Thursday, May 1, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្រ្ដី បញ្ជាកុំបន្ធូរដៃ បង្ក្រាប ដាក់ទោសក្មេងទំនើង

នាយករដ្ឋមន្រ្ដី បញ្ជាកុំបន្ធូរដៃ បង្ក្រាប ដាក់ទោសក្មេងទំនើង

ភ្នំពេញ ៖ ក្រោយពីបានឃើញករណីក្មេងទំនើង កាន់ដាវ កាំបិត ដេញកាប់ចាក់គ្នាតាមដងផ្លូវ និងបង្ហោះតាមបណ្ដាញសង្គម កំពុងផ្ទុះកក្រើកឡើងវិញ ក្លាយជាក្ដីបារម្ភរបស់ឪពុកម្ដាយនិងបង្កអសន្តិសុខសម្រាប់ប្រជាពលរដ្ឋទូទៅ សម្ដេចហ៊ុន ម់ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តការបង្ក្រាបឲ្យកាន់តែខ្លាំង កុំបន្ធូរដៃ ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងយុត្ថិធម៌ ពិនិត្យលើច្បាប់សម្រាប់ដាក់ទោសក្មេងទំនើងដេលបង្កហិង្សា កាប់ចាក់គ្នា បណ្តាលឲ្យស្លាប់និងរបួស បើការដាក់ទោសទណ្ឌនៅស្រាលពេក គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីក្មេងទំនើងនេះ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងដាក់បទបញ្ជាខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ករណីក្មេងទំនើងនេះ បើតាមរបាយការណ៍ឥឡូវ ក្រាបមួយរយៈ ហាក់ដូចជាងើប ប៉ុន្តែបើតាមទិន្នន័យនេះ ជាង៣ពាន់នាក់ នៅជាប់គុកនៅឡើយ ៣ពាន់ ជាប់គុក កាត់២ពាន់ ជិត៧រយសំណុំរឿង ហើយដោយសារមិនមានការបញ្ចេញព័ត៌មានពេលដែលចាប់ យើងមានការផ្សព្វផ្សាយមួយចំនួន ដល់ហើយ ស្ងាត់ទៅវិញ ។ អ៊ីចឹងបងប្អូនភាគច្រើន គិតថា លែងអស់ហើយ អ៊ីចឹងបានខ្ញុំសួរ ឥឡូវជូនដំណឹងទៅមហាជននៅទីណា? អ៊ីចឹងជិត ៧រយករណីសំណុំរឿង ។ ឃើញផ្សព្វផ្សាយតាមខេត្ត តាមស្នងការរាជធានី-ខេត្ត ខ្ញុំសូម ទី១ ថ្លែងអំណរគុណ កោតសរសើរចំពោះកម្លាំងសមត្ថកិច្ចរបស់យើង ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត សូមយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ដូចវែកចក ប៉ុន្តែចកនេះ វែកហើយ កុំទុកនៅក្នុងបឹង យកចេញមកដាក់ម្តុំ នៅសល់ប៉ុន្មានទៀត វែកបន្តៗ យូរទៅគង់តែអស់ទេ តែកុំបន្ទូរដៃ…»។

សម្តេចហ៊ុន ម៉ាណែត បន្តថា​ «ទស្សនៈរវាងពីរនាក់ មួយថា ត្រូវដាក់ឲ្យខ្លាំង មួយទៀតថា កុំដាក់ខ្លាំងពេក អាណិតអនាគតក្មេង ។ គេសួរ អ្នកកាសែតសួរថា ចុះបើដាក់ខ្លាំងពេក មិនខូចអនាគត? នេះទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេណា តែយើងមិនដាក់ខ្លាំងហ្នឹងហើយ បានវាខូចអនាគតនោះ! ដល់យើងដាក់ខ្លាំង ព្រោះក្មេងមួយហ្នឹង បើត្រឹមហៅមកអប់រំរដ្ឋបាល ចេញទៅវិញ កាប់គេដដែល ហើយអ្នកផ្សេងទៀត អត់ខ្លាចទៀត ។ អ៊ីចឹងការអនុវត្តរឹង ២ពាន់នាក់នេះនៅបន្ត ហើយបញ្ជូនសារទៅឲ្យអ្នកផ្សេងទៀត គឺត្រូវខិតខំចៀសវាងអារឿងបែបនេះ ។ ឥឡូវខ្ញុំឲ្យក្រសួងយុត្តិធម៌ ពិនិត្យមើលច្បាប់ កុំចាំតែកាប់គ្នាហើយ បានប្រមូល អាដាក់ដាវសាមួរ៉ៃតាមម៉ូតូហ្នឹង ខ្ញុំមើលច្បាប់ ថ្ងៃមុន ដូចឲ្យ ៣ឆ្នាំ ព្រោះវាអត់មានត្រូវការដាក់ដាវសាមួរ៉ៃ សម្រាប់ឆ្ការព្រៃ នៅក្រុងភ្នំពេញទេ ។ បើគាត់នៅខេត្ត ជិះពីខេត្ត ទៅចម្ការរបស់គាត់ គាត់ដាក់ផ្គាក់ដាក់អី គាត់មើលអាហ្នឹង ហើយចាស់ៗមាន ប៉ុន្តែបើដាក់ដាវសាមួរ៉ៃ តាមម៉ូតូ ជិះទៅរៀនហើយ គ្មានយកទៅឆ្ការព្រៃក្នុងសាលាទេ គ្មានសាលាណាមានព្រៃទៀតទេ ។ អ៊ីចឹងតើយើងចាំគាត់ដកដាវកាប់គេទេ ឬមួយក៏បង្ការឲ្យហើយ? អាហ្នឹងស្មើនឹងកាន់អាវុធខុសច្បាប់ ដើរតាមផ្លូវ ដាក់! ទី២ អ្នកអួតតាមហ្វេសប៊ុក ព្រឹកនេះ ឲ្យយកមួយនៅខេត្តស្វាយរៀង ហើយអត់មានយកមកត្រឹមតែអប់រំរដ្ឋបាល ហើយលែងទៅវិញទេ ខ្ញុំឲ្យមើលច្បាប់ ឲ្យមែនទែន ទាញដាវមកអួត កន្លែងខ្លះ បបួលគ្នាកាប់ៗគេ តើអាហ្នឹងស្មើនឹងគំរាមប្រមាថជីវិតទេ?  អ៊ីចឹងឲ្យពិនិត្យមើលច្បាប់ ហើយបើច្បាប់នៅស្រាលពេក សូមឲ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះ ឲ្យកាន់តែខ្លាំងតែម្ដង ។ ទាល់តែដាក់គាត់ខ្លាំង យើងត្រឹមតែអប់រំគាត់ យើងអាណិតគាត់ម្នាក់ឯង ប៉ុន្តែយើងមិនបានអាណិតឪពុកម្ដាយគាត់ ដែលកូនមិនរៀន កូនចេញទៅកាន់តែអឿលើសដើម ថាធ្វើទៅ យ៉ាងច្រើនគេហៅទៅណែនាំ យើងធ្វើជាសំពះសុំទោស ដាក់កិច្ចសន្យា ចេញមករួចចប់! ចេញទៅជ្រុលថ្ងៃណាមួយស្លាប់បាត់ ដាច់ដៃ ដាច់ជើង ។ ថ្ងៃមុន នៅខេត្តតាកែវ សាហាវ អត់ឲ្យរួច ។ អ៊ីចឹងឲ្យមើលអ្នកដែលអួត ពូកែអួតតាមហ្វេសប៊ុក អាដាវសាមួរ៉ៃ អីហ្នឹងណា ខំបញ្ចេញមកក្មួយអើយ ស្រួល! ព្រោះតាមហ្វេសប៊ុក គេស្រាវជ្រាវទៅណា រត់មិនរួចទេ ។ ខ្ញុំថាល្អ ក្មួយអើយ! កុំអួតគ្នារឿងអ៊ីចឹង អាណិតឪពុកម្ដាយ តែបើយើងអនុវត្តច្បាប់តឹងរ៉ឹង យើងបង្ការ យើងជួយទាំងក្មួយហ្នឹង យើងជួយទាំងឪពុកម្ដាយ ជួយទាំងប្រជាពលរដ្ឋ ជិះទៅណា ខ្ញុំមើលខម្មិន អ្នកខ្លះថា ជិះឥឡូវខ្លាចតែវាកាប់គ្នា ត្រូវខ្ញុំដែរ“ ។

ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំកូន និងសិស្ស ឱ្យពួកគេក្លាយជាក្មេងល្អ។ ទន្ទឹមនេះ សម្តេច ក៏បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថ ពង្រឹងការអនុវត្តទៅលើមុខសញ្ញាក្មេងទំនើងទាំងនេះ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ឥឡូវករណីប៉ុណ្ណេះហើយ អ្នកខ្លះភ្លេចខ្លួន សូមកុំធ្លាក់ដៃ សមិទ្ធផលដែលយើងធ្វើបាន ជិត៦០០សំណុំរឿងជាង មកនេះ ជាប់ពីរពាន់នាក់ មិនមែនជាការសប្បាយចិត្តយើង ដែលយកក្មេងៗ ២ពាន់នាក់ យកទៅដាក់ឃុំ តែបើមិនដាក់វិធានការគាត់ទេ តើប៉ុន្មាននាក់ រាប់ម៉ឺននាក់ទៀត ដែលរងគ្រោះដោយសារគាត់? ត្រូវតែធ្វើ ហើយជាពិសេស សង្ឃឹមថា វិធានការដែលម៉ឺងម៉ាត់បែបនេះ នឹងជួយទម្លាក់ បំបាក់ទឹកចិត្តអ្នកផ្សេង កុំឲ្យលេងអាកាប់ហ្នឹង ហើយសុំទោស ឬមួយក៏ត្រឹមវិធានការរដ្ឋបាលនោះ គឺត្រូវធ្វើយ៉ាងណាឲ្យរឹងមាំ ហើយខ្ញុំសំណូមពរឲ្យឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ហើយសាមីខ្លួន ដើម្បីចូលរួមអប់រំកូន ។ បើប្រដៅមិនស្ដាប់ បង្ហោះម៉ូតូ លក់ម៉ូតូចោលទៅឪពុកម្ដាយ ។ ថ្ងៃមុន ខ្ញុំបានឲ្យគោលការណ៍ អ្នកបង្ហោះម៉ូតូ យកម៉ូតូទុក ៣ខែទៅ គាត់មិនអាចបង្ហោះទេ បើដើរ ជិះកង់នោះ ។ អ៊ីចឹងកិច្ចការនេះ ខ្ញុំសូមឲ្យខេត្ត រាជធានី ស្នងការរាជធានីខេត្តទាំងអស់ កម្លាំងអាវុធហត្ថ ក៏អាចចូលរួម ដើម្បីពង្រឹងការអនុវត្តទៅលើមុខសញ្ញាក្មេងដែលកាប់ចាក់គ្នាបែបនេះ ។ ក្រាបបន្តិច ងើបវិញ សង្កត់ថែមទៀត ឥឡូវយកបាន ២ពាក់ សល់ប៉ុន្មាន? យកថែមទៀត បើគាត់មិនរាង ។ ឥឡូវខ្ញុំសង្ឃឹមថា ប្រជាជន មហាជន ព្រមទាំងឪពុកម្ដាយ ពេលដែលយើងអនុវត្តច្បាប់ សូមផ្ដល់ការគាំទ្រ រួមទាំងឪពុកម្ដាយ មិនមែនបំផ្លាញអនាគតកូនទេ គឺការពារកូន ដើម្បីឲ្យគាត់ ទី១ កុំឲ្យជ្រុលខ្លួនត្រូវគេកាប់ ឬកាប់គេ ជាប់គុក លើសដើម សម្លាប់គេ។ ទី២ ចាត់ទុកថាយើងជួយយកមកអប់រំគាត់មួយរយៈ កុំឲ្យខូចអនាគតរយៈពេលវែង ហើយសាមីខ្លួន យុវជនរបស់យើង បងប្អូនរបស់យើង ក្មួយរបស់យើង អ្នកប្រព្រឹត្តហ្នឹង មិនច្រើនទេ ក្មេងៗយើងរាប់សែននាក់ អ្នកធ្វើបែបនេះ ប៉ុន្មានរយនាក់ ប៉ុន្តែវាធ្វើឲ្យបំពុល ធ្វើឲ្យប៉ះពាល់ទាំងអស់ ។ អ៊ីចឹងខ្ញុំសុំឲ្យអាជ្ញាធរខេត្ត ថ្នាក់ស្រុកមួយៗ ព្រោះអ្នកទាំងអស់ហ្នឹង រស់នៅក្នុងស្រុក ក្នុងឃុំ ក្នុងភូមិ ហើយអ្នកទាំងអស់នេះ អត់មានទៅណាទេ អត់មានលួចលាក់ទេ សកម្មភាពក្មេងទំនើង ទាល់តែអួត អួតតែបង្ហាញ បានគេខ្លាច ។ បើគាត់នៅតែក្នុងបន្ទប់ គាត់បង្ហោះម៉ូតូក្នុងរបងផ្ទះគាត់ ដោយមិនចេញមកក្រៅ មិនថតបង្ហោះរញ៉េរញ៉ៃ អាហ្នឹងរឿងរបស់គាត់ ហើយគ្មានអ្នកជិះណាឈឺក្បាលទេ ជិះបុកជញ្ជាំង បែកក្បាលខ្លួនឯងទៅ តែអារឿងគាត់ចេញមកក្រៅ ចេញមកផ្សេងៗ កាប់គ្នានៅទីសាធារណៈ កាប់ដោយកូនគេ កូនឯង អ្នកខ្លះគ្នាអត់ដឹងអីផង កាប់លេង ចង់បង្ហាញថា ឯងខ្លាំងអ្ហែ៎ អញក៏ខ្លាំងដែរវ៉ឺយ ហ៊ានកាប់អត់? អ្នកនោះជិះមកអត់ដឹងអីផង កាប់មួយប្រាវទៅ» ។

