Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សោទៅភ្ជាប់ពាក្យក្មួយ ភ្លើងឆេះផ្ទះ

ចាក់សោទៅភ្ជាប់ពាក្យក្មួយ ភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ លំនៅឋាន ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ពេលដែលម្ចាស់ចាក់សោ ទៅភ្ជាប់ពាក្យ តែសំណាងល្អ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ បណ្ដាលឱ្យរងការខូចខាតទ្រព្យ សម្បត្តិមួយចំនួនប៉ុណ្ណោះ។

ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវភ្លើងឆេះ ធ្វើពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី មានទំហំ៧ម៉ែត្រគុណ១៥ម៉ែត្រ មានម្ចាស់ឈ្មោះ សឿង វិសុត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ផ្លែឈើ។

តាមប្រភពព័ត៌មាន ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ម្ចាស់បានចាស់សោផ្ទះទុកចោល ស្រាប់តែភ្លើងបានឆាបឆេះ ផ្សែងហុយទ្រលោម ។ ភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ សមត្ថកិច្ច បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ និងទាក់ទង រថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល ពុំបណ្ដាលឱ្យឆេះរាលដាលធ្ងន់ឡើយ។

តាមប្រភពនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ អស់២រថយន្ត ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃដដែល។ អគ្គិភ័យនេះ បណ្ដាលឱ្យសម្ភារៈមួយចំនួន បានរងការខូចខាត តែភ្លើងពុំបានឆេះរាលដាលនោះទេ ។

ប្រភពដដែល ឱ្យដឹងបន្តថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅពេលដែលម្ចាស់ចាក់សោផ្ទះ ចាកចេញទៅភ្ជាប់ពាក្យក្មួយ ៕

RELATED ARTICLES