Friday, May 17, 2024
Homeព័ត៌មានជាតិកូនចៅផ្តាច់ខ្លួនហូរហែ សម រង្ស៊ី ថាផ្តាច់ខ្លួន មិនមែនមានន័យថាផ្តាច់ចិត្ត

កូនចៅផ្តាច់ខ្លួនហូរហែ សម រង្ស៊ី ថាផ្តាច់ខ្លួន មិនមែនមានន័យថាផ្តាច់ចិត្ត

ភ្នំពេញ ៖ ស្របពេលដែលកូនចៅ សហការីជំនិត បានប្រកាសផ្ដាច់ខ្លួន មកចូលរួមជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងសុំការលើកលែងទោសពីសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាហូរហែនោះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានអះអាងថា ការផ្ដាច់ខ្លួន មិនមែនមានន័យថាផ្ដាច់ចិត្តទេ ដោយអតីតមេបក្សប្រឆាំងរូបនេះ បានចោទសម្តេចហ៊ុន សែន ថាបង្ខំឲ្យគេឯង ប្រកាសផ្ដាច់ខ្លួនពីរូបលោក ដោយសារភ័យខ្លាចធ្វើឲ្យគាត់បាត់បង់អំណាច ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ផ្ដាច់ខ្លួន មិនមែនមានន័យថា ផ្ដាច់ចិត្តទេ មានមនុស្សល្មោភអំណាចម្នាក់ ដែលបង្ខំឲ្យគេឯងប្រកាសផ្ដាច់ខ្លួនពីមនុស្សម្នាក់ទៀត ដែលគាត់ភ័យខ្លាចថានឹងធ្វើឲ្យគាត់បាត់បង់អំណាច។  ទាល់តែឆោតណាស់ បាននឹកស្មានថា ផ្ដាច់ខ្លួន មានន័យថា ផ្ដាច់ចិត្ត ពីព្រោះគ្មាននរណាអាចបង្ខំឲ្យយើងស្អប់មនុស្សល្អ ហើយបែរទៅស្រលាញ់មនុស្សអាក្រក់វិញនោះទេ“ ។

លោកសម រង្ស៊ី បន្តថា “ក្រោមការសម្លុតពីជនផ្ដាច់ការ អ្នកខ្លះប្រកាសថា ព្រមផ្ដាច់ខ្លួនពីមនុស្សដែលជនផ្ដាច់ការនោះភ័យខ្លាច តែពួកគេនៅតែរក្សាឧត្ដមគតិដើមរបស់ពួកគេ ក្នុងជម្រៅចិត្តរបស់គេដដែល“ ។

ស្របគ្នានឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថា សម្ដេចហ៊ុន សែន មេបក្សកាន់អំណាច យល់ច្រឡំហើយថា អ្នកដែលសុំទោសគាត់ទាំងអស់នោះ ផ្ដាច់ទាំងចិត្ត ផ្ដាច់ទាំងខ្លួនពីលោកសម រង្ស៊ី ឬពីអតីតគណបក្សសង្រ្គោះជាតិ ប៉ុន្តែការពិត មិនមែនទេ គឺពួកគេធ្វើទាំងបង្ខំចិត្ត ដើម្បីបានចូលស្រុកខ្មែរ ដូចករណីលោកជា ប៉ូច និងលោក គង់ សភា ជាដើម។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ត្រឹមត្រូវហើយ ទោះបីអ្នកខ្លះគាត់ប្រកាស់ផ្ដាច់ខ្លួន ប៉ុន្តែមិនផ្ដាច់ចិត្តនោះទេ មានន័យថា គាត់ធ្វើទាំងបង្ខំចិត្ត ដើម្បីចូលស្រុកខ្មែរហ្នឹង ។ ដូចលោក គង់ សភា អីជាដើម ទឹកចិត្តរបស់គាត់ គឺនៅជាមួយសម រង្ស៊ី នៅជាមួយសង្រ្គោះជាតិ ហ្នឹងឯង អត់មានទៅនៅជាមួយលោកហ៊ុន សែន នោះទេ ។ និយាយទៅ ត្រឹមត្រូវហើយ គ្មានអ្នកណាគេស្អប់មនុស្សល្អ ហើយទៅស្រលាញ់មនុស្សផ្ដាច់ការ កាន់អំណាចតពូជនោះទេ ។ ដូច្នេះគេផ្ដាច់តែខ្លួនហ្នឹងឯង ប៉ុន្តែចិត្តរបស់គេហ្នឹង គឺនៅជាមួយសង្រ្គោះជាតិ ជាមួយថ្នាក់ដឹកនាំសង្រ្គោះជាតិ ដដែលហ្នឹងទេ ។ លោកហ៊ុន សែន គាត់យល់ច្រឡំហើយថា អ្នកទាំងអស់ហ្នឹងផ្ដាច់ទាំងចិត្ត ផ្ដាច់ទាំងខ្លួន ការពិត មិនមែនទេ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ពួកគេមិនទៅចូលរួមជាមួយជនផ្ដាច់ការនោះទេ ហើយពួកគេនៅតែមានឧត្ដមគតិដើមរបស់គេ ក្នុងចិត្តរបស់គេហ្នឹង គឺនៅដដែល នៅតែចង់សង្រ្គោះជាតិ នៅជាមួយសង្រ្គោះជាតិ នៅជាមួយថ្នាក់ដឹកនាំសង្រ្គោះជាតិ គេមិនទៅចូលរួមជាមួយជនផ្ដាច់ការនោះទេ  គេគ្រាន់តែចូលស្រុក ដើម្បីទៅសួរសុខទុក្ខម្ដាយតែប៉ុណ្ណោះឯង ទៅថែទាំឪពុកម្ដាយតែប៉ុណ្ណោះឯង ។ ដូច្នេះការសម្លុតគំរាមកំហែងរបស់ហ៊ុន សែន ហ្នឹង គឺមិនបានចិត្តពួកគេនោះទេ បានត្រឹមតែសំបកក្រៅ ប៉ុន្តែចិត្ត ឧត្ដមគតិពួកគេ គឺនៅដដែល មិនប្រែប្រួលនោះទេ គឺនៅតែស្រលាញ់ជាតិ នៅតែនៅជាមួយអ្នកប្រជាធិបតេយ្យ មិននៅជាមួយជនផ្ដាច់ការនោះទេ“ ។

ទោះបីយ៉ាងណា លោកជុំ កុសល សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការអះអាងរបៀបលោកសម រង្ស៊ី ដែលថាមកតែខ្លួន តែចិត្តមិនទៅនោះ វាគ្រាន់តែជាការអះអាងបែបទាល់ច្រក ទាល់គំនិតមួយ ដែលពាក្យខ្មែរ ហៅថា «និយាយលែងចេញ» ប៉ុណ្ណោះ ព្រោះការដែលចាកចេញមករបស់មនុស្សធ្លាប់នៅជាមូយលោកសម រង្ស៊ី  សម្ដេចហ៊ុន សែន អត់បានទៅហៅ អញ្ជើញ បង្ខិតបង្ខំទេ គ្រាន់តែបើកចំហចំពោះបងប្អូនណាដែលផ្ដាច់ខ្លួនចេញពីជនក្បត់ជាតិ ៣ជំនាន់ ។

លោកជុំ កុសល បានមានប្រសាសន៍ថា “សម រង្ស៊ី មិនមែនស្ថិតនៅក្នុងបេះដូង នៅក្នុងខួរក្បាលរបស់អ្នកផ្ដាច់ខ្លួនទាំងនោះទេ សម រង្ស៊ី គឺសម រង្ស៊ី ឯបងប្អូនទាំងនោះ គឺជាពួកគាត់ទាំងអស់នោះហើយ ។ ការអះអាងរបៀបលោកសម រង្ស៊ី វាគ្រាន់តែជាការអះអាងបែបទាល់ច្រក ទាល់គំនិតមួយ ដែលពាក្យខ្មែរយើងហៅថា និយាយលែងចេញ ព្រោះការដែលចាកចេញមករបស់បងប្អូននោះ សម្ដេច អត់បានទៅហៅគាត់ អត់បានទៅអញ្ជើញពួកគាត់ ក៏មិនបានទៅបង្ខិតបង្ខំទេ គ្រាន់តែបើកចំហចំពោះបងប្អូនណាដែលផ្ដាច់ខ្លួនចេញពីមេជនក្បត់ជាតិ៣ជំនាន់ ។ អ៊ីចឹងជាក់ស្ដែង បងប្អូនដែលអញ្ជើញមកនោះ គឺគាត់បានប្រើពាក្យសុំលើកលែងទោស សុំអភ័យទោសនូវកំហុសខុសឆ្គងទាំងឡាយដែលធ្លាប់តែធ្វើខុសចំពោះសម្ដេច កន្លងមក ។ នេះយើងដឹងទាំងអស់គ្នាហើយ ហើយខ្លះទៀត គាត់មិនត្រឹមតែសុំអភ័យទោសទេ គាត់សុំទាំងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទៀតផង ។ អានេះជាសិទ្ធិរបស់គាត់ ហើយងាកមកសម្ដេចតេជោ ក៏ដូចជាសម្ដេចមហាបវរធិបតី លោកមានក្ដីមេត្តា ទោះបីជាអ្នកទាំងនោះធ្លាប់ប្រមាថ ធ្លាប់ជេរ ធ្លាប់វ៉ៃប្រហារយ៉ាងណាក៏ដោយ គឺថាលោកផ្ដល់ក្ដីមេត្តា មានន័យថា មិនប្រកាន់ទោសអូសដំណើរអីទេ។ ឯងាកទៅលោកសម រង្ស៊ី ជាប្រពៃណីរបស់គាត់ទៅហើយ នៅពេលដែលអ្នកនៅជាមួយ ថាគេជាអ្នកស្នេហាជាតិ ជាអ្នកស្មោះជាមួយខ្លួន ប៉ុន្តែនៅពេលគេសម្រេចដើរចេញពីខ្លួន អ្នកនោះសុទ្ធតែជាអ្នកក្បត់ជាតិ ជាអ្នកលក់ឧត្ដមគតិ ឥឡូវចេញពាក្យថ្មីមួយទៀតថា ទៅតែខ្លួន ចិត្តមិនទៅ ហើយគាត់មិនមែននៅក្នុងខួរក្បាលគេឯណា ពីព្រោះគាត់ដឹងខ្លួនគាត់ថា បន្តិចទៀត គាត់នឹងឯកោហើយ ។ នៅមានទៀត មើលទៅអាចនៅមានមនុស្សសំខាន់ៗដែលកៀកលោកសម រង្ស៊ី គេនឹងចាកចេញជាបន្តបន្ទាប់មកទៀត ចុងបញ្ចប់ គាត់នៅតែពីរនាក់ភរិយាគាត់ហ្នឹងឯង ។ អ៊ីចឹងវាអត់មានអីចម្លែកទេ ជាមួយសម្ដីលោកសម រង្ស៊ី នោះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ចំពោះគាត់ថា ក្រោមការសម្លុតពីជនផ្ដាច់ការ អ្នកខ្លះប្រកាសថា ព្រមផ្ដាច់ខ្លួនពីមនុស្សដែលជនផ្ដាច់ការនោះភ័យខ្លាច តែពួកគេនៅតែរក្សាឧត្ដមគតិដើមរបស់ពួកគេ ក្នុងជម្រៅចិត្តរបស់គេដដែល ក្រោមការសម្លុតពីជនផ្ដាច់ការ អ្នកខ្លះប្រកាសថា ព្រមផ្ដាច់ខ្លួនពីមនុស្សដែលជនផ្ដាច់ការនោះភ័យខ្លាច តែពួកគេនៅតែរក្សាឧត្ដមគតិដើមរបស់ពួកគេ ក្នុងជម្រៅចិត្តរបស់គេដដែលនោះ កន្លែងហ្នឹងគាត់ចង់មានន័យថា អ្នកទាំងនោះ មកតាមការគំរាមកំហែង ឬក៏បង្ខិតបង្ខំ ។ អាហ្នឹងខ្ញុំយល់ថា លោកសម រង្ស៊ី វិនិច្ឆ័យខុស ឬក៏វិនិច្ឆ័យតាមទម្លាប់ខុសរបស់គាត់ តាំងពីអើយមក ។ អាហ្នឹងយើងសបញ្ជាក់ឲ្យឃើញអ៊ីចឹង លោកសម រង្ស៊ី ដែលបរាជ័យនយោបាយ រហូតដល់ខ្លួនមានទោស រត់គេចខ្លួនទៅនៅក្រៅប្រទេសនេះ វាកើតចេញពីការវិនិច្ឆ័យមនុស្សខុសបែបហ្នឹងឯង ។ បើគាត់វិនិច្ឆ័យមនុស្សត្រូវ ប្រហែលមិនដល់កម្រិតហ្នឹងទេ ។ អ៊ីចឹងគាត់វិនិច្ឆ័យខុសហ្នឹងហើយ បានគាត់ធ្លាក់ខ្លួនដល់ប៉ុណ្ណឹង ។ ខ្ញុំមើលឃើញថា គាត់មានចំណុចខ្សោយហ្នឹងមួយ ដែលគាត់មើលមនុស្សខុស វិនិច្ឆ័យមនុស្សខុស ។ មានអ្នកណាទៅគំរាមកំហែង? ជាសិទ្ធិសេរីភាពរបស់ពួកបងប្អូនទាំងអស់ ដែលគាត់សម្រេចចិត្តចាកចេញមកនោះ” ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “ រីឯគាត់ថា ផ្ដាច់ខ្លួន មិនមែនមានន័យថាផ្ដាច់ចិត្តទេ មានមនុស្សល្មោភអំណាចម្នាក់ ដែលបង្ខំឲ្យគេឯងប្រកាសផ្ដាច់ខ្លួនពីមនុស្សម្នាក់ទៀត ដែលគាត់ភ័យខ្លាចថា នឹងធ្វើឲ្យគាត់បាត់បង់អំណាច គាត់ចង់បង្ហាញថា គាត់ជាមនុស្សល្អ ហើយអ្នកទាំងនោះដែលផ្ដាច់ខ្លួនចេញមកហ្នឹង គឺមានន័យថា មកតែខ្លួន ឯចិត្ត នៅដក់ជាប់ជាមួយគាត់ ដែលគិតគាត់ជាមនុស្សល្អ ។ អាហ្នឹងគិតបែបគាត់ទៅ បានន័យថា គិតបែបគាត់ បុគ្គលគាត់ ដែលគាត់គិតរបៀបហ្នឹង តាំងពីអើយមកទៅហើយ ប៉ុន្តែសំខាន់យើងមើលពីទឹកចិត្តរបស់បងប្អូនដែលផ្ដាច់ខ្លួនចេញមក ហើយមកជ្រកក្រោមម្លប់គណបក្សប្រជាជន ក៏ដូចជាសុំការប្រណីពីសម្ដេច ទាំងសម្ដេចតេជោ ទាំងសម្ដេចធិបតី ហ្នឹងថាតើពួកគាត់ ក្រោយពីមានការលើកលែងទោស មានការផ្ដល់ការអនុគ្រោះអីហើយ តើពួកគាត់យ៉ាងម៉េច យើងចាំមើលទៅទៀត? គឺគាត់មានការកែប្រែ ប្រែទឹកមុខ ប្រែសកម្មភាព ប្រែកាយវិការអី គឺហាក់បីដូចជាពួកគាត់រួចចេញពីទ្រុង ឬក៏រួចចេញពីជ្រោះមរណៈអីមកអ៊ីចឹង“ ។

គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានសកម្មជន អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ដែលជាមនុស្សជំនិតលោកសម រង្ស៊ី ជាច្រើននាក់មកហើយ ដែលបានផ្ដាច់ខ្លួនពីអតីតបក្សមេបក្សប្រឆាំងរូបនេះ ហើយបានធ្វើលិខិតសុំទោសសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងសុំចុះចូលបក្សកាន់អំណាច។ ជាក់ស្តែង ថ្មីៗនេះ មនុស្សជំនិតពីររូប ដែលមានជំហរស្មោះត្រង់ដើរតាមលោកសម រង្ស៉ី ជាយូរមកហើយ គឺលោក គង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ និងលោកជា ប៉ូច អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពត នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតសុំសម្តេចហ៊ុន សែន លើកលែងទោស ដោយបានប្រកាសផ្តាច់ខ្លួនទាំងស្រុងពីលោកសម រង្ស៉ី និងអតីតបក្សប្រឆាំងពាក់ព័ន្ធ ហើយលោកទាំងពីរ ក៏ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស រួចរាល់ហើយផងដែរ។

ក្រោយប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី តាមរយៈលិខិតសុំទោស និងសុំអន្តរាគមន៍លើកលែងទោសរបស់អតីតសហការីលោកសម រង្ស៉ី ខាងលើនេះ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា ក្នុងស្មារតីបង្រួបបង្រួមជាតិ សម្ដេច ទទួលយកការសុំអភ័យទោសពីមនុស្សទាំងឡាយដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ (សម រង្ស៉ី) និងសូមលើកលែងទោសឲ្យពួកគេ តែមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តដើរតាមលោកសម រង្ស៉ី ជាដាច់ខាត ដោយសម្តេច នឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណាដែលជេរប្រមាថ មួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជា ឬមកលើសម្តេច តទៅទៀត ដោយគ្មានការលើកលែង។ សម្តេចប្រមុខគណបក្សកាន់អំណាច បានបញ្ជាក់បន្ថែមថា សម្តេច នឹងមិនអាចអត់ឱនឲ្យបានទេ ចំពោះជនណា ឬក្រុមណាក៏ដោយ មិនថាខ្មែរឬបរទេស ដែលចង់ដុតផ្ទះកម្ពុជា ដើម្បីចម្អិនពងមាន់របស់ពួកគេ ៕ កុលបុត្រ 

RELATED ARTICLES