Wednesday, May 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីជិះម៉ូតូពាក់ខ្សែកជិត១តម្លឹង ចោរឆក់បាត់

ស្ត្រីជិះម៉ូតូពាក់ខ្សែកជិត១តម្លឹង ចោរឆក់បាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ សំដៅទៅយកកូនតូចរបស់ខ្លួន ស្រាប់តែនៅតាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូ តាមឆក់ខ្សែកប្លាទីន ទម្ងន់ជិត ១តម្លឹង បានសម្រេច រួចគេចខ្លួនទៅបាត់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣៥នាទីព្រលប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ មានឈ្មោះងួន ចន្ធី  អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិកប់ភ្លុក សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមសម្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4913 ចេញពីផ្ទះ បំណងទៅទទួលកូនតូចរបស់ខ្លួន ដែលផ្ញើឱ្យគេមើលថែ លុះដល់ផ្លូវជាតិលេខ៣ កែងផ្លូវបេតុងចូល ភូមិព្រៃកំបុត ឃើញមានករណីគ្រោះថ្នាក់ចរារណ៍ ១កើតឡើង ក៏ឈប់មើលមួយសន្ទុះ ហើយពេលនាះ ក៏ឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស មិនចាំស្លាកលេខ បានឈប់មើលជាមួយគាត់ដែរ តែគាត់មិនចាប់អារម្មណ៍។

ប្រភពដដែល បន្តថា លុះក្រោយមក គាត់ជិះម៉ូតូចេញពីកន្លែងកើតហេតុ ទៅមុខបន្តទៀត ស្រាប់តែរំពេចនោះ ជនសង្ស័យបានជិះតាមពីក្រោយគាត់ រួចធ្វើសកម្មភាពឆក់ខ្សែកប្លាទីនរបស់គាត់ រួមទាំងបន្តោង ទម្ងន់ជាង៨ជី បានសម្រេច ហើយគេចខ្លួនបាត់ភ្លាមៗតែម្តង។

ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុងនៅកន្លែងករណីគ្រោះថ្នាក់ចរាចរណ៍ រួមជាមួយបងប្អូនអ្នកភូមិព្រៃកំបុត បាននាំគ្នាជិះដេញតាមជនសង្ស័យដែរ តែមិនទាន់។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា រាល់ពេលល្ងាច គាត់តែងតែជិះម៉ូតូទៅយកកូនតូច ដែលផ្ញើឱ្យគេមើល ក្នុងភូមិព្រៃកំបុត ស្រាប់តែល្ងាចនេះ គ្រាន់តែជិះចេញពីមើលគ្រោះថ្នាក់ចរាចរណ៍ ក៏ជួបរឿងបែបនេះតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES