Thursday, May 9, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាពូន មីដាដា ថារឿង៦,៧លានដុល្លារ គ្មានចេតនាបំផ្លាញសម្តេចហ៊ុន សែន

សាពូន មីដាដា ថារឿង៦,៧លានដុល្លារ គ្មានចេតនាបំផ្លាញសម្តេចហ៊ុន សែន

ភ្នំពេញ ៖ លោកសាពូន មីដាដា អតីតតារាចម្រៀងល្បី និងជាអតីតស្វាមីតារាសម្ដែងស្រីល្បីឈ្មោះ សឿ សុធារ៉ា ដែលមុននេះបានប្រកាសសារភាពជាសាធារណ: ថាខ្លួនគឺជាបុរសកញ្ជើធ្លុះ ធ្វើឲ្យរលាយអស់នូវទ្រព្យ ៦,៧លានដុល្លារ ដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រទានកាលពី ១១ឆ្នាំមុន ហើយត្រូវបានសម្តេចហ៊ុន សែន ប្រតិកម្ម បដិសេធថា  លុយជិត ៧លានដុល្លារ ច្រើនណាស់ សម្តេច គ្មានលទ្ធភាពផ្តល់ឲ្យសាពូន មីដាដា ឡើយនោះ ស្រាប់តែសាពូន មីដាដា បានចេញមុខសុំទោសសម្តេចហ៊ុន សែន ដោយបញ្ជាក់ថា ការពិតចំពោះប្រាក់ប្រទានរបស់សម្តេចហ៊ុន សែន សម្រាប់លើកកម្ពស់ជីវភាពគ្រួសារលោក មានចំនួនប្រមាណ ៤៣ម៉ឺនដុល្លារ មិនមែន ៦,៧លានដុល្លារនោះ នៅពេលនេះលោកសាពូន មីដាដា បានបញ្ជាក់បន្ថែមថា រូបលោកមិនដែលមានចេតនាចង់បំផ្លាញសម្តេចហ៊ុន សែន នោះទេ តែដោយសារលោកល្ងង់ខ្លៅ មិនចេះរៀបប្រយោគសសសសសរសេរឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យមានការភាន់ច្រលំ ប៉ះពាល់ដល់ត្តិយសសម្តេច ទាំងទ្វេ ។

សាពូន មីដាដា បានសរសេរក្នុងគណនីបណ្តាញស្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ថា «សម្តេចពុកអើយ សម្តេចម៉ែអើយ (ពុកអើយ ម៉ែអើយ)  ដួងចិត្តកូនមានតែសែនគោរព សែនស្រលាញ់ បម្រើដោយឆន្ទៈស្មោះត្រង់បំផុត ចំពោះសម្តេចពុក សម្តេចម៉ែ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាតិមាតុភូមិ និងបក្សប្រជាជន លុះអស់ជីវិត មិនមានថ្ងៃងាករេឡើយ មិនដែលមានចេតនាចង់បំផ្លាញសម្តេចពុក សម្តេចម៉ែ នោះទេ តែដោយកូនល្ងង់ខ្លៅ មិនចេះរៀបប្រយោគឲ្យបានត្រឹមត្រូវ ទើបសរសេរទៅមិនសមទំនង ធ្វើឲ្យមានការភាន់ច្រលំ ប៉ះពាល់ដល់មហាកិត្តិយសសម្តេចទាំងទ្វេ។ សូមសម្តេចពុក សម្តេចម៉ែ អ្នកមានគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់កូននិងចៅៗ មេត្តាករុណាផងព្រះបាទទានប្រោស កូនសូមគោរពដឹងគុណបម្រើដោយឆន្ទៈស្មោះត្រង់បំផុត លុះអស់កាលនៃផែនដីនេះទានប្រោស»។

សូមបញ្ជាក់ថា ការបញ្ជាក់បន្ថែមរបស់លោកសាពូន មីដាដា បានធ្វើឡើងបន្ទាប់ពីមុននេះលោកបាននប្រកាសសារភាពជាសាធារណ: ថាខ្លួនគឺជាបុរសកញ្ជើធ្លុះ ធ្វើឲ្យរលាយអស់នូវទ្រព្យ ៦,៧លានដុល្លារ ដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រទានកាលពី ១១ឆ្នាំមុន តែត្រូវបានសម្តេចហ៊ុន សែន ប្រតិកម្ម បដិសេធ។

 លោកសាពូន មីដាដា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា «សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទាន កាលពីជាង 11ឆ្នាំមុន ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវីឡា នៅបុរីប៉េងហួត បឹងស្នោ និងឡានមែរសឺដេស ពណ៌ក្រហម ខ្សែកប្រាំតម្លឹង ស្រោបពេជ្រ 12ការ៉ាត់ ដែលសម្តេចពុក និងសម្តេចម៉ែ ប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ។ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទ គាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ។ សូមសម្តេចពុក សម្តេចម៉ែ មេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗ កូនសូមបម្រើដោយឆន្ទៈស្មោះត្រង់បំផុតចំពោះសម្តេចពុក សម្តេចម៉ែ គ្រប់ៗជាតិព្រះបាទទានប្រោស” ។

