Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាយដុល្លារក្លែងក្លាយ ប៉ូលិសចាប់ខ្លួន៧នាក់

ចាយដុល្លារក្លែងក្លាយ ប៉ូលិសចាប់ខ្លួន៧នាក់

ខេត្តកណ្ដាល ៖ ជនសង្ស័យ៧នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន ពាក់ព័ន្ធករណី ចរាចរប្រាក់ដុល្លារក្លែងក្លាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចការដ្ឋានខ្សាច់ភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

 មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ ០៧នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ១-ឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មេក្លោង មានសារធាតុញៀនក្នុងទឹកនោម, ២-ឈ្មោះ ម៉េង វាំងតាក់ ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀន ក្នុងទឹកនោម, ៣-ឈ្មោះ ឆេង បុផ្ផា ហៅផា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារ ធាតុញៀនក្នុងទឹកនោម, ៤-ឈ្មោះ នៅ ភារៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម, ៥-ឈ្មោះ ម៉ង ផាន់និត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម, ៦-ឈ្មោះ សុខ វ៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម និងទី៧-ឈ្មោះ វឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម។

ចំណែកវត្ថុតាងចាប់យក ៖ ១-លុយដុល្លារក្លែងក្លាយ (លុយសែន) ខ្ចប់ក្រដាសរ៉ាមស មានស្នាមផ្តិតមេដៃ ចំនួន០៨ដុំ, ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ០៣ដុំ ស្មើនឹង 40000$ (បួនម៉ឺនដុល្លារ) និងក្រដាសកិច្ចសន្យា ១សន្លឹក ។ ២-ម៉ូតូម៉ាកស៊ុយស៊ូគីឡេត ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-3509 ។ ៣-ម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1AK-2502 ។ ៤-អាយកូម ម៉ាក Megaband ចំនួន០២គ្រឿង ។ ៥-ទូរស័ព្ទដៃ ចំនួន០៤គ្រឿង ម៉ាកOPPO ចំនួន០៣គ្រឿង និងម៉ាកណូគា ចំនួន០១គ្រឿង ។ ៦-ដុំឈើមានរាងដូចជាកាំភ្លើង រុំក្រណាត់ខ្មៅ ចំនួន០១។ ៧-កាបូបសម្រាប់ដាក់លុយ ចំនួន០២ និងកាបូបស្ពាយ ចំនួន០១ ។ ៨-លោហធាតុពណ៌ស ជាប្រភេទខ្សែកមានបណ្តោង ចំនួន០៣ និងដុំឥដ្ឋ ចំនួន១ដុំ ។ ៩-កាំភ្លើងច្នៃ បាញ់គ្រាប់កង់ ចំនួន០១ដើម ។

ប្រភពដដែល បន្តថា នៅថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានចេញល្បាតក្នុងមូលដ្ឋានលុះដល់ចំណុចកើតហេតុ ស្រាប់ឃើញបក្ខពួកជនសង្ស័យទាំង០៧នាក់ កំពុងប្រមូលផ្តុំគ្នានៅក្នុងកញ្ចុះឫស្សីប្រក់ស្បូវ សម្រាប់ចាំការដ្ឋានខ្សាច់ ស្ថិតនៅចំណុចកើតហេតុខាងលើ ។  ដោយមានការសង្ស័យ សមត្ថកិច្ចបានចូលទៅពិនិត្យមើល ស្រាប់ឃើញលុយដុល្លារក្លែងក្លាយ (លុយសែន) ជាច្រើន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងជំនាញផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យ និងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ខ្លួនបានចេញពីផ្ទះទៅផ្សារអង្គស្នួល ហើយទិញលុយដុល្លារក្លែងក្លាយ (លុយសែន) ចំនួន០២ដុំ ក្នុងតម្លៃ ១៥០០០រៀល ដើម្បីយកទៅចែកឱ្យបក្ខពួករបស់ខ្លួនដែលមានឈ្មោះខាងលើ ក្នុងគោលបំណងឱ្យយកទៅចាយវាយនិងដោះស្រាយជីវភាពរៀងៗខ្លួន និងក្នុងគោលបំណងចង់ឱ្យបក្ខពួករបស់ខ្លួនមានជំនឿចិត្ត ហើយដើរទៅណាមកណាការពារខ្លួនដូចជាបងធំ ។

ជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ បានបន្តថា ខ្លួនបានប្រាប់បក្ខពួកថា លុយទាំងអស់នេះ ខ្លួនបានមកពីលក់របស់ត្រជាក់ (សត្វតោធ្វើអំពីសំរឹទ្ធ) បានលុយចំនួន ៥០០លានដុល្លារសហរដ្ឋអាមេរិក ។ បន្ទាប់មកខ្លួនបានចាប់ផ្តើមធ្វើការចែកលុយដុល្លារក្លែងក្លាយ (លុយសែន)នោះ ឱ្យទៅបក្ខពួក ដោយមានការធ្វើកិច្ចសន្យានិងមានស្នាមផ្តិតមេដៃទទួលយកលុយដុល្លារក្លែងក្លាយ (លុយសែន) ដើម្បីយកទៅចាយ ។ ភ្លាមនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកជំនាញនិងប៉ុស្តិ៍មកដល់ធ្វើការនាំខ្លួនតែម្តង ។

តាមប្រភពសមត្ថកិច្ច ឲ្យដឹងថា លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៤០នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា និងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងរាស់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានការចូលរួមពីលោកមេភូមិ បានពន្លាតដែនសមត្ថកិច្ចទៅដល់ភូមិអង្គសេរី ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ហើយធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ខាំ ម៉ៅ ហៅហៀង វិឆៃ ។ លទ្ធផលនៃការឆែកឆេរ គឺមិនមានវត្ថុតាងអ្វីពាក់ព័ន្ធនិងបទល្មើស និងមិនបានដកហូតសម្ភារៈឬវត្ថុតាងអ្វីឡើយ ។

     ករណីនេះ កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿងបន្ត តាមនីតិវិធី ៕

RELATED ARTICLES