Monday, May 20, 2024
Homeព័ត៌មានជាតិគីង្គក់ពាក់មកុដ-អំបែងអណ្តែត សម រង្ស៊ី ហៅសម្តេចហ៊ុន សែន-សម្តេចហ៊ុន ម៉ាណែត

គីង្គក់ពាក់មកុដ-អំបែងអណ្តែត សម រង្ស៊ី ហៅសម្តេចហ៊ុន សែន-សម្តេចហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា ប្រទេសកម្ពុជា មានច្រមុះដកដង្ហើមពិតប្រាកដរបស់ខ្លួនឯងមួយស្រាប់ហើយ គឺកំពង់ផែក្រុងព្រះសីហនុ ចំណែកព្រែកជីកហ្វូណន ជាច្រមុះដកដង្ហើមក្លែងក្លាយ ។ អតីតមេបក្សប្រឆាំងរូបនេះ បានអះអាងជាថ្មីថា ព្រែកជីកហ្វូណន មិនមែនបម្រើផលប្រយោជន៍ប្រទេសកម្ពុជា ទេ គឺបម្រើផលប្រយោជន៍ចិន ដែលចង់ប្រើប្រាស់ព្រែកនេះ ដើម្បីធ្វើជាឈ្នាន់ក្នុងគោលបំណងឈ្លានពានប្រទេសជិតខាង។ លោកសម រង្ស៊ី ថែមទាំងបានចោទប្រកាន់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)​ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគាត់ហៅថា គីង្គក់ពាក់ម្កុដ-អំបែងអណ្តែត នោះថា កំពុងតែនាំគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា ដោយសារចង់បានលុយពុករលួយពីចិន ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ថា “សូមបងប្អូនជនរួមជាតិ កុំចាញ់បោកពួកអំបែងអណ្តែត រឿងច្រមុះដកដង្ហើម សម្រាប់ប្រទេសកម្ពុជា យើងមានច្រមុះដកដង្ហើមខ្លួនយើងមួយស្រាប់ហើយ គឺកំពង់ផែក្រុងព្រះសីហនុ យើងមិនត្រូវចាញ់បោកគេ ទៅកែសម្ផស្ស ឲ្យគេដាក់ច្រមុះថ្មីឲ្យយើងមួយទៀត គឺព្រែកជីកហ្វូណន កម្ពុជា ត្រូវតែដកដង្ហើមតាមច្រមុះខ្លួនឯង ដោយមិនត្រូវរំពឹងលើច្រមុះអ្នកដទៃ។ រឿងនេះ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានគិតគូរតាំងពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ហើយព្រះអង្គ បានរៀបចំឲ្យសាងសង់កំពង់ផែក្រុងព្រះសីហនុ ដោយមានទាំងផ្លូវថ្នល់ថ្មីមួយខ្សែ និងរថភ្លើងថ្មីមួយខ្សែ ភ្ជាប់កំពង់ផែក្រុងព្រះសីហនុ ជាមួយរាជធានីភ្នំពេញ តាំងពីសម័យសង្គមរាស្រ្តនិយមម្ល៉េះ (១៩៥៥-១៩៧០)។ ក្នុងសម័យសង្គមរាស្រ្តនិយមនោះ ប្រទេសកម្ពុជា មានភាពរីកចម្រើនយ៉ាងខ្លាំង គ្រាន់បើជាងប្រទេសជិតខាងទាំងអស់ ហើយសូម្បីតែសិង្ហបុរី ក៏ចង់យកប្រទេសកម្ពុជា ធ្វើជាគំរូដែរ“ ។

លោកសម រង្ស៊ី បន្តថា “មកដល់សម័យពួកអំបែងអណ្តែត និងពួកគីង្គក់ពាក់ម្កុដ ប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ពីព្រោះមេដឹកនាំគម្រក់ នៅស្រុកយើងសព្វថ្ងៃ ចេះតែពុករលួយ លួចជាតិ បំផ្លាញជាតិ និងធ្វើបាបរាស្ត្រ។ មេដឹកនាំគម្រក់ទាំងនោះ ពូកែភូតភរប្រជារាស្ត្រ ដោយគេលើកឡើងថា ប្រទេសកម្ពុជា ត្រូវការច្រមុះដកដង្ហើមដោយខ្លួនឯង ដោយមិនរំពឹងលើប្រទេសវៀតណាម តាមច្រកចេញចូល តាមទន្លេមេគង្គ។ ដូច្នេះគេលើកឡើងពីការចាំបាច់ឲ្យជីកព្រែកហ្វូណន ដើម្បីនាវាដឹកជញ្ជូនទំនិញ ធ្វើចរាចរណ៍តាមព្រែកនេះ ពីទីក្រុងភ្នំពេញ ដល់សមុទ្រអន្តរជាតិ ដោយឆ្លងកាត់តាមខេត្តកែប។

លោកសម រង្ស៊ី បន្តទៀតថា “ពួកអំបែងអណ្តែត ខំបិទបាំងរឿង២ ដែលបង្ហាញថា ព្រែកជីកហ្វូណននេះ គ្មានប្រយោជន៍អ្វីទេ ពីព្រោះ ៖ ១- នាវាដឹកទំនិញ មិនអាចចេញចូលពីខេត្តកែប ដល់សមុទ្រអន្តរជាតិ បានទេ ពីព្រោះជនក្បត់ជាតិ ហ៊ុន សែន បានកាត់កោះត្រល់ ឲ្យទៅប្រទេសវៀតណាម រួចទៅហើយ កាលពីឆ្នាំ១៩៨២ ហើយកោះត្រល់ នេះ គឺបិទច្រកចេញចូលពីខេត្តកែប ដល់សមុទ្រអន្តរជាតិ។ ២- មកដល់ពេលនេះ ពាណិជ្ជកម្មប្រទេសកម្ពុជា ជាមួយអន្តរជាតិ គឺឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលយើងមានស្រាប់ហើយ ដល់កម្រិត ៩៩ភាគរយ។ មានតែ ១ភាគរយទេ ដែលឆ្លងកាត់តាមកំពង់ផែទីក្រុងភ្នំពេញ ហើយដែលថ្ងៃក្រោយ នឹងឆ្លងកាត់តាមព្រែកហ្វូណន បើធ្វើទៅរួច ។ សរុបសេចក្តីទៅ ព្រែកហ្វូណន នេះ មិនមែនបម្រើផលប្រយោជន៍ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍ចិនកុម្មុយនីស្ត ដែលចង់ប្រើប្រាស់ព្រែកនេះ ជាមួយនឹងមូលដ្ឋានសឹករបស់គេនៅរាម ដើម្បីធ្វើជាឈ្នាន់ក្នុងគោលបំណងឈ្លានពានប្រទេសជិតខាង។ ពួកអំបែងអណ្តែត និងគីង្គក់ពាក់ម្កុដ កំពុងតែនាំមកគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា ដោយសារតែពួកទាំងនោះ ចង់បានលុយពុករលួយពីចិនកុម្មុយនីស្ត“ ។

បន្ថែមលើនេះ លោកសម រង្ស៊ី ក៏បានចោទសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ថាប្រុងក្បត់ជាតិម្តងទៀត ដោយលោកថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយទៅជាព្រែកវិញតេ មួយទៀត ។

លោកសម រង្ស៊ី បានថ្លែងក្នុងវេទិកាទូរទស្សន៍សង្រ្គោះជាតិ នៅក្រៅប្រទេសថា “ខ្ញុំគិតជាមួយបញ្ញវន្តខ្មែរ មួយចំនួន អ្នកស្រលាញ់ជាតិ មិនលក់ខ្លួន មិនលក់ក្បាលឲ្យហ៊ុន សែន ដាច់ខាត គឺថារឿងនេះជ្រៅជាងអ្វីដែលខ្ញុំលើកឡើងអម្បាញ់មិញទៅទៀត ជ្រៅជាងទៀត ឆ្ងាយជាងហ្នឹងទៅទៀត គឺហ៊ុន សែន គាត់ធ្វើអីក៏ធ្វើទៅ ក្បត់ជាតិយ៉ាងម៉េច ក៏គាត់ក្បត់ដែរ ។ ឥឡូវហ្នឹងគម្រោងគាត់ គឺក្បត់ ២ដង ក្បត់ឲ្យចិនផង ហើយក្បត់ឲ្យយួនទៀត គាត់ធ្លាប់ក្បត់ឲ្យយួនម្ដងហើយ គាត់ក្បត់ឲ្យយួនទៀត ។ ក្បត់យ៉ាងម៉េច? គាត់ដឹងថា ព្រែកហ្នឹង ធ្វើទៅបានលុយពីចិនភ្លាម អាហ្នឹងគាត់ក្បត់ម្ដង តែគាត់ក្បត់ម្ដងទៀត គាត់ដឹងថា ប្រទេសវៀតណាម អត់សុខចិត្តទេ ព្រែកហ្នឹង គឺបើកផ្លូវឲ្យចិន ចូលមកឈ្លានពានប្រទេសវៀតណាម ។ ចិន មានមូលដ្ឋានសឹកនៅរាម ហើយ ចិន មានព្រែកទៀត ចិន មានប្រៀបលើប្រទេសវៀតណាមហើយ គឺហ៊ុន សែន ដូចសម័យប៉ុល ពត អ៊ីចឹង គឺចូលដៃជាមួយចិន ដើម្បីឈ្លានពានប្រទេសជិតខាង ។ អ៊ីចឹងប្រទេសជិតខាង គេប្រតិកម្មហើយ ឆ្នាំ១៩៧៩ ដែលវៀតណាម ចូលមកលើកបន្តុបហ៊ុន សែន គេប្រតិកម្ម ព្រោះប៉ុល ពត ទៅវ៉ៃគេ ហើយអ្នកណាញុះញង់ប៉ុល ពត ទៅវ៉ៃគេ? គឺចិន ។ ឥឡូវហ្នឹងដូចគ្នាទៀតហើយ គឺចិន រៀបចំគម្រោងទៅវ៉ៃយួនហើយ ហើយយួន នឹងបកមកវិញហើយ ដូចកាលឆ្នាំ១៩៧៩ អ៊ីចឹង ហើយចិន វាអត់មកជួយខ្មែរទេ ចិន វាមកជួយប៉ុល ពត ទេ? ដែលយួន វ៉ៃប៉ុល ពត សម័យខ្មែរក្រហម ជំនាន់នោះ អត់ទេ ។ ឥឡូវដល់អ៊ីចឹងទៀត បើមានសង្រ្គាមធំ អាហ្នឹងវាច្បាំងគ្នាទូទៅតែម្ដង ប៉ុន្តែបើមានសង្រ្គាមតូចមួយ បើយួន លើកទ័ពមកវ៉ៃខ្មែរ ដោយសារខ្មែរ ចូលដៃជាមួយចិន ចង់ឈ្លានពានគេ ហើយចាប់ផ្ដើមឈ្លានពានគេ អាហ្នឹងយួនវ៉ៃ ចិនអត់មានមកជួយទេ ។ បើយើងវ៉ៃចាញ់គេ ដូចដែលប៉ុល ពត ចាញ់វៀតណាម ទៅជាយ៉ាងម៉េច? គេបង្ខិតព្រំដែន អាព្រែកហ្នឹង គេយកទៅធ្វើព្រំដែនថ្មីរបស់គេ ដូចព្រែកវិញតេ“ ។

លោកសម រង្ស៊ី បានមានប្រសាសន៍បន្តថា “ព្រែកវិញតេ នៅខេត្តតាកែវ នោះ កាលមុនជីកលើដីខ្មែរតើ! តែវៀ់តណាម គេមានឱកាស គេមានលេស គេលេបត្របាក់ទឹកដីខ្មែរ គឺយកព្រែកវិញតេ ហ្នឹង កាត់ធ្វើជាព្រំដែន គេថាព្រែកហ្នឹងរបស់គេ ។ ឥឡូវអាព្រែកហ្វូណនតេជោ អីហ្នឹង នឹងក្លាយទៅជាព្រំដែនថ្មី រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ។ ខ្ញុំមើលផែនទីទៅ យើងនឹងបាត់បង់ទឹកដីប្រមាណ ១ម៉ឺនគីឡូម៉ែតការ៉េ គឺបាត់ច្រើនណាស់ ពីចន្លោះ ៥ពាន់ ទៅ១ម៉ឺនគីឡូម៉ែត្រការ៉េ ដោយសារព្រែកហ្នឹង ពីព្រោះយើងឲ្យលេសទៅគេ ឲ្យចិន មកធ្វើសង្រ្គាម មកគំរាមគេ ដល់ធ្វើសង្រ្គាមចាញ់គេ គេថាអ៊ីចឹងគេយកហើយ អាព្រែកហ្នឹង ជាដើមហេតុនៃសង្រ្គាម គេយកព្រែកហ្នឹង គេយកទៅគ្រប់គ្រង ព្រែកហ្នឹងក្លាយទៅជាព្រំដែនថ្មី រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ។ តើអ្នកណាអ្នកនាំរឿងទាំងអស់ហ្នឹងមក? គឺហ៊ុន សែន ។ រឿងពេលនេះគាត់ចំណេញដោយសារចិន ហើយលើកក្រោយខ្មែរ ខាតទៀត ខ្មែរ ខាតទឹកដីទៀត ប៉ុន្តែវៀតណាម នៅការពារគាត់ នៅជួយការពារគាត់ ។ អ៊ីចឹងគឺគាត់បានរក្សាតំណែង យើងបាត់បង់ទឹកដីយ៉ាងណា ប្រទេសយើងហិនហោចយ៉ាងណា គាត់លក់ខ្ទេចលក់ខ្ទីយ៉ាងណា គាត់នៅបានរក្សាតំណែង ហើយគាត់បានលុយច្រើន ប្រទេសយើងហិនហោច ប្រទេសយើងបាត់បង់ទឹកដីទៅថ្ងៃក្រោយ គាត់អត់ខ្វល់ទេ ។ ហ្នឹងហើយដែលហៅថា ហ៊ុន សែន ក្បត់ជាតិ ។ ក្បត់ជាតិមិនដឹងជាប៉ុន្មានលើក ប៉ុន្មានសាទេ ធ្វើអីក៏ធ្វើដែរ ឲ្យតែបាននៅក្រាញអំណាច ។ សូមឲ្យបងប្អូនគិតឲ្យមែនទែន អារឿងព្រែកហ្នឹង វាចំណេញហ៊ុន សែន វាច្បាស់ហើយ ប៉ុន្តែវាខាតដល់កម្ពុជា វាគ្រោះថ្នាក់ដល់កម្ពុជា យ៉ាងណា សូមបងប្អូនជនរួមជាតិដែលមានមនសិការជាតិ យករឿងនេះយកមកគិតជាមួយគ្នាហ្នឹង“ ។

ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្មឆ្លើយតបពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិលមិញ ។

ទោះយ៉ាងណា លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលមុននេះធ្លាប់បានបញ្ចេញសារប្រតិកម្ម ឆ្លើយតបទៅលោកសម រង្ស៊ី ថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជានោះ នៅពេលនេះ លោកបានប្រតិកម្មឆ្លើយតបជាថ្មីថា សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ ។

លោកប៉ែន បូណា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ថា “សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ!

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យទាល់តែបាន នូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្រ បានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជ្យភាព និងភាពរឹងមាំខាងសេដ្ឋកិច្ច ដោយឈរលើកម្លាំងខ្លួនឯង ដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។

ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពង ដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមា ដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លា ដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខ ដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយ ដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរ បានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួន ជាងពេលណាៗទាំងអស់ តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា «ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ មួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែត ពីមុខមាត់ពិតរបស់ពួកគេ។ ជាក់ស្តែង ខណៈដែលជនជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិក្លែងក្លាយ មួយរូបជាមួយសាវ័កមួយដំបស្វា បែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ»។

លោកប៉ែន បូណា បន្តទៀតថា «ការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយម ងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេ ត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។ អាចនិយាយបានថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែវាជាបណ្តាសា និងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ ឱ្យប្រជាពលរដ្ឋខ្មែរ បានឃើញច្បាស់ និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន»។

គួររំលឹកថា កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ថ្លែងក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី ដែលមានអ្នកចូលរួម ជាង៦០០រូប សម្ដេចហ៊ុន សែន ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» ដោយសម្តេច​បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចម្អិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋ នៅទូទាំងប្រទេសផងដែរ។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀត ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទរ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ។ សម្ដេច បន្ថែមទៀតថា ពេលដែលវៀតណាម ស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាម គេក៏មិនសម្រួលឱ្យកម្ពុជា នោះដែរ។

សម្ដេចហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រែកជីក “ហ្វូណនតេជោ” មានសារប្រយោជន៍ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេច  បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញចំពោះគម្រោងព្រែកជីក​ “ហ្វូណនតេជោ​”​ បាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះ សម្តេច ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះ ឲ្យខាងតែបាន។

សម្ដេចហ៊ុន សែន បានបញ្ជាក់ថា សម្ដេច ឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកា ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការធ្វើព្រែកជីកហ្វូណនតេជោ នេះឲ្យសម្រេចបានជោគជ័យ។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាម ជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជា លើករណីព្រែកជីកហ្វូណនតេជោ នេះ។សម្តេច បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជា មិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាប ហូរចូលសមុទ្រ ឬទឹកប្រៃ ចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នេះនឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជា ឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះ នឹងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។

សម្តេចហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា គ្មានការរាថយនោះឡើយចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេច ក៏បានប្រកាសផងដែរថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចរចានិងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។ សម្តេចហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម ផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕  កុលបុត្រ

RELATED ARTICLES