់ពីតៃកុងរថយន្ត បានប្រាប់សមត្ថកិច្ចថា រថយន្តបានឈប់ចត ដើម្បីសម្រាកតាំងពីម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លុះដល់ម៉ោងកើតហេតុខាងលើ បានឮសំឡេងផ្ទុះពីក្រោយរថយន្ត ហើយក៏មានភ្លើងឆាបឆេះ ដោយឆ្លងចរន្តអគ្គិសនី (ឆេះហ៊្វុយស៊ីប) ហើយបានរាលដាលឆេះកាប៊ីនរថយន្តតែម្តង តែសំណាងក្នុងករណីនេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ៕

RELATED ARTICLES