Tuesday, May 21, 2024
Homeព័ត៌មានជាតិមេបក្សកម្លាំងជាតិ សមត្ថកិច្ចចាប់ខ្លួន

មេបក្សកម្លាំងជាតិ សមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ មេបក្សកម្លាំងជាតិ លោកស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលលោកត្រឡប់មកពីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។

ការឃាត់ខ្លួនលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពីសំណាក់សមត្ថកិច្ច បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

នៅក្នុងដីបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ២៨៨ អ.យ.ក ចុះថ្ងៃអង្គា ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកច្រឹង ខ្មៅ បានបញ្ជាក់ថា “យើងច្រឹងខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញមាត្រា ៣៧ ២ មាត្រា១១៤ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/ របក/ ០៨០៧ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ។ បានឃើញរបាយការណ៍សំយោគលេខ ០២៧/២៤ សណ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាាំ២០២៤ របស់ការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បញ្ជា ៖ បង្គាប់កម្លាំងមានសមត្ថកិច្ចឲ្យនាំខ្លួនបុគ្គលឈ្មោះស៊ុន ចន្ធី ភេទប្រុស កើតថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៨០ ជនជាតិខ្មែរ កើតនៅសង្កាត់ស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សាសនាព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្ន នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរប្រធានគណបក្សកម្លាំងជាតិ ប្រពន្ធឈ្មោះយាន ស្រីយ៉ាន “រស់” ឪពុកឈ្មោះដួង សឿន “រស់” ម្ដាយឈ្មោះ យឹម កន “រស់” ជានីតិជន  មកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម“ ។

ក្រោយការឃាត់ខ្លួន តាមដីកាតុលាការខាងលើ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបអំពីករណីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុន ចន្ទី ភេទប្រុស អាយុ ៤៤ឆ្នាំ ជាប្រធានគណបក្សកម្លាំងជាតិ ដូចតទៅ ៖

ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ទី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ២៨៨ អ.យ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយនៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម“ ។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា “បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន“ ។

ជុំវិញការចាប់ខ្លួនលោកស៊ុន ចន្ធី នេះ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤  ដែលមានខ្លឹមសារថា «គណបក្សកម្លាំងជាតិ សម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួនលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ។

គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោកស៊ុន ចន្ធី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។

គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ៕ កុលបុត្រ

RELATED ARTICLES