Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនចិន៦ ខ្មែរ២ ករណីលួចឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនចិន៦ ខ្មែរ២ ករណីលួចឆ្លងដែនខុសច្បាប់

ខេត្តក្រចេះ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ជនជាតិចិន ចំនួន ៦នាក់ និងខ្មែរ ២នាក់ ធ្វើដំណើរតាមរថយន្តមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ។សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនជាតិចិន ទាំងនោះ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំម្បូណ៌ ខេត្តក្រចេះ សហ ការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus 470 ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2G-4697 មួយគ្រឿង កាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិចារត្នោល ឃុំសណ្ដាន់ ស្រុកសម្បូណ៌ ខេត្តក្រចេះ។

ប្រភពសមត្ថកិច្ច ឲ្យដឹងថា រថយន្ត lexus 470 ពណ៌ស្ករ ដឹកក្រុមជនជាតិចិននោះ ត្រូវបានសង្ស័យថាឆ្លងដែនខុសច្បាប់ ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូក មកទឹកដីខ្មែរ ដោយមានមេខ្យល់ជាជនជាតិខ្មែរ ចំនួន ពីរនាក់ ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវ ចូលមកកម្ពុជា ដើម្បីយកទៅខេត្តព្រះសីហនុ។

ប្រភពដដែល បន្តថា រថយន្តដឹកក្រុមជនជាតិចិននោះ មកដល់ចំណុចទឹកដីអូរគ្រៀង ក៏បានបែកការដោយ សារតែរថយន្តនេះជាមុខសញ្ញាធ្លាប់ដឹកជនជាតិចិនខុសច្បាប់ កាលពីពេលកន្លងទៅ ។ ក្រោយពីដឹងព័ត៌មានបែបនេះ កម្លាំងសមត្ថកិច្ចបានបើករថយន្តដេញតាមក្រោយ រថយន្ត lexus 470 ដែលចិន កំពុងជិះ ធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិន នោះភ័យ ក៏បើករត់គេចចេញពីផ្លូវជាតិលេខ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាមបើករត់គេច រួចបានចតរថយន្តទុកចោល។ រីឯជនជាតិចិន និងមេខ្យល់ខ្មែរពីរនាក់នោះ បាននាំគ្នារត់គេច តែទោះជាយ៉ាងណា សមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់ និងប្រជាការពារភូមិ ចាប់ជនទាំងអស់នោះបាន។

លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសម្បូណ៌ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបាន ក្រុមជន ជាតិចិនទាំងនោះ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានឲ្យដឹងថា ករណីនេះ កម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES