Sunday, May 5, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ចោទសម្តេចហ៊ុន សែន-ហ៊ុន ម៉ាណែត នៅពីក្រោយ CIC

បក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ចោទសម្តេចហ៊ុន សែន-ហ៊ុន ម៉ាណែត នៅពីក្រោយ CIC

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថានៅពីក្រោយក្រុមហ៊ុនស៊ីអាយស៊ី (CIC) ដែលកំពុងមានរឿងចោទប្រកាន់ពាក់ព័ន្ធការឆបោកប្រាក់រាប់រយលានដុល្លារនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា សម្រាប់មេឧទ្ទាមក្រៅច្បាប់ ដែលក្បត់ជាតិ៣ជំនាន់ (សម រង្ស៉ី) នេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ជាង ១៦០ឆ្នាំរួចហើយ ។ ដូច្នេះវាសមមល្មមសមរម្យហើយ គណបក្សមិនយកចិត្តទុកដាក់ក្នុងការឆ្លើយតប ឬចាត់វិធានការផ្លូវច្បាប់ ឬប្តឹងជននេះទៀតទេ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា ការចោទរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត នៅពីក្រោយក្រុមហ៊ុនស៊ីអាយស៊ី និងថារាជរដ្ឋាភិបាលបច្ចុប្បន្ន កំពុងអនុវត