 ជាប្រតិកម្មឆ្លើយតបនឹងការអះអាងរបស់សាពូន មីដាដា ខាងលើនេះ សម្តេចហ៊ុន សែន បានបដិសេធថា  លុយជិត ៧លានដុល្លារ ច្រើនណាស់ សម្តេច គ្មានលទ្ធភាពផ្តល់ឲ្យនោះឡើយ។ ប៉ុន្តែសម្តេច បញ្ជាក់ថា ធ្លាប់បានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យសាពូន មីដាដា និងភរិយា សម្រាប់ទិញផ្ទះនៅ តែក្រោយមក ដោយឃើញថា មារយាទអ្នកទាំងពីរ មិនកើត ទើបសម្តេច មិនជួយទៀតទេ ទោះជាសាពូន មីដាដា បានមកសុំទៀត ដើម្បីបង់រំលស់ផ្ទះ។ សម្តេច បញ្ជាក់បន្ថែមថា សម្តេច មានចិត្តចង់ជួយ តែសាពូន មីដាដា មិនត្រឹមតែបំផ្លាញខ្លួនឯងទេ ថែមទាំងចង់បំផ្លាញដល់សម្តេច តាមរយ:ការបង្ហោះសារបែបនេះទៅវិញ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថា «លោកសាពូន មីដាដា បានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយា បានជួយគាត់ ចំនួន 6,7លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែន តើកូនយកទៅណា?

តើកូនឆ្កួតឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែ បានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ក្រោយមក ដោយឃើញថា មារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេធ មិនជួយកូនទៀតទេទោះកូនបានសុំមកទៀត ដើម្បីបង់រំលស់ផ្ទះដែលកូនប្រាប់ថា ទិញផ្ទះ ចំនួន៤ ដែលគ្មានលុយបង់រំលស់ឲ្យគេ។

កូនប្រុស ពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែ តាមរយ:ការបង្ហោះសារបែបនេះទៅវិញ។

លុយជិត ៧លានដុល្លារ វាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។

បន្ទាប់ពីមានប្រតិកម្មបដិសេធពីសម្តេចហ៊ុន សែន ខាងលើនេះ លោកសាពូន មីដាដា បានបញ្ចេញសារសុំទោសសម្តេចហ៊ុន សែន ដោយបញ្ជាក់ថា ការពិតប្រាក់ដែលសម្តេចហ៊ុន សែន ជួយគ្រួសារលោក មានចំនួនប្រមាណ ៤៣ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន ៦,៧លានដុល្លារនោះទេ។

សាពូន មីដាដា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា «កូនសូមក្រាបថ្វាយបង្គំសូមខមាលទោសពីចម្ងាយ សម្តេចពុក សម្តេចម៉ែ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលកូនបានបង្ហោះសារពីម្សិលមិញ ធ្វើឲ្យប៉ះពាល់ដល់មហាកិត្តិយសលោកទាំងទ្វេ និងទឹកព្រះទ័យសប្បុរសដែលប្រោសប្រទានមកលើកូន និងធ្វើឲ្យមានការភាន់ច្រលំដល់មហាជន ជាឱកាសឲ្យក្រុមប្រឆាំងមួយក្តាប់តូច យកទៅវ៉ៃប្រហារមហាកិត្តិយសសម្តេចទាំងទ្វេ ។ ជាការពិត ចំពោះប្រាក់ប្រទានរបស់សម្តេចពុក សម្តេចម៉ែ ដ៏ខ្ពង់ខ្ពស់បំផុតមកកូន សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ តាំងពីដំបូងនិងជាបណ្តើរៗរហូតមក មានចំនួនជាង 40ម៉ឺន$ ( ចន្លោះពី 42ម៉ឺន$ ទៅ43ម៉ឺន$) មិនមែន 6.7លាន$ នោះទេ ព្រះបាទទានប្រោស និងមហាជនទានជ្រាប» ។

សាពូន មីដាដា បានសរសេរបន្តថា «កូនសូមក្រាបថ្វាយបង្គំសូមខមាទោស និងសូមក្រាបថ្វាយបង្គំដឹងគុណ គោរពបម្រើដោយឆន្ទ:ស្មោះត្រង់បំផុត អស់មួយជីវិត។ សូមទេវតា ទាំងម៉ឺនលោកធាតុ និងព្រះរតនត្រ័យ តាមថែរក្សាសម្តេចពុក សម្តេចម៉ែ មានសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុជាងរយឆ្នាំ ដើម្បីគង់ជាម្លប់តេជោសុខសន្តិភាព កម្ពុជា រុងរឿងរហូតទៅ»៕ ខៀវទុំ

RELATED ARTICLES