ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូដឹកនារីជាសង្សារ ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែត្រូវដើមឆត្រងាប់ ១ដើម រលំសង្កត់ បណ្ដាលឱ្យបុរសជាសង្សារ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥នឹង៤០នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាល បានឱ្យដឹងថា មុនពេលកើតហេតុ ប្រុសស្រីជាគូសង្សារបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-3562 ដឹកគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត លុះចុះពីស្ពានអាកាស ៧មករា បានជាង ១០០ម៉ែត្រ ដោយជិះអែបខាង ស្រាប់តែដើមឆត្រងាប់ពុកគល់ ១ដើម រលំសង្កត់ជនរងគ្រោះ ២នាក់ខាងលើ បណ្ដាលឱ្យបុរសជាអ្នកបើកបរម៉ូតូ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ និងបានស្លាប់ ពេលរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បន្ទាប់មកនារីជាសង្សារ បានទាក់ទងទៅក្រុមគ្រួសារ ហើយឱ្យរថយន្តដឹកសពទៅវត្តទួល អស់លោក រង់ចាំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ ដើម្បីរង់ចាំប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