Monday, May 20, 2024
Homeព័ត៌មានជាតិយុវជន២៥នាក់ ជិះកង់១០០០គីឡូ ដើម្បីបរិស្ថាន

យុវជន២៥នាក់ ជិះកង់១០០០គីឡូ ដើម្បីបរិស្ថាន

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិល ចំនួន១៣ស្ថាប័ន បានចាប់ផ្តើមប្រារព្ធកម្មវិធីបរិស្ថានពិភពលោក ឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទ “សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។

នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជា នឹងមានការរៀបចំសកម្មភាពព្រឹត្តការណ៍ជិះកង់ ការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំប្រារព្ធនៅតាមសហគមន៍ ការដាំកូនឈើនិងដើមកោងកាង និងវេទិកាបរិស្ថាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

“ព្រឹត្តការណ៍ជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន” ដែលមានអ្នកជិះកង់ចំនួន ២៥នាក់ ជិះកង់ក្នុងរយៈចម្ងាយវែង រហូតដល់ជិត ១០០០គីឡូម៉ែត្រ រយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតី នៃប្រទេសកម្ពុជា ក្នុងខេត្តកំពត  នឹងផ្តើមជាសកម្មភាពដំបូងនៃការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤។

ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោកហេង គឹមហុង បានបញ្ជាក់ថា ការ​ជិះ​កង់​ចម្ងាយ​១​ពាន់ (១០០០) គីឡូម៉ែត្រ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែ​រក្សា​បរិស្ថាន បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ឈប់​ការចែក​ចាយ​សាច់​សត្វ​ព្រៃ និង​ចូលរួម​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​។ ប្រធាន​សមាគម​រូប​នេះ ក៏​ទទូច​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ បើក​លំហ​សេរីភាព​ដល់​ពលរដ្ឋ យុវជន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​សកម្មភាព​ការពារ​បរិស្ថាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ និង​ពលរដ្ឋ សហការ​គ្នា​លើកកម្ពស់​កិច្ចការពារបរិស្ថាន និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ទទួល​បាន​បរិស្ថាន​ស្អាត​សម្រាប់​មនុស្ស​ទាំងអស់គ្នា និង​អ្នក​ជំនាន់​ក្រោយ៕

RELATED ARTICLES