Thursday, May 1, 2025
Homeព័ត៌មានជាតិគតិបណ្ឌិតទស្សនវិជ្ជា រស់ឲ្យមានជំហរដូចដើមត្នោត កសាងសង្គមដូចឫស្សី

គតិបណ្ឌិតទស្សនវិជ្ជា រស់ឲ្យមានជំហរដូចដើមត្នោត កសាងសង្គមដូចឫស្សី

ភ្នំពេញ ៖ លោកបណ្ឌិត ប៉ា ចន្ទរឿន បណ្ឌិតទស្សនវិជ្ជា ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងនូវគតិបណ្ឌិតសម្រាប់មនុស្សទាំងឡាយ យកទៅធ្វើការត្រិះរិះពិចារណា ក្នុងការរស់នៅក្នុងសង្គម ឲ្យមានតម្លៃសម្រាប់ក្រុមគ្រួសារ សង្គម និងប្រទេសជាតិ នោះគឺត្រូវរស់ឲ្យមានជំហរដូចដើមត្នោត ហើយចេះបត់បែននិងកសាងសង្គមដូចឫស្សី ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រស់ឱ្យមានជំហរដូចដើមត្នោត ហើយកសាងសង្គមដូចឫស្សី“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថា ដើម្បីកសាងធនធានមនុស្ស ឬប្រជាពលរដ្ឋយើង ជាពិសេសយុវជន ឲ្យមានជំហររឹងមាំ ច្បាស់លាស់ដូចដើមត្នោត និងមានភាពចេះបត់បែន និងបណ្ដុះគ្នាបន្តដូចឫស្សី ដើម្បីទៅស្នងឬទៅបន្តកិច្ចការងាររបស់អ្នកជំនាន់មុននោះ  គ្មានអ្វីក្រៅពីការដាក់បញ្ចូលនូវគោលនយោបាយអប់រំ ទាក់ទងនឹងការបណ្ដុះចរិតពលរដ្ឋ ជាពិសេសយុវជន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ ត្នោតនេះ វាជារុក្ខជាតិដែលខ្មែរយើងចាត់ទុកជារុក្ខជាតិតំណាងជាតិយើង ហើយយើងឃើញថា នៅប្រាសាទអង្គរវត្ត ក៏មានដើមត្នោត តាមជញ្ជាំងប្រាសាទបុរាណខ្មែរយើងមួយចំនួនហ្នឹង រហូតដល់មានឆ្លាក់រូបដើមត្នោតទៅទៀត ហើយត្នោតនេះជារុក្ខជាតិមួយដែលបានផ្ដល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង ដល់កសិករយើង ។ មួយតួត្នោតទាំងអស់ហ្នឹងសុទ្ធតែមានប្រយោជន៍ ដែលអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ រហូតដល់ទៅជាភេសជ្ជៈ និងម្ហូបអាហារ ដូចជាកែច្នៃទៅជាស្ករ ទៅជានំ អីជាដើម ។ បើយើងពិនិត្យមើលដើមត្នោត មិនត្រឹមតែមានប្រយោជន៍រាប់តាំងពីស្លឹក រហូតដល់ឫសទេ ដើមត្នោតហ្នឹង ក៏ជារុក្ខជាតិគួរឲ្យចាប់អារម្មណ៍មួយដែរ ។ ជាទូទៅ ត្នោត ដុះមានជំហរ មានជួរ មានភាពស្រឡះ ដែលវាខុសពីរុក្ខជាតិដទៃទៀត គ្រាប់ត្នោត ក៏បណ្ដុះមានកូនមានចៅតគ្នាអ៊ីចឹងដែរ ហើយចំពោះទស្សនៈខ្ញុំដែលថា រស់ឲ្យមានជំហរដូចដើមត្នោតហ្នឹង គឺចង់បញ្ជាក់ថា យើងជាពលរដ្ឋនៅក្នុងសង្គមហ្នឹង ត្រូវតែមានជំហរច្បាស់លាស់នៅក្នុងការរស់នៅ ទាំងការប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាការចូលរួមនៅក្នុងសង្គម វាត្រូវតែប្រកាន់គោលការណ៍ឲ្យច្បាស់លាស់ មិនមែនម្ដងឃ្លោងទៅលិច ឃ្លោងទៅកើត ទៅតាមខ្យល់នោះទេ ហើយការប្រកាន់ជំហរត្រង់ជាក់ច្បាស់របស់ប្រជាពលរដ្ឋនៅក្នុងកិច្ចការងារអ្វីមួយ ទាំងការងារផ្ទាល់ខ្លួន ក៏ដូចជាការងារសង្គមហ្នឹង វាធ្វើឲ្យសង្គមហ្នឹងវាមានស្ថិរភាព វាមានស្ថានភាពល្អ ដែលបញ្ចៀសបាននូវបញ្ហាជ្រួលច្របល់នៅក្នុងសង្គម ក៏ដូចជាធ្វើឲ្យសង្គមហ្នឹងវាឃ្លេងឃ្លោង ទៅលិច ទៅកើត ដែលប៉ះពាល់ទាំងជីវភាពនៃការរស់នៅ សន្តិសុខ ក៏ដូចជាសេដ្ឋកិច្ចផងដែរ ។ ចំណុចមួយទៀត ដែលខ្ញុំលើកថា ការកសាងជាតិ ត្រូវធ្វើឲ្យដូចដើមឫស្សីហ្នឹង គឺជាទូទៅ ដើមឫស្សី ជារុក្ខជាតិម្យ៉ាង ដែលធន់ជាមួយការប្រែប្រួលអាកាសធាតុ ទោះបីជាក្ដៅយ៉ាងណា ឫស្សី ក៏ចេះបត់បែនទៅតាមស្ថានភាព ទៅតាមខ្យល់បក់ ឫស្សី ក៏បក់ទៅ ហើយក៏ត្រលប់មកវិញ មានន័យថា ចេះបត់បែន ចេះមានភាពវៃឆ្លាតនៅក្នុងការបញ្ចៀស ក៏ដូចជាទប់ទល់នឹងកម្លាំង ឬក៏សម្ពាធពីខាងក្រៅ ឬក៏មជ្ឈដ្ឋានជុំវិញ ហើយចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឫស្សី ជារុក្ខជាតិមួយ បត់បែនហើយវាមិនបាក់ ចង់សំដៅថា យើងរស់នៅក្នុងសង្គមហ្នឹង ត្រូវតែមានជំហរច្បាស់លាស់ ប៉ុន្តែកុំឲ្យងាប់ក្រឡា ត្រូវមានការបត់បែន ហើយនិងគំនិតវៃឆ្លាត នៅក្នុងការប្រឈមមុខទៅនឹងបញ្ហា ឬក៏ប្រឈមមុខទៅនឹងចរន្តឬសម្ពាធអីមួយ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ក្រៅពីនេះ ឫស្សី ក៏ជារុក្ខជាតិមួយដែលមិនត្រឹមតែរស់ចេះបត់បែនទេ តែជារុក្ខជាតិមួយចេះបណ្ដុះកូនចៅជំនាន់ក្រោយតគ្នា ពង្រីកគុម្ពរបស់ខ្លួន ពង្រីកគ្រួសាររបស់ខ្លួន ឲ្យវាកាន់តែធំទៅ ហើយឫស្សីជារុក្ខជាតិមួយ ដែលយើងហៅថា ទំពាំងស្នងឫស្សី តែងតែផលិតទំពាំងល្អៗ ដើម្បីក្លាយទៅជាឫស្សី នៅពេលអនាគត ។ ដូច្នេះហើយនៅក្នុងសង្គមខ្មែរយើងហ្នឹង ក៏ត្រូវតែរៀនតាមឫស្សីដែរ ត្រូវតែបណ្ដុះទំពាំងហ្នឹងឲ្យបានល្អ មានន័យថា ត្រូវតែអប់រំកូនចៅ បង្ហាត់ពត់លត់ដំពួកគាត់ហ្នឹង ឲ្យក្លាយទៅជាមនុស្សល្អនៅក្នុងសង្គម ក្លាយទៅជាអ្នកដឹកនាំល្អ ក្លាយទៅជាអ្នកបន្តវេន ហើយនិងពង្រីកកូនចៅយើងនៅក្នុងសង្គម និងពង្រីកអ្នកចេះដឹង ពង្រីកអ្នកដែលមានមនសិការជាតិ ពង្រីកអ្នកដែលសកម្ម ពង្រីកអ្នកដែលគិតគូរពីបញ្ហាជាតិហ្នឹងឲ្យបានច្រើន ទើបក្លាយទៅជាគ្រួសារមួយដែលមានភាពរឹងមាំ សង្គមមួយដែលសម្បូរធនធានមនុស្សច្រូងច្រាង ដែលជាសសរទ្រូង ដើម្បីដឹកនាំជាតិឆ្ពោះទៅមុខ ។ ខ្ញុំឃើញទស្សនៈខ្ញុំលើកឡើងមកនេះ វាត្រូវដំណើរការនៃវិវត្តន៍របស់ប្រទេសខ្លះ ដូចជាប្រទេសអ៊ីស្រាអែល ប្រទេសសិង្ហបុរី ដែលអ៊ីស្រាអែលហ្នឹង គឺចាប់ផ្ដើមពីអត់មានប្រទេសជាផ្លូវការនៅក្នុងសម័យទំនើប រហូតដល់សព្វថ្ងៃនេះ សឹងតែក្លាយទៅជាមហាអំណាចមួយនៅមជ្ឈិមបូព៌ា ហើយប្រទេសសិង្ហបុរី នៅក្បែរយើងនេះក៏ស្រដៀងគ្នាដែរ ចាប់ពីជីវិតពីភូមិនេសាទក្រីក្រ ផែនេសាទក្រីក្រ រហូតក្លាយទៅជាប្រទេសអ្នកមានមួយទាំងនៅក្នុងតំបន់អាស៊ី និងក្នុងពិភពលោក ហើយបើសិនជាយើងមើលអំពីដំណើរនៃការវិវត្តប្រទេសសិង្ហបុរី គឺបើតាមអ្វីដែលលោកអតីតនាយករដ្ឋមន្រ្តី លី ក្វាន់យូ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ក៏ដូចនៅក្នុងសៀវភៅរបស់គាត់ហ្នឹង គឺតាមរយៈការកសាងធនធានមនុស្សហ្នឹងឯង ឬក៏គាត់កសាងមនុស្សមុន ហើយឲ្យមនុស្សហ្នឹងកសាងជាតិ កសាងសង្គម កសាងសេដ្ឋកិច្ច ដោយចាប់ផ្ដើមពីបណ្ដុះផ្នត់គំនិតឲ្យប្រជាពលរដ្ឋហ្នឹង ក្លាយទៅជាមនុស្សរឹងមាំ មានជំហរច្បាស់លាស់ ធ្វើកិច្ចការងារចេះបត់បែន ហើយនិងបណ្ដុះអ្នកបន្តវេន ដែលធ្វើឲ្យសិង្ហបុរី ក្លាយទៅជាប្រទេសអ្នកមានមួយ ដែលក្នុងររយៈពេលមិនដល់កន្លះទសវត្សរ៍ផង ក្រោយទទួលបានឯករាជ្យមកហ្នឹង“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំឃើញនៅក្នុងសង្គម យើង មិនសូវបានយកចិត្តទុកដាក់រឿងការបណ្ដុះធនធានមនុស្សផ្នែកផ្នត់គំនិត និងមនសិការ ក៏ដូចជាបញ្ញាវាងវៃនៅក្នុងការដោះស្រាយបញ្ហានៅឡើយបាន ហើយបានពេញលេញនៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខ្ញុំបានឃើញហើយនិងបានឮការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ដែលជំរុញលើកទឹកចិត្តឲ្យមានការអប់រំ អភិវឌ្ឍន៍ផ្នត់គំនិតរបស់យុវជនយើង ជាពិសេសសិស្សនៅវិទ្យាល័យហ្នឹង ខ្ញុំថាជាការលើកឡើងល្អ ប៉ុន្តែគួរតែមានជាផែនការយុទ្ធសាស្រ្តជាក់លាក់ និងផែនការសកម្មភាពជាក់ស្ដែង ដើម្បីបញ្ចូលនូវការអភិវឌ្ឍផ្នត់គំនិតជោគជ័យ ផ្នត់គំនិតជាមនុស្សដែលមានស្មារតីរឹងមាំ ផ្នត់គំនិតដែលមានការតស៊ូព្យាយាម ផ្នត់គំនិតវិជ្ចមាន ផ្នត់គំនិតដែលចេះធ្វើការបត់បែន ប៉ុន្តែមិនមែនក្រឡេចក្រឡុច បន្លែបន្លំ ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយទេ ហើយខ្ញុំថា បើសិនជាយើងចាប់ផ្ដើមចាក់បញ្ចូលការអប់រំប្រភេទនេះនៅក្នុងសង្គមយើង យ៉ាងយូរតែ ១២ឆ្នាំហ្នឹង សង្គមយើងនឹងមានការផ្លាស់ប្ដូរជាវិជ្ជមាន និងផ្លាស់ប្ដូរទៅរកភាពរឹងមាំ ពីព្រោះតាមពិតទៅ ប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល និងសោកនាដកម្ម ដូចកម្ពុជា អ្វីដែលត្រូវធ្វើមុនគេ បើសិនជាយើងរៀនពីប្រទេសមួយចំនួន ដូចជាជប៉ុន ដូចអាល្លឺម៉ង់ ដែលខ្ទេចខ្ទាំទៅដោយសង្រ្គាមលោកលើកទី២ហ្នឹង គឺការកសាងស្មារតីរបស់ប្រជាពលរដ្ឋហ្នឹងហើយ ។ ស្មារតី គឺសំដៅទៅលើការបណ្ដុះទស្សនៈ មនសិការ ផ្នត់គំនិត និងចរិតរបស់ប្រជាពលរដ្ឋ តាំងពីក្មេងមកហ្នឹង គឺជាមូលដ្ឋានហើយ គឺជាមូលដ្ឋានគ្រឹះ ដើម្បីធ្វើឲ្យសង្គមហ្នឹងរឹងមាំ ជាពិសេសគឺនៅចំពោះមុខនេះ ដំណើរឆ្ពោះទៅរកការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០២៩ ដែលកម្ពុជា យើងទើបតែបានទទួលការអនុម័តពីអង្គការសហប្រជាជាតិថ្មីៗនេះ ការកសាងគ្រឹះសង្គម ទាក់ទងនឹងការបណ្ដុះផ្នត់គំនិតស្មារតី មនសិការ និងបញ្ហារបស់យុវជនយើង ពលរដ្ឋយើង ជាពិសេសយុវជនហ្នឹង គឺជារឿងចាំបាច់ណាស់ ដើម្បីធានាថា សង្គមយើងនឹងមានភាពរឹងមាំ ហើយភាពរឹងមាំរបស់សង្គម មិនមែនអាស្រ័យលើការធ្វើអគារខ្ពស់ ផ្ទះមួយៗមានរបងបន្លាលួស ឬក៏ដាក់សុទ្ធតែដែកឆក់ខ្ពស់ៗទេ គឺសំដៅទៅលើស្មារតី ចរិតរឹងមាំឈ្លាសវៃរបស់ប្រជាពលរដ្ឋហ្នឹងឯង ដែលជាគ្រឹះរឹងមាំរបស់សង្គមពិតប្រាកដ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ដើម្បីកសាងប្រជាពលរដ្ឋយើង ជាពិសេសយុវជនយើង ឲ្យមានជំហររឹងមាំ ជំហរច្បាស់លាស់ដូចដើមត្នោត និងមានភាពចេះបត់បែន និងបន្តបណ្ដុះគ្នាបន្តដូចឫស្សី ដើម្បីទៅស្នងឬក៏ទៅបន្តកិច្ចការងាររបស់អ្នកជំនាន់ចាស់ហ្នឹង វាគ្មានអីក្រៅពីការដាក់បញ្ចូលនូវគោលនយោបាយអប់រំ ទាក់ទងនឹងការបណ្ដុះចរិតពលរដ្ឋ ជាពសេសយុវជនយើងទេ ។ នៅសិង្ហបុរី តាមខ្ញុំចាំ គេរហូតដល់ដាក់បង្រៀនការបណ្ដុះចរិតរបស់មនុស្សហ្នឹង តាំងពីនៅមត្តេយ្យ ។ មិនមែនតែសិង្ហបុរី មួយទេ សូម្បីតែប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ អីហ្នឹង គឺគេបង្រៀនតាំងពីក្មេង ហើយការអប់រំផ្នែកអត្តចរិតហ្នឹង គឺជារឿងចាំបាច់ណាស់ ដើម្បីធានាថា យុវជនយើងដែលធំឡើង បានរៀនសូត្រច្រើនហ្នឹង មិនត្រឹមតែចេះជំនាញហ្នឹងទេ ប៉ុន្តែមានចរិតល្ទទៅទៀត ។ ចរិតល្អហ្នឹង គឺសំដៅចរិតដូចដើមត្នោត ចរិតដូចដើមឫស្សី ដែលខ្ញុំបានធ្វើការប្រៀបធៀបហ្នឹងឯង ប៉ុន្តែបើយើងមើលជាក់ស្ដែង គឺបណ្ដុះប្រភេទនេះ នៅស្រុកយើង នៅមានតិចណាស់ នៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសដែលគេធ្វើបានល្អ ដូចជាសិង្ហបុរី ដូចជាជប៉ុន អី ។ ដូច្នេះខ្ញុំមើលឃើញថា អ្វីដែលខ្ញុំលើកឡើងហ្នឹង វាត្រូវនឹងអ្វីដែលសម្ដេចនាយករដ្ឋមន្រ្តី លោកបានមានប្រសាសន៍ព្រឹកមិញដែរ ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ នឹងយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសគឺការកែទម្រង់មេរៀន និងរបៀបបង្រៀនមុខវិជ្ជាសីលធម៌ពលរដ្ឋ នៅក្នុងសង្គម ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការនៃសង្គម ក៏ដូចជានិន្នាការពិភពលោកសព្វថ្ងៃផងដែរ“ ៕ កុលបុត្រ

RELATED ARTICLES