Sunday, November 2, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ណែនាំ១២ចំណុច បើកបវេសនកាល២០២៥-២០២៦

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំ១២ចំណុច បើកបវេសនកាល២០២៥-២០២៦

ភ្នំពេញៈ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស .២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សារលិខិតសម្តេចនាយករដ្ឋមន្ត្រី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

 – សូមថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ

 – លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស ជាទីស្រឡាញ់

 – បងប្អូនជនរួមជាតិ ជាទីស្នេហា!

 តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៥-២០២៦ ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិ សេសកុមារតូច អាយុពី ៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀន សូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវចំណេះវិជ្ជាបន្ថែមទៀត ពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។

 រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារ ណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជននិងសហគមន៍ ដោយ ការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្ស កាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន ៖ ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំ ណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម រយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤-ការជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។ ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជននិងកីឡា បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិត ស្របតាមស្តង់ដារសាលារៀនគំរូ ដែលមាន ៥ស្តង់ដារ ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួង បានវាយតម្លៃ និងទទួលស្គាល់សាលារៀន ចំនួន២៥០ ជាសាលារៀនជាប់ស្តង់ដារសាលារៀនគំរូ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ) បានជំរុញនិងគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៤ នៅក្នុងសាលាបឋមសិក្សាគោលដៅចំនួន ១៦១សាលា ដោយផ្តោតលើការបន្ថែមម៉ោងសិក្សា ២ម៉ោង ក្នុងមួយថ្ងៃ ដើម្បីពង្រឹងការរៀនភាសាខ្មែរ ការអាន និងគណិតវិទ្យា។

ថ្មីៗនេះ ក្នុងអំឡុងពេលដែលសាលារៀនមួយចំនួន ត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀននិងរៀនដល់ សិស្សានុសិស្ស តាមរយៈការរៀបចំការបង្រៀននិងរៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់ សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញ នៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀត បន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល។ ជាមួយគ្នានេះដែរ បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជា វិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កលទ្ធភាពឱ្យកុមារនិងសិស្សានុសិស្សទាំងនោះ បានចុះឈ្មោះចូលរៀននៅតាមសាលារៀននៅជិតបំផុត ដោយសារពួកគេមួយចំនួន ធ្លាប់បានចូលរៀន មិនធ្លាប់ចូលរៀន ចេះភាសាខ្មែរ និងមិនសូវចេះភាសាខ្មែរ។

ជារួម ទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ដោយ សារការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ជា ពិសេសលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ព្រមទាំងការចូលរួមរបស់សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងសង្កេតឃើញថាសិស្សានុសិស្សនៅគ្រប់កម្រិត ទទួលបានឱកាសចូលរៀនកាន់តែច្រើន និងមានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង។

ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម ៖

 ទី១- ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូ និងបន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ ដោយឈរលើ គោលការណ៍មិនពង្រីកចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ នៅតាមសាលាបឋមសិក្សាគោលដៅ ទាំង១៦១ ដែលមានស្រាប់។

ទី២- ក្រសួងអប់រំ យុវជននិងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យបានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន (ថ្មី) ឬចូលរៀនបន្ត នៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត ជាពិសេសប្រមូលព័ត៌មានកុមារនិងសិស្សានុសិស្ស ដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួល ការគាំទ្រ និងការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារ និងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ទាមទារនូវឯកសារតម្រូវ ដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រពេទ្យ ជាដើម ៘

ទី៣- ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជននិងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ ឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាមុន មុននឹងគិតគួររៀបចំផែនការសាងសង់និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។ ចំពោះសាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាន នៅក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀន ជាបណ្តោះអាសន្ន។ ចំពោះតំបន់និងសាលារៀនដែលមិនអាច ដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជននិងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ៍ ៥០០០ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។

ទី៤- ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នាក្នុងការសាកល្បងអនុវត្តគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី១០ រួមមានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលមានសក្តានុពលមួយចំនួន ជាពិសេស វិទ្យាល័យដែលមានអគារធនធាន វិទ្យា ល័យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ក្នុងគោលបំណងផ្តល់ឱ្យសិស្សានុសិស្ស នូវគន្លងអប់រំដែលមានរចនាសម្ព័ន្ធ និងផែនការគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅសម្រេចបាននូវគោលបំណងសិក្សា និងអាជីព នាពេលអនាគត តាមរយៈការរៀបចំកម្មវិធីតម្រង់ទិសការសិក្សា ចាប់ពីថ្នាក់ទី៧ និងការបែងចែកសិស្ស តាមគន្លងអប់រំថ្មី នៅថ្នាក់ទី១០ ដោយផ្អែកលើសមត្ថភាពនិងឧបនិស្ស័យ។

 ទី៥- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិ សេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម ២ម៉ោងសិក្សា យ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបង្រៀនបន្ថែមមុខវិជ្ជាសិក្សាគោល ដូចជា ភាសាខ្មែរ អំណាន និងគណិតវិទ្យា ព្រមទាំងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។

ទី៦- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តលើកកម្ពស់អនាម័យ និងបរិស្ថានស្អាត នៅតាមសាលារៀន ដោយបង្កើនសកម្មភាពអប់រំសុខភាព ការរៀបចំបន្ទប់សុខភាពតាមស្តង់ដារ ការពិនិត្យមើលសុវត្ថិភាពចំណីអាហារនិងអាហារូបត្ថម្ភ ការរៀបចំបរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម ជាដើម។ ទន្ទឹមនេះ គ្រឹះស្ថាន សិក្សា ត្រូវគិតគួរអំពីការគាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់គ្រូបង្រៀននិងសិស្សានុសិស្ស ដោយត្រូវបញ្ចូលកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីកាត់បន្ថយការឈឺថ្កាត់ និងផលប៉ះពាល់លើសុខភាព។

ទី៧- ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន សំដៅលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ឱ្យស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន និងត្រូវរៀបចំកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ជាប្រចាំ ដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជាពិសេសការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត នៅក្នុងការបំពេញការងារ។

 ទី៨- ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅ ក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀនឆ្លាតវៃ ការភ្ជាប់បណ្តាញអ៊ីនធឺរណិត នៅតាមសាលារៀន ការលើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន ការផលិតនិងការកែលម្អមាតិកាសិក្សា និងការផ្សព្វផ្សាយមាតិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ។

 ទី៩- មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដានការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែម ពេលនៅផ្ទះ ជាពិសេស សូមចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។

ទី១០- ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួមធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំង ដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខគ្រប់រូបភាព។

ទី១១- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជននិងកីឡា ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា។

ទី១២- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្រប ទៅនឹងទស្សនទាននៃការអប់រំពេញមួយជីវិត។

ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែគាំទ្រនិងរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា គ្រប់ៗរូប។

 ជាទីបញ្ចប់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយនិងប្រគេនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ…៕

RELATED ARTICLES