សម្តេចហ៊ុន ម៉ាណែត បន្តទៀតថា «អ៊ីចឹងរឿងនេះ ខ្ញុំសុំរំលឹក ខ្ញុំសុំអរគុណណាស់ ហើយម្សិលមិញ អរគុណក្រសួងយុត្តិធម៌ ដែលបានធ្វើសន្និសីទកាសែតនេះ ដើម្បីបង្ហាញមហាជន ហើយខ្ញុំគួរថា ខេត្តនីមួយៗ ស្នងការនីមួយៗ ពេលដែលធ្វើសកម្មភាព ពេលដែលស្អីហ្នឹង យើងសុំធ្វើជូនព៌ត៌មានឲ្យមហាជន ។ ខ្ញុំឃើញហើយ ពេលចេញព័ត៌មាន រកវិធីផ្សព្វផ្សាយឲ្យបានទូលំទូលាយ សារដែលសំខាន់បំផុត គឺសារដែលអាចធ្វើឲ្យបង្ការការងារនេះ ធ្វើឲ្យអ្នកផ្សេងញញើត កុំឲ្យធ្វើ អាហ្នឹងជោគជ័យយើង ។ យើងគ្មានបំណងចាប់មនុស្សច្រើនទេ តែបើសកម្មភាពរបស់យើង ការផ្សព្វផ្សាយ ការអនុវត្តច្បាប់របស់យើង ធ្វើឲ្យមនុស្សដែលចង់សាកល្បង លែងសាកអាហ្នឹង ជាការល្អ បែរទៅកាន់សៀវភៅ ទៅជាស្លូតវិញ នេះជាការដែលយើងចង់បាន ហើយការអប់រំ ការណែនាំ ជាមួយនឹងវិធានការច្បាប់ ត្រូវដើរទន្ទឹមគ្នា ។ រឿងនេះគឺជារឿងដែលអាចធ្វើទៅបាន ទន្ទឹងនឹងយើងអបអរសាទរទំពាំងរបស់យើងដែលកំពុងលូតលាស់ល្អ ដាក់ជីបន្ថែមទៀត នៅក្នុងសាលា នៅក្នុងសាកលវិទ្យាល័យ យើងក៏ត្រូវគិតអំពីអនាគតរបស់ទំពាំងមួយចំនួន អាចរលួយ ឬអាចឈានទៅដល់ការរលាយ ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ទំពាំងជិតៗហ្នឹងនៅក្នុងសង្គម ។ ត្រូវជួយគ្នា ទាំងសហគមន៍ ទាំងសាលា ជាពិសេសក្មេងៗថ្នាក់វិទ្យាល័យ ក្មេងជំទង់ ។ កម្រឃើញសាកលវិទ្យាល័យកាន់ដាវសាមួរ៉ៃណាស់ ឬមានដែរ? បើដល់អាយុ ១៨ហ្នឹង គឺស្រួល អ្នកចិញ្ចឹមកូនដឹង ក្មេងជំទង់នេះ ពិបាកណាស់ ដល់១១ឆ្នាំ ស្រួលនិយាយគ្នា ដល់១២ឆ្នាំឡើងមកដល់១៦ហ្នឹង គឺពិបាក បើតម្រង់ទិសទៅណា គាត់ទៅហ្នឹង ហើយបើគាត់ភ្លើតភ្លើន គឺទាល់តែទប់ គេហៅមួម៉ៅ ។ អ៊ីចឹងទប់ តែយើងបណ្ដុះបណ្ដាលអប់រំ តាំងពីក្រោម វិធានការច្បាប់ ទប់ជាមួយអ្នកដែលរញ៉េរញ៉ៃ ហើយរួមគ្នាកសាងនួវសង្គមួយ ដែលយុវជនរបស់យើង កាត់បន្ថយនូវភាពអវិជ្ជមានរបស់គាត់ ។ អ៊ីចឹងខ្ញុំបានឲ្យគោលការណ៍នេះ ហើយក្រសួងយុត្តិធម៌ ពិនិត្យមើលនូវច្បាប់ ហើយអគ្គស្នងការនគរបាលជាតិ កងរាជអាវុធ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យប់មិញដាក់សារ បូកជាមួយរួមគ្នា ដើម្បីយើងជំរុញការគ្រប់គ្រងក្មេងៗទំនើង ឲ្យកាន់តែមានប្រសិទ្ធភាព កុំធ្លាក់ដៃឲ្យសោះ ចក វានៅតែមាន មិនទាន់អស់ទេ តែចក ដែលបានដាក់នៅម្ដុំក ឲ្យទៅណា ប្រមូលថែមផ្សេងៗទៀត ហើយបើចកទាំងអស់នោះ ប្រែក្លាយខ្លួនទៅជាផ្កាឈូកខ្លួនឯងជាការល្អ“ ។

គួរបញ្ជាក់ថា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបករណីក្មេងទំនើងដែលមានសកម្មភាពយ៉ាងសកម្ម នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព បង្ការភាពអនាធិបតិតេយ្យនៅក្នុងសង្គម។ បន្ទាប់ពីទទួលបទបញ្ជាការម៉ឺងម៉ាត់នេះ ក្រសួងពាក់ព័ន្ធ បានសហការគ្នាយ៉ាងជិតដិត ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង ចាប់ផ្ដើមតាំងពីជាង ៦០០ករណី ក្នុងមួយខែ រហូតមកសល់ត្រឹមជាង ៣០០ករណីក្នុងមួយខែ ។

យោងតាមរបាយការណ៍ក្រសួងយុត្តិធម៌ រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើង តាំងពីខែឧសភា ឆ្នាំ២០២៤ មក បានបង្រ្កាបសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ ៣៣០០នាក់ ។

ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន ករណីក្មេងទំនើង ដែលតែងតែបង្កអំពើហិង្សា កាប់ប្រហារគ្នា អុកឡុកសង្គម នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបំភ្លឺជូនដោយផ្ទាល់ ដល់អ្នកសារព័ត៌មាន និងជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើ ករណីក្មេងទំនើងនេះ និងលទ្ធផលទទួលបានក្រោយពេលប្រកាសចេញយុទ្ធនាការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង ដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា សា្ថប័នអយ្យការ និងតុលាការ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើករណីក្មេងទំនើងនេះ ដោយភាគច្រើនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទធ្វើឲ្យខូតខាតដោយចេតនា ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស ហិង្សាដោយចេតនា ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម ដែលមានទោសចាប់ពី ១ឆ្នាំ ដល់៤ឆ្នាំ ហើយអនីតិជន ត្រូវបានបន្ថយពាក់កណ្ដាលនៃនីតិជន។ ចំពោះករណីក្មេងទំនើងខាងលើនេះ បើពិនិត្យអំពីទំនាក់ទងហេតុដែលនាំឲ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើននឹងការសេពគប់មិត្តខុស ដើលេងស៊ីផឹកពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀន ជាដើម។ ក្រោយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ពាក់ព័ន្ធករណីក្មេងទំនើងនេះ គឺមានការថយចុះ ដោយយើងអាចប្រៀបធៀបនូវករណីសំណុំរឿងនៅក្នុងខែដំបូងនៃការចាប់ផ្តើមយុទ្ធនាការ ប៉ុន្ដែត្រូវបន្តនូវវិធានការម៉ឺងម៉ាត់នេះតទៅទៀត ដោយគ្មាការលើលែង ដើម្បីការពារនិងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ពិសេសភាពសុខសាន្តរបស់ប្រជាជន ។

ក្រសួងយុត្តិធម៌ តាមរយៈរបាយការណ៍របស់សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានរកឃើញថា ខេត្តស្ទឹងត្រែង ជាខេត្តមួយ ដែលគ្មានករណីក្មេងទំនើង ក្នុងចំណោមរាជធានី-ខេត្តទាំង២៥។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រៅពីខេត្តស្ទឹងត្រែង ដែលគ្មានករណីក្មេងទំនើង មានខេត្តមួយចំនួនទៀត ដែលមានករណីក្មេងទំនើងតិចតួច រួមមាន ខេត្តកែប ខេត្តប៉ៃលិន និងខេត្តព្រះវិហារ។ ដោយឡែកសម្រាប់ភូមិសាស្រ្ត ដែលប្រឈមនឹងករណីក្មេងទំនើងច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ យ៉ាងណា លោកសង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងអាចទទួលបាននៅព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធចំណាត់ការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត អំពីចំណាត់ការដ៏ម៉ឺងម៉ាត់នេះ ។

លោក កេង សុម៉ារិទ្ធ បញ្ជាក់ថា តាមរយៈការតាមដានស្រង់យកទិន្នន័យជារៀងរាល់សប្ដាហ៍ រហូតមកដល់រយៈពេល ២១២ថ្ងៃ ឬជាង៧ខែនេះ ជាលទ្ធផលសម្រេចបាន ទី១ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្មេងទំនើង ៧២០រឿង ចាត់ការបាន ៧១៥រឿង។ ទី២ សំណុំរឿងដែលស្ថិតក្នុងចៅក្រមស៊ើបសួរ មាន ៧៩៦សំណុំរឿង ហើយបានចាត់ការ ចំនួន៥១០សំណុំរឿង ហើយសំណុំរឿងដែលនៅសល់ មានចំនួន ២៨៦សំណុំរឿង ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរ គឺមានចំនួន ៦៩៩សំណុំរឿង ដែលត្រូវបានឃុំខ្លួនដោយមានជនជាប់ចោទចំនួន ២៨៤៩នាក់ ។ ទី៣ សំណុំរឿងជំនុំជម្រះបានទទួលប្រមាណ ៥៩៩ករណី ដែលចាត់ការបាន ៣៥៤ករណី និងនៅសល់ ២៤៥សំណុំរឿង កំពុងពិនិត្យនិងចាត់ការតាមនីតិវិធីច្បាប់ ។

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងអាចទទួលបាននៅព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធចំណាត់ការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត អំពីចំណាត់ការដ៏ម៉ឺងម៉ាត់នេះ ៕ កុលបុត្រ

RELATED ARTICLES