ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងថាមានបញ្ហាអ្វី ឬខាងម៉ូតូបញ្ឆេះមិនឆេះ ស្រាប់តែដុតម៉ូតូម៉ាកហុងដា ស្កុបពី ១គ្រឿង ចោលក្រោមស្ពានព្រះមុនីវង្សចាស់ រួចបានដើរចេញទៅបាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែយកម៉ូតូហុងដា ស្កុបពី ១គ្រឿងបណ្តើរចុះមកក្រោមស្ពានព្រះមុនីវង្សចាស់ ហើយវាយកម្ទេចម៉ូតូ រួចបានដុតចោល ធ្វើឱ្យឆេះសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ។ បន្ទាប់ពីដុតម៉ូតូចោលហើយ បុរសនោះបានដើរចេញទៅបាត់តែម្តង។

ពាក់ព័ន្ធករណីខាងលើនេះ ពុំឃើញមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញណាចុះទៅពិនិត្យនិងសួរនាំអ្វីនោះទេ ហើយក៏មិនដឹងថា ម៉ូតូខាងលើ មានជាប់ពាក់ព័ន្ធធ្វើសកម្មភាពអ្វី ឬប្រព្រឹត្តបទល្មើសអ្វីនោះទេ ទើបបានជាយកមកដុតចោលបែបនេះ។ ប៉ុន្តែអ្នកខ្លះសង្ស័យបុរសនោះខឹងម៉ូតូបញ្ឆេះមិនឆេះ ក្តៅចិត្តពេក ក៏ដុតចោលតែម្តង។

ក្រោយកើតហេតុ នៅសល់តែគ្រោងឆ្អឹងដែក ហើយមិនឃើញជំនាញពាក់ព័ន្ធណាចុះទៅយកគ្រោងឆ្អឹងម៉ូតូ និងម៉ាស៊ីន ត្រូវបានក្រុមអេតចាយនៅម្តុំនោះ នាំគ្នីគ្នាសែងយកទៅបាត់៕

