Thursday, March 5, 2026
Homeចរាចរណ៍ឡានដឹកគ្រឿងសមុទ្រ បុកគេ ក្រឡាប់ខ្លួនឯង

ឡានដឹកគ្រឿងសមុទ្រ បុកគេ ក្រឡាប់ខ្លួនឯង

ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ដឹកគ្រឿងសមុទ្រ ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលបុករថយន្តទំនើប ១ គ្រឿង ពេញទំហឹង បណ្តាលឱ្យក្រឡាប់បះជើងខ្លួនឯង ចំណែករថយន្តទំនើបខូចខាត១ចំហៀង តែសំណាងល្អ មិនមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តសាំងយ៉ុង ដឹកគ្រឿងសមុទ្រ ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1130 បើកបរក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តទំនើប ១គ្រឿង ម៉ាក Ford EVEREST ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CH-2231 បើកបរទិសដៅពីលិច ទៅកើត តាមបណ្តោយផ្លូវសម្តេច ជា ស៊ីម លុះបើកឆ្លងមកដល់នៅត្រង់ចំណុចស្តុប២៤ម៉ោង ត្រូវរថយន្តដឹកគ្រឿងសមុទ្រ បុកពេញ ទំហឹង បណ្តាលរថយន្តដឹកគ្រឿងសមុទ្រ ក្រឡាប់បះជើង ចាក់គ្រឿងសមុទ្រពេញផ្លូវ។ ចំណែករថយន្ត Ford EVEREST ខូចខាតមួយចំហៀងខាងស្តាំ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុ ម្ចាស់រថយន្តទាំងសងខាង បានគេចចេញពីកន្លែងកើតហេតុបាត់អស់ ដោយបន្សល់ទុក រថយន្តនៅកន្លែងកើតហេតុ ហើយត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES