ព្រៃវែង ៖ បុរស២នាក់ ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង ដឹកគ្នា បត់ចូលខ្លោងក្លោងទ្វារវត្ត ជ្រុលទៅបុករូបសំណាកដំរីថ្ម នៅមុខច្រកចូល បណ្តាលឱ្យរងរបួសធ្ងន់ ទាំង២នាក់ ចំណែកដំរីថ្ម នៅឈរធ្វើព្រងើយ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្លោងទ្វារវត្តឯករាជ្យ ក្នុងភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូហុងដា ឌ្រីម ១គ្រឿង ដឹកគ្នាធ្វើដំណើរពីកើត ទៅលិច ដោយល្បឿនលឿន ដល់មកចំណុចកើតហេតុ បានបត់ចូលតាមខ្លោងទ្វារវត្តឯករាជ្យ ស្រាប់តែជ្រុលទៅបុករូបសំណាកដំរីថ្ម បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