Monday, May 20, 2024
Homeព័ត៌មានជាតិរូបភាពមួយ ក្នុងសង្គមខ្មែរសព្វថ្ងៃ បង្ហាញពីការអាងអំណាចខ្នងខ្សែ

រូបភាពមួយ ក្នុងសង្គមខ្មែរសព្វថ្ងៃ បង្ហាញពីការអាងអំណាចខ្នងខ្សែ

ភ្នំពេញ ៖ អ្នកវិភាគ បានបង្ហាញរូបភាពមួយនៃការអាងអំណាចខ្នង ខ្សែ នៅក្នុងសង្គមខ្មែរសព្វថ្ងៃ ដោយបញ្ជាក់ថា នៅក្នុងសង្គមយើង ឲ្យតែមានខ្សែ មានទុយោ បក្ខពួក គ្រួសារ មានទំនាក់ទំនងជាមួយអ្នកកាន់អំណាច ឬមានតួនាទីនៅក្នុងស្ថាប័នសាធារណៈ គឺអាចបានទទួលចំហាយឥទ្ធិពលខ្លះដល់ខ្លួនឯងដែរ ដែលអាចយកមកប្រើប្រាស់បាន ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការធ្វើកិច្ចការងារជាដើម ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបង្ហោះរូបភាពមួយ បង្ហាញពីទីតាំងដីមួយកន្លែង ដែលមានផ្ទះឈើចាស់ និងដំណាំឈើហូបផ្លែព័ទ្ធជុំវិញ គ្មានរបងព័ទ្ធទេ តែមានស្លាកបម្រាមមួយ សរសេរអក្សរខ្មែរធំៗថា «ដីក្មួយឯកឧត្តម ហាមគោចូល» នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “ទិដ្ឋភាពមួយដែលឆ្លុះបញ្ចាំងពីការអាងអំណាចនៃខ្នង នៅក្នុងសង្គមសព្វថ្ងៃ។ មិនធម្មតា សូម្បីតែគោ ក៏គេអាចប្រើអំណាចនេះដាក់បានដែរ!“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ថា រូបភាពដែលលោកបង្ហាញខាងលើ គឺបានបង្ហាញពីការអាងអំណាចខ្នង បក្ខពួក នៅក្នុងសង្គមខ្មែរសព្វថ្ងៃ ហើយនៅពេលដែលដំណោះស្រាយ ឬការប្រព្រឹត្តិមិនស្មើភាពគ្នា ដោយអាងអំណាច ឬខ្នង ខ្សែ បក្ខពួក សាច់ញាតិ វាបង្កើតឲ្យមានវិសមភាពនៅក្នុងសង្គម ការដោះស្រាយការងារមិនមានតម្លាភាព ហើយវាក៏អាចបង្កើតឲ្យមានអំពើពុករលួយផងដែរ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ រូបហ្នឹងឃើញគេផុសច្រើន ហើយបើយើងមើលមួយជ្រុង វាគឺជាការលេងសើច ប៉ុន្តែមើលឲ្យស៊ីជម្រៅ វាឆ្លុះបញ្ចាំងអំពីការប្រើប្រាស់ឥទ្ធិពលនៅក្នុងសង្គមយើង ដែលសូម្បីតែម្ចាស់ដី ការផុសហ្នឹង គឺគេដាក់ poster ដែលហាមគោចូល ដោយសារតែដីហ្នឹង ជាដីរបស់ក្មួយឯកឧត្ដម ។ អ៊ីចឺងទៅ សូម្បីតែគេអាចទំនាក់ទំនងគេជាក្មួយរបស់ឯកឧត្ដមម្នាក់ហ្នឹង ក៏គេអាចបញ្ជាម្ចាស់គោហ្នឹង កុំឲ្យដឹកគោចូល ឬកុំបណ្ដោយឲ្យគោចូលនៅក្នុងដីគេ ។ អ៊ីចឹងគេមិនបាច់ធ្វើរបង ធ្វើអីទេ ដាក់តែស្លាកប៉ុណ្ណឹងទៅ គឺឥទ្ធិពលរបស់គេជាក្មួយរបស់ឯកឧត្ដមហ្នឹង អាចធ្វើឲ្យម្ចាស់គោ ឬអ្នកស្រុកហ្នឹង មានការខ្លាចរអា មិនហ៊ានយកគោមកឃ្វាល ឬក៏លែងគោ បណ្ដោយឲ្យគោចូលនៅក្នុងដីរបស់គេ ។ អាហ្នឹងវាឆ្លុះបញ្ចាំងនៅក្នុងសង្គមយើង គឺថាឲ្យតែយើងមានខ្សែ មានទុយោ មានទំនាក់ទំនងជាប់សាច់ញាតិរបស់អ្នកដែលកាន់អំណាច ឬក៏មានតួនាទីនៅក្នុងស្ថាប័នសាធារណៈហ្នឹង គឺអាចបានទទួលចំហាយឥទ្ធិពលខ្លះដល់ខ្លួនឯងដែរ ដែលអាចយកមកប្រើប្រាស់បាន ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការធ្វើកិច្ចការងារជាដើម ។ ប៉ុន្តែធាតុពិត គឺនៅក្នុងសង្គមប្រជាធិបតេយ្យសេរី អំណាច តួនាទី គឺត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌ តួនាទី ក៏ដូចជាភារកិច្ចដែលបានចែងនៅក្នុងការតែងតាំងរបស់ខ្លួន ដែលមិនអាចឲ្យនរណាម្នាក់ មិនថាសាច់ញាតិ ឬក៏សមាជិកគ្រួសារហ្នឹង យកសិទ្ធិ យកអំណាច យកតួនាទីរបស់ខ្លួនហ្នឹង ទៅប្រើប្រាស់នៅក្នុងកិច្ចការផ្សេង ឬក៏នៅក្នុងចេតនាផ្សេងបានទេ ។ ប៉ុន្តែនៅក្នុងសង្គមយើងហ្នឹង វានៅអ៊ីចឹង ហើយដែលមានពាក្យមួយទៀត គេថា បើសិនជាប្ដីស័ក្ដិ៤ ប្រពន្ធស័ក្ដិ៥ ។ អ៊ីចឹងវាស្រដៀងគ្នាដែរ ទៅនឹង Poster ដែលខ្ញុំបានបង្ហោះហ្នឹង ហើយឆ្លុះបញ្ចាំងអំពីការប្រើប្រាស់អំណាចខុសពេលវេលា ខុសទីកន្លែង ខុសក្របខ័ណ្ឌ ដែលការប្រើប្រាស់អំណាចបែបនេះ វាទៅជាការរំលោភអំណាច ហើយនិងធ្វើឲ្យមានការបំពានអំណាច និងបង្កើតឲ្យមានបញ្ហានៅក្នុងសង្គម“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ការប្រើប្រាស់អំណាចបែបនេះហើយ បានជាធ្វើឲ្យនៅក្នុងសង្គមយើងវាមានបញ្ហា នៅពេលដែលមានជម្លោះ ឬក៏មានបញ្ហាអីកើតឡើងហ្នឹង គឺភាគីទំនាស់ហ្នឹងច្រើនមិនសូវជារកមធ្យោបាយដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវតាមច្បាប់ តាមទម្លាប់ សីលធម៌សង្គមទេ ច្រើនតែអាងខ្នង អាងខ្សែ ។ ឧទាហរណ៍ ទាក់ទងនៅពេលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនេះដូចមានការផ្លាស់ប្ដូរច្រើនហើយ ពីមុនមក គឺច្រើនតែការអះអាងកម្លាំងពីខាងណេះ ពីខាងណោះ រហូតដល់អ្នកខ្លះទៅ ធ្វើម៉េចឲ្យតែបានឡានហ្នឹងដាក់ស្លាក ខ.ម ឬក៏នគរបាល ឬក៏មានប័ណ្ណមួយដាក់នៅកញ្ចក់ឡានហ្នឹង ភាសាសាមញ្ញគេហៅថា ពាក់ស្បែកខ្លា ដើម្បីឲ្យវាមានឥទ្ធិពលដូចខ្លា ។ ប៉ុន្តែធាតុពិត កាលណាគ្រាន់តែយកស្បែកមកពាក់ហ្នឹង គឺវាមិនអាចក្លាយទៅជាខ្លាបានទេ ហើយវាអាចបង្កបញ្ហាបន្ថែម ដែលទម្លាប់ ឬក៏ការប្រព្រឹត្តិបែបនេះ គួរតែចៀសវាងនៅក្នុងសង្គមប្រជាធិបតេយ្យសេរី ហើយបើសិនជាយើងឲ្យតម្លៃសង្គមខ្មែរ ជាសង្គមស្អាតស្អំ ជាសង្គមដែលយើងចង់បានស្អាតស្អំ មាននីតិរដ្ឋមែន យើងគួរតែផ្ដោតទៅលើការដោះស្រាយជាក់ស្ដែង ទៅតាមច្បាប់ តាមសីលធម៌នៅក្នុងសង្គម ជាជាងទៅអាងខ្នង ទៅអាងខ្សែ ទៅអាងអ្នកមានអំណាចនេះ អ្នកមានអំណាចនោះ ឬក៏សាច់ញាតិសមាជិកគ្រួសារខ្លួន ដែលមានឋានៈ មានតួនាទីនៅក្នុងស្ថាប័នសាធារណៈ ពីព្រោះអំណាចនិងតួនាទីរបស់មិត្តភក្ដិ សមាជិកគ្រួសារ ឬក៏អ្នកដែលយើងស្គាល់ហ្នឹង គឺតាមពិតយកទៅប្រើតែនៅក្នុងក្របខ័ណ្ឌនិងតួនាទីរបស់គាត់ទេ មិនមែនចេះតែយកមកប្រើ សូម្បីតែនៅក្នុងដីចម្ការ ក៏ត្រូវតែយកអំណាចគាត់មកកាងទេ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ទី១ បង្កឲ្យមានភាពអយុត្តិធម៌ នៅពេលដែលដំណោះស្រាយ ឬការប្រព្រឹត្តិហ្នឹងមិនស្មើភាពគ្នា ដោយអាងអំណាច ឬក៏អាងខ្នង អាងខ្សែ អាងស្គាល់អ្នកនេះ អាងស្គាល់អ្នកនោះ អាងជាប់សាច់ញាតិអ្នកនោះ ជាប់អ្នកសាច់ញាតិអ្នកនេះ ហើយទី២ វាបង្កើតឲ្យមានវិសមភាពនៅក្នុងសង្គម ការដោះស្រាយការងារហ្នឹង វាមិនមានតម្លាភាព ហើយវាក៏អាចបង្កើតឲ្យមានអំពើពុករលួយដែរ ។ អំពើពុករលួយនៅក្នុងនេះ គឺពុករលួយនៅក្នុងការរំលោភអំណាច ប្រើប្រាស់ឋានៈតួនាទីខុស ហើយមួយទៀត ក៏វាធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកដែលកាន់អំណាច កាន់តួនាទីនៅក្នុងស្ថាប័នសាធារណៈ នៅពេលដែលចេះតែមានអ្នកយកខ្សែអ្នកនេះ ខ្សែអ្នកនោះមកភ្ជាប់ទៅ ។ តាមពិតនៅក្នុងសង្គមយើង រឿងការដែលយករូបភាពជារូបថត ពេលទៅថតជាមួយនឹងមន្រ្តីជាន់ខ្ពស់ ឬក៏ថ្នាក់ដឹកនាំ ឬក៏អាងជាប់សែស្រឡាយមិត្តភក្ដិក្នុងសមាជិកនៅក្នុងបក្សអីជាមួយគ្នាហ្នឹង អាហ្នឹងគឺជារឿងធំណាស់ ។ ឧទាហរណ៍ជាក់ស្ដែង ករណីឧកញ៉ាឡេង ចាន់ណា នៅសៀមរាប ដែលគាត់ប្រើរូបភាពនៃការថតជាមួយនឹងនាយករដ្ឋមន្រ្តី ក៏ដូចជាសមាជិកដទៃទៀត នៃគណបក្សកាន់អំណាច នៅក្នុងកម្មវិធីមួយចំនួន ហើយគាត់ទាញអាហ្នឹងភ្ជាប់ទៅនឹងអាជីវកម្មរបស់គាត់ ។ អាហ្នឹងក៏ជាទម្រង់នៃការបំពាន និងរំលោភអំណាច ហើយនិងប្រើប្រាស់ខ្ចីដៃ ខ្ចីរូបភាព សិទ្ធិអំណាចរបស់មន្រ្តីសាធារណៈហ្នឹងមកជាឈ្នាន់ ដើម្បីប្រព្រឹត្តឆបោក ឬក៏អាជីវកម្មរបស់ខ្លួន ។ នៅស្រុកគេ ប្រជាធិបតេយ្យសេរី តាមពិតទៅ គេមានក្រមសីលធម៌មួយ គឺមន្រ្តីសាធារណៈហ្នឹង គឺមិនឲ្យទៅប្រឡូកប្រឡំចូលរួមសកម្មភាពជាមួយនឹងក្រុមហ៊ុនឯកជន ហើយបញ្ចៀសឲ្យបាន គឺធ្វើម៉េចកុំឲ្យក្រុមហ៊ុនឯកជន ឬក៏អ្នករកស៊ីហ្នឹង យករូបភាព យកទិដ្ឋភាព ឬក៏ទំនាក់ទំនងរវាងខ្លួនជាមួយនឹងអ្នកមានអំណាច ជាមួយនឹងអ្នកនយោបាយហ្នឹង ធ្វើជាខែលសម្រាប់ការទទួលបានសិទ្ធិមួយនៅក្នុងការធ្វើអាជីវកម្ម ធ្វើជាខែលដើម្បីបង្កើនការទុកចិត្តរបស់អតិថិជន ធ្វើជាខែលដើម្បីបង្កើននូវឥទ្ធិពលនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុន លើអ្នករកស៊ីដទៃទៀតនៅក្នុងសង្គម ។ អ៊ីចឹងបានគេហាមប្រាម គេមានសីលធម៌នៅក្នុងស្ថាប័នសាធារណៈហ្នឹង គឺសូម្បីតែការផ្ដល់អំណោយដែលមន្រ្តីសាធារណៈទទួលហ្នឹង នៅក្នុងសង្គមខ្លះ លើសពី ២៥ដុល្លារហ្នឹង គឺគេត្រូវតែប្រកាសថា គេបានទទួលអំណោយលើសតម្លៃប៉ុណ្ណេះៗពីអ្នកនេះ ហើយបើគេជូនទៅបុគ្គល ត្រូវប្រកាស បើគេជូនទៅស្ថាប័ន ក៏ត្រូវប្រកាសដែរ ហើយត្រូវតែមានហេតុផលគ្រប់គ្រាន់ ហេតុអីត្រូវទទួលអំណោយគេហ្នឹង? ការធ្វើបែបនេះ គឺដើម្បីកុំឲ្យអ្នករកស៊ី ឬក៏បុគ្គលណាម្នាក់ហ្នឹង ប្រើប្រាស់រូបភាព ប្រើអំណាច តួនាទីរបស់បុគ្គលសាធារណៈ មិនថាអ្នកនយោបាយ ឬក៏មន្រ្តីជាន់ខ្ពស់ ឬក៏មន្រ្តីនៅក្នុងរដ្ឋណាមួយទេ ទៅកេងចំណេញ ឬក៏បោកបញ្ឆោតអ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលខុសពីគោលដៅរួមនៃប្រយោជន៍សាធារណៈ»។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “តាមពិត រឿងអាងនេះ វាមានច្រើននៅក្នុងសង្គម មិនថាតែសង្គមខ្មែរទេ ពីសម័យបុរាណ ។ ប៉ុន្តែនៅសង្គមដែលគេជឿនលឿន ប្រទេសជឿនលឿនហ្នឹង គឺគេកាត់បន្ថយសឹងតែមានតិចបំផុត នៅតែប្រទេសដែលមានប្រជាធិបតេយ្យទន់ខ្សោយ ឬក៏ប្រទេសដែលមានប្រជាធិបតេយ្យសេរីទេ ដែលនៅប្រើឥទ្ធិពលខ្សែ ខ្នង ដើម្បីកាងខ្លួនឯង ដើម្បីកាងអាជីវកម្ម ឬក៏ឋានៈរបស់ខ្លួននៅក្នុងសង្គម ហើយដើម្បីកាត់បន្ថយបាន វាទាល់តែយើងនាំគ្នាផ្លាស់ប្ដូរការគិត និងការប្រព្រឹត្ត ហើយយកចិត្តទុកដាក់អំពីផលវិបាកនៃការបន្តវប្បធម៌ ឬក៏ទម្លាប់នៃការអាងខ្សែ ការអាងខ្នង ការអាងអ្នកនេះ អ្នកនោះ មិនថាជាសាច់ញាតិ ឬក៏ជាមិត្តភក្ដិ យកមកធ្វើជាត្រីមុខ ដើម្បីខែលសម្រាប់លើកតម្កើងខ្លួនឯង ឬក៏ការពារការរកស៊ីនៅក្នុងសង្គម ពីព្រោះការអាងបែបនេះ ការពិតទៅ វាបង្កើតបញ្ហាច្រើន វាបង្កនូវគុណវិបត្តិច្រើនជាងគុណវិបត្តិនៅក្នុង ។ ដោយសារតែហេតុនេះហើយ បានជានៅក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យសេរីជឿនលឿនហ្នឹង គឺគេព្យាយាមលុបបំបាត់ ហើយគេបង្កើតទាំងគោលការណ៍ ទាំងក្រមសីលធម៌ហ្នឹង និងក្រុមប្រតិបត្តិ ដើម្បីបញ្ចៀសកុំឲ្យមានការរំលោភអំណាច និងការប្រើប្រាស់សិទ្ធិអំណាចអ្នកដទៃ មកកាងខ្លួន ក្នុងការប្រព្រឹត្តិអំពើពុករលួយ សូម្បីតែនៅប្រទេសសិង្ហបុរី ក្បែរយើងនេះ ក៏គេយកចិត្តទុកដាក់ខ្ពស់ដែរ ទាក់ទងនឹងរឿងថា ការបើប្រាស់សិទ្ធិ តួនាទី ឬក៏អំណាច ឋានៈអ្នកណាម្នាក់ មកកាង មកធ្វើជាខែលសម្រាប់ការរស់នៅ សម្រាប់ការរកស៊ីអីហ្នឹង អាហ្នឹងការបង្កើតឲ្យមានវិសមភាពនៅក្នុងសង្គម ទាំងវិសមភាពនៅក្នុងភាពអយុត្តិធម៌នៅក្នុងការធ្វើអាជីវកម្មផងដែរ“ ៕ កុលបុត្រ

RELATED ARTICLES