Friday, May 17, 2024
Homeព័ត៌មានជាតិករណីផ្ទុះគ្រាប់ ស្លាប់ទាហាន២០នាក់ សម រង្ស៊ី ថាចលនាប្រដាប់អាវុធប្រឆាំង រៀបចំបំផ្ទុះ

ករណីផ្ទុះគ្រាប់ ស្លាប់ទាហាន២០នាក់ សម រង្ស៊ី ថាចលនាប្រដាប់អាវុធប្រឆាំង រៀបចំបំផ្ទុះ

ភ្នំពេញ ៖ ករណីផ្ទុះគ្រាប់នៅទីបញ្ជាការកងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបានបណ្ដាលឲ្យយោធិន ស្លាប់២០នាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នោះ ត្រូវបានលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) លើកឡើងថា ជាការរៀបចំបំផ្ទុះរបស់ចលនាប្រដាប់អាវុធប្រឆាំងត្រកូលហ៊ុន ដែលការលើកឡើងរបស់អតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរូបនេះ ធ្វើឲ្យមានប្រតិកម្មពីមហាជន ជាពិសេសអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា លោកសម រង្ស៊ី ធ្វើនយោបាយយូរទៅ វ័យកាន់តែចាស់ បរាជ័យកាន់តែធំ ភាពឯកោកាន់តែខ្លាំង និយាយលែងដឹងខុសត្រូវ ដោយសារតែមួយជីវិតនយោបាយ ចេះតែប្រតិដ្ឋរឿង ញុះញង់ មួលបង្កាច់ លាបពណ៌ ជេរប្រមាថ បំផ្លាញជាតិ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ថា “ចលនាប្រដាប់អាវុធប្រឆាំងត្រកូលហ៊ុន ៖ ចលនាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ ដើម្បីទាមទារឲ្យដកចេញត្រកូលហ៊ុន (គឺហ៊ុន សែន និងកូនគាត់ ដែលឡើងតាមជើងខោគាត់)។ ចលនានេះ បានរៀបចំឲ្យផ្ទុះឃ្លាំងគ្រឿងផ្ទុះ ជិតទីក្រុងភ្នំពេញ នៅថ្ងៃ ២៧ មេសា ២០២៤ នេះ។ ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឲ្យជួយការពារអាយុជីវិតនិងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់។ ហេតុនេះហើយ បានជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ២៤ មេសា ២០២៤ នេះ ថា ប្រទេសចិន និងកងទ័ពចិន នឹងការពារអាយុជីវិតនិងសុវត្ថិភាពក្រុមគ្រួសារហ៊ុន សែន។ តើចិនកុម្មុយនីស្ត បានការពារប៉ុល ពត ដល់កម្រិតណា នៅឆ្នាំ ១៩៧៩? របបហ៊ុន សែន ជិតដល់ទីបញ្ចប់របស់វាហើយ“ ។

ស្រដៀងនឹងសំណេរលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកស៊ន តារា សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា “ ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ ខ្ញុំថាជារឿងបច្ចេកទេសថែរក្សានិងលើកដាក់។ មតិខ្លះថា មានបាតដៃទី៣ (យួន) រៀបចំ តែពួកគេគ្រាន់តែស្មានដោយអារម្មណ៍គ្មានហេតុផលវិទ្យាសាស្ត្រ។ បើវាជាផែនការជនទី៣ តើគេបំផ្ទុះគ្រាប់នោះដោយរបៀបណា? គេត្រូវចំណាយជីវិត១ ដើម្បីបំផ្ទុះ? ចម្លើយគឺទេ។ អ៊ីចឹងគេធ្វើម៉េច? គេអាចបង្កប់គ្រាប់បែកបញ្ជាតេឡេក្នុងឡានដឹកគ្រាប់ ដោយវិធីសម្ងាត់ណាមួយដែលគ្មានអ្នកចាប់អារម្មណ៍ រួចគេឲ្យមនុស្សម្នាក់ចាំចុចតេឡេបំផ្ទុះ ពេលឡានដឹកគ្រាប់មកដល់ លើកដាក់ចូលឃ្លាំង ដោយនៅចម្ងាយពី ៥០០ ទៅ៦០០ម៉ែត្រ តែងខ្លួនជាអ្នកដំណើរធម្មតា។ គ្មាននរណាអាចសាកសួរអ្នកស្លាប់បានឡើយ។ នេះគ្រាន់តែជាវិភាគទានគំនិតមួយរបស់ខ្ញុំ ដើម្បីជួយដល់ការស្រាវជ្រាវស៊ើបអង្កេត បើគេស៊ើបអង្កេត។ ហ៊ុន សែន ចប់ហើយ។ ប្តូរ!“ ។

ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី និងសហការីខាងលើនេះ កញ្ញាលី ចាន់វត្តី អតីតសកម្មជនប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលបានមកចុះចូលគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាងថា “ដំណឹងបន្ទាន់ លោកសម រង្ស៊ី  និងបក្ខពួក ឆ្កួតមើលលែងជាហើយ គេហៅថា បែកង៉ាង បងប្អូន នេះជាហេតុដែលខ្ញុំឈប់គាំទ្រទៀត ព្រោះថាពួកនេះកំពូលប្រតិដ្ឋរឿង បំប៉ោងព័ត៌មានខុសការពិត“ ។

ចំណែកលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា «លោកសម រង្ស៊ី ធ្វើនយោបាយកាន់តែយូរ វ័យកាន់តែចាស់ បរាជ័យកាន់តែធំ ភាពឯកោកាន់តែខ្លាំង និយាយលែងដឹងខុសត្រូវ។ មួយជីវិតនយោបាយ ចេះតែញុះញង់ មួលបង្កាច់ លាបពណ៌ ជេរប្រមាថ … រកអ្វីជាគំរូល្អបន្តិចសម្រាប់មនុស្សជំនាន់ក្រោយមិនឃើញ»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជា ១៤និង២៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីផ្ទុះគ្រាប់ធុនធំតូច បណ្តាលឱ្យឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេស ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស ចំនួន ២០នាក់ បានស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគទី៣ ចំនួន ៥នាក់ ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានឲ្យបានដឹងថា ការខូចខាតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នេះ រួមមាន ៖ មនុស្សស្លាប់ ចំនួន ២០នាក់ (១៥នាក់ ជានាយទាហានមកពីតំបន់សឹករងនៃខេត្តកោះកុង និង  ៥នាក់ ជានាយទាហានទីបញ្ជាការយោធភូមភាគទី៣) ។ សម្ភារៈដែលខូចខាត រួមមាន អាវុធគ្រាប់ មកពីខេត្តកោះកុង មានរថយន្ត ០៥គ្រឿង ( ផ្ទុះខ្ទេចរថយន្ត ១គ្រឿង រួមទាំងអាវុធ គ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធ គ្រាប់នៅលើ និង០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ ) ។ ចំនួនអាវុធ គ្រាប់ដែលដឹកជញ្ជូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធជូនភ្ជាប់ជាមួយរបាយការណ៍ ។ អាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេស ទីបញ្ជាការយោធភូមិភាគ ( មិនទាន់សរុបបាន ) ។ អគារខូចខាតធ្ងន់ ចំនួន០៤ ខ្នង ( អាវុធ គ្រាប់ក្នុងឃ្លាំង ០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ ០១ខ្នង និងអគារការិយាល័យ ក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅ រួមមាន ទ្វារបង្អួច និងដំបូល ) ។ ខូចខាតផ្ទះប្រជាពលរដ្ឋ ជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង ។

ចំពោះឈ្មោះនាយទាហាន ២០នាក់ ដែលបានពលី (ស្លាប់) ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នោះ មានឈ្មោះដូចខាងក្រោម ៖

១- ពលបាលទោ ឌឹម សត្យា ជាយោធិននៃតំបន់សឹករងនៃខេត្តកោះកុង ។

២- អនុសេនីយ៍ទោ ស៊ុម ពិសាល ជាជំនួយការចិត្តសាស្ត្រ ការិយាល័យទី៥ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

៣- ពលបាលទោ ងួន បូរាជ យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង

 ៤- អនុសេនីយ៍ត្រី អិន អុន ជាយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

 ៥- នាយចំណង់ វ៉ាន់ រិន ជាយោធិននៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

 ៦- អនុសេនីយ៍ទោ ហ៊ី ហួន ជាជំនួយការអាវុធគ្រាប់ផ្នែកបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

 ៧- វរសេនីយ៍ទោ ជា សំណាង ជានាយសេនាធិការង តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

 ៨- អនុសេនីយ៍ទោ លឿន សុខណា យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង

 ៩- វរសេនីយ៍ត្រី ផាង សុវណ្ណមុនី ជានាយផ្នែកផែនការ ការិយាយល័យបច្ចេកទេសនៃយោធិនភូមិភាគទី៣ កងទ័ពជើងគោក

១០- វរសេនីយ៍ទោ ស្រី សាវ៉ន ជានាយរងការិយាយល័យបច្ចេកទេសនៃយោធាភូមិភាគទី៣ កងទ័ពជើងគោក

១១- ពលបាលឯក ងយ ឈុនលី យោធិននៃតំបន់ប្រតិបត្តិការសឹករងកោះកុង

១២- អនុសេនីយ៍ទោ យ៉ែន ឡូត យោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង

១៣- ពលបាលទោ ចេង សុភ័ក្ត្រ យោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង

១៤- នាយចំណង់ ឃឹម មករា ជាយោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង

១៥- ពលបាលទោ កើយ តួក ជាយោធិនតំបន់ប្រតិបត្តិការសឹករងកោះកុង

១៦- វរសេនីយ៍ត្រី បូរ ពឿន ជាផ្នែកបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

១៧- អនុសេនីយ៍ទោ យិន វន្នី ជាជំនួយការរថយន្តម៉ាស៊ី ការិយាយល័យបច្ចេកទេសនៃយោធភូមិភាគទី៣

១៨- អនុសេនីយ៍ទោ សាត់ ងឿន ជាជំនួយការដឹកជញ្ជូនការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង

១៩- វរសេនីយ៍ឯក វ៉ាន់ មឿន ជានាយការិយាល័យបច្ចេកទេសនៃយោធភូមិភាគទី៣

២០- វរសេនីយ៍ត្រី ឆាយ សុផាត ជាជានាយការិយាល័យបច្ចេកទេសនៃយោធភូមិភាគទី៣ ។

ជុំវិញឧបទ្ទវហេតុខាងលើនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលី និងឧបត្ថម្ភគ្រួសារសព ក្នុង១សព ២ម៉ឺនដុល្លារ ចំណែកអ្នករបួស ឧបត្ថម្ភ ម្នាក់ ២០លានរៀល ។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងថា “ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិន ចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀត បានរបួស ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់ រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យ ស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាល នឹងទទួលរ៉ាប់រងទាំងស្រុងលើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិននិងជនរងគ្រោះទាំងអស់ ឆាប់បានជាសះស្បើយ»។

ចំណែកសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសាយោធិនពលី និងរងរបួស និងបានដកទឹកប្រាក់សប្បុរសធម៌ ដែលសម្តេចប្រមូលបានពីពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ សម្រាប់ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា យកមកឧបត្ថម្ភគ្រួសារសពយោធិនពលី ទាំង២០នាក់ ដោយក្នុង ១គ្រួសារ ទទួលបាន ១ម៉ឺនដុល្លារ សរុប២០ម៉ឺនដុល្លារ ៕

RELATED ARTICLES