កោះតៃវ៉ាន់ ៖ តៃវ៉ាន់ បាននិយាយថា ខ្លួនបានឃើញយន្តហោះចម្បាំងចិន ចំនួន ៤៥គ្រឿង ដែលហោះជុំវិញដែនអាកាសរបស់តៃវ៉ាន់ ក្នុងរយៈពេលតែមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុត ដែលត្រូវបានមើលឃើញ នៅឆ្នាំនេះ។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងរបស់ចិន ចំនួន ៤៥គ្រឿង និងនាវាចំនួន៦ ត្រូវបានរកឃើញថា បានហោះជុំវិញដែនអាកាសរបស់តៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ នៃឆ្នាំ២០២៤ នេះ ចាប់តាំងពីទិន្នន័យត្រូវបានកត់ត្រា។
ការផ្លាស់ប្តូរនេះ កើតឡើងត្រឹមតែមួយសប្តាហ៍ មុនពេលប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ គឺលោក ឡៃ ឈីងតឺ (Lai Qingde) នឹងត្រូវស្បថចូលកាន់តំណែង ដែលចិនដីគោក ចាត់ទុកជាការគំរាមកំហែង ព្រោះគាត់គាំទ្រឯករាជ្យតៃវ៉ាន់ យ៉ាងម៉ឺងម៉ាត់ ខណៈដែលចិន ចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ហើយថាគួរតែប្រកាន់ខ្ជាប់នូវគោល ការណ៍ចិនតែមួយ។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា មានយន្តហោះចិន ២៣ គ្រឿង ហោះជុំវិញកោះតៃវ៉ាន់ មានទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ក្នុងរយៈពេលប្រហែ ល ២ម៉ោង ពេលនេះក្រសួងការពារជាតិ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងឆ្លើយតបតាមការគួរ។
កន្លងមក មន្ត្រីចិន បានព្រមានថា លោកឡៃ ឈីងតឺ អនាគតមេដឹកនាំតៃវ៉ាន់ ដែលនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ នេះ អាចនាំឱ្យមានសង្គ្រាម និងបង្កើនភាពតានតឹងរវាងចិន និងតៃវ៉ាន់ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពចិន បានបន្តចល័តកម្លាំងយោធាលើកោះតៃវ៉ាន់ ជាពិសេសការនាំយកយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬនាវាចម្បាំង បើកបរជុំវិញកោះតៃវ៉ាន់ ជាញឹកញាប់៕