Wednesday, May 15, 2024
Homeព័ត៌មានជាតិបណ្ឌិតសេង សារី ថាសមាជិកព្រឹទ្ធសភា៣ ចាយទ្រព្យ-ជេរសម រង្ស៊ី រើសសម្តេចហ៊ុន សែន

បណ្ឌិតសេង សារី ថាសមាជិកព្រឹទ្ធសភា៣ ចាយទ្រព្យ-ជេរសម រង្ស៊ី រើសសម្តេចហ៊ុន សែន

ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលមាននិន្នាការគាំទ្រនយោបាយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានបញ្ចេញសារដៀមដាមដល់សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន៣រូប នៃគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ថា ចាយទ្រព្យឪ (លោកសម រង្ស៊ី) ជេរសម រង្ស៊ី រើសសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបណ្ឌិត សេង សារី បានបង្ហោះរូបភាពកាត់ត បង្កប់ខ្លឹមសារដៀមដាមដល់សមាជិកព្រឹទ្ធសភា ចំនួន៣រូប នៃគណបក្សឆន្ទៈខ្មែរ គឺលោកសុក ហាច លោកសេង ម៉ារឌី និងលោកគង់ មុនីកា ដែលបានជាប់ឆ្នោតដោយសារអង្គបោះឆ្នោត ២១៩៨ របស់គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានបោះឆ្នោតឲ្យ បែរជាបោះឆ្នោតរើសសម្តេចហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។

ភ្ជាប់ជាមួយរូបភាពត្លុកកាត់តនោះ លោកបណ្ឌិត សេង សារី បានសរសេរដៀមដាមដល់សមាជិកព្រឹទ្ធសភា នៃគណបក្សឆន្ទៈខ្មែរ ទាំង៣រូបខាងលើថា “អូនជ្រើសរើសបង នួនល្អងរើសគេ យកទ្រព្យឪចាយ ជេរឪឥតល្ហែ ចាំមើលមាសមេ រស់ដល់ពេលណា?” ។

ជុំវិញសំណេរនិងរូបភាពដៀមដាមរបស់លោកបណ្ឌិត សេង សារី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្ម ឆ្លើយតបពីលោកបណ្ឌិត​ សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោកសេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ និងលោកគង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ដែលបានជាប់ឆ្នោតជាសមាជិកសភា នីតិកាលទី៥ ខាងលើនេះបានទេ កាលពីម្សិលមិញ ។

ទោះបីជាយ៉ាងណា លោក ផល ស៊ីថុន ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ បានសរសេរឆ្លើយតបទៅលោកបណ្ឌិត សេង សារី ជំនួសសមាជិកព្រឹទ្ធសភា នៃគណបក្សឆន្ទៈខ្មែរ ទាំង៣រូបថា “លោកសេង សារី ជាអ្នកវិភាគក្រៅប្រទេសមួយរូប ដែលប្រជាជនចង់ដឹង ចង់ឮ ចង់ឃើញ ចង់ស្គាល់ និងឲ្យតម្លៃត្រង់លោកវិភាគលើបណ្ដាញសង្គម រឿងជាតិហិនហោច ប្រជាធិបតេយ្យនៅក្នុងស្រុក និងរបបផ្ដាច់ការ ។ល។ បើលោក សេង សារី វិភាគរឿងគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យ ឲ្យបែកជាពីរ កេរ្តិ៍ឈ្មោះលោកនឹងចុះខ្សោយ អង្គបោះឆ្នោត២១៩៨នាក់ ត្រូវបោះឆ្នោតឲ្យបេក្ខជនឈរឈ្មោះឲ្យគណបក្សឆន្ទៈខ្មែរ ជារឿងត្រឹមត្រូវ ១០០% ដោយហេតុថា យើងមានបេក្ខជនឈរឈ្មោះប្រកួតប្រជែងព្រឹទ្ធសភា ។ បោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា យើងគ្មានបេក្ខជនឈរឈ្មោះប្រកួតប្រជែងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (អតីត) របស់កម្ពុជាទេ បើសមាជិកព្រឹទ្ធសភា បោះឆ្នោតឲ្យគេ សួរថា ត្រូវឬខុស? ចម្លើយ តាមគំនិតខ្ញុំ ព្រឹទ្ធសភា មានចំនួន៦៥រូប ឃើញបោះឆ្នោត ៦២/៦២ ត្រង់បញ្ជីវត្តមានៗចំនួនប៉ុន្មាន មិនច្បាស់។ បើយើងបោះឆ្នោតឲ្យគេ ក៏មិនខុស (ដោយហេតុថា គណបក្សក្នុងសម្ព័ន្ធភាព គ្មានបានដាក់បេក្ខជន) បើយើងបានជាខ្សោយហើយ លូកដៃចូលទៅគេបន្តិចទៅ វាមិនថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ក្រែងមេៗគាត់មានយុទ្ធសាស្ត្រផ្សេងក្រៅពីយើងមិនបានដឹង លោកបណ្ឌិតសេង សារី“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោកសុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោកសេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ និងលោកគង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ដែលជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោត បានអញ្ជើញចូលរួមព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នៅក្នុងសម័យប្រជុំដំបូងនោះ អង្គព្រឹទ្ធសភាទាំងមូល ដែលមានវត្តមានសមាជិក សមាជិកាសរុប ៦២រូប បានបោះឆ្នោតជ្រើសរើសសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។

ក្រោយឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន១៥ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន រួមជាមួយលោកប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងលោកអ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចំនួន៣រូប គឺលោកសុក ហាច លោកសេង ម៉ារឌី និងលោកគង់ មុនីកា រយៈពេលជាង៣ម៉ោង ។

សម្តេចហ៊ុន សែន បានបង្ហោះរូបភាពនៃជំនួបពិភាក្សានោះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ភ្ជាប់ជាមួយសំណេរថា «នាព្រឹកមិញ ១៨ មេសា ២០២៤ ខ្ញុំជាមួយអនុប្រធានទាំង២រូប បានជួបសន្ទនាជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ារឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ។ រយៈពេលជាង ៣ម៉ោង នៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ ស្និទ្ធស្នាល គោរពគ្នាទៅវិញទៅមក ធ្វើឲ្យខ្ញុំជឿជាក់ថា ព្រឹទ្ទសភា នឹងដំណើការល្អ។ យើងបានជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅ“ ។

ចំណែកលោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានសរសេរពីជំនួបនោះ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកដែរថា “ជំនួបរវាងថ្នាក់ដឹកនាំព្រឹទ្ធសភា ជាមួយសមាជិកព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរ (តំណាងគណបក្សភ្លើងទៀន) ដែលជាគណបក្សក្រៅរដ្ឋាភិបាល នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការប្រាស្រ័យទាក់ទងគ្នា ឆ្ពោះទៅរកការបំពេញតួនាទីនិងមុខងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ នេះជាការបើកទំព័រថ្មីនៃវប្បធម៌ជជែកគ្នាត្រង់ទៅត្រង់មក ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមចំពោះមុខ របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ“ ៕ កុលបុត្រ

RELATED ARTICLES