Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបស្រីបាន រត់អត់រួច ជាប់ខ្នោះ៣

ឆក់កាបូបស្រីបាន រត់អត់រួច ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់កម្មការិនីម្នាក់បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួនដែរ តែរត់មិនរួច ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញដេញតាមឃាត់ខ្លួនបានភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថា ស្រីម៉ាច  ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកសម្ភារៈបាត់បង់ រួមមាន ១-កាបូប ចំនួន១។ ២-ទូរស័ព្ទដៃ ម៉ាក iPhone 7Plus ពណ៌ខ្មៅ ចំនួន១គ្រឿង។ ៣-លុយ ចំនួន២០ម៉ឺនរៀល។ ៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះរស់ ពិសី ចំនួន១សន្លឹក។

ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉េត សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន)។ ទី២-ឈ្មោះឈុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល (មានសារធាតុញៀន) និងទី៣-ឈ្មោះផៃ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  (មានសារធាតុញៀន)។

ដោយឡែកវត្ថុតាងដកហូតបាន រួមមាន ១-កាបូបលុយពណ៌សូកូឡា ចំនួន១។ ២-ប័ណ្ណចាក់វ៉ាក់សាំង ចំនួន០១សន្លឹក ឈ្មោះ ថា ស្រីម៉ាច។ ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹកឈ្មោះថា ស្រីម៉ាច។ ៤-ប័ណ្ណសមាជិក ប.ស.ស ចំនួន១សន្លឹកឈ្មោះថា ស្រីម៉ាច (ជារបស់ជនរងគ្រោះ)។ ៥-ម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-1355 ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ ឈ្មោះវ៉េត សីហា)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះរស់ ពិសី ភេទស្រី អាយុ២៥ឆ្នាំ ចេញពីរោងចក្រនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើង ទៅត្បូង ខណៈមកដល់ត្រង់ចំណុចខាងមុខដីឡូត៍គ្មានលេខខាងលើ លេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ស លាយខៀវ ពាក់ ស្លាក លេខ កំពង់ស្ពឺ 1O-1355 ធ្វើដំណើរស្របទិសគ្នា មកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ និងកាបូបលុយរបស់ជនរងគ្រោះ បានសម្រេច ហើយជិះម៉ូតូគេចខ្លួនតាមផ្លូវក្រវាត់ក្រុងទី៣។ ចំណែកជនរងគ្រោះ បានស្រែកចោរ!ៗ ផ្អើលអ្នកជិតខាង និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយធ្វើអន្តរាគមន៍ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ មកដល់ត្រង់ចំណុចផ្លូវប្រឡាយទឹក ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ជនសង្ស័យបានផ្តូលម៉ូតូ រត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនិងកាបូបលុយ របស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES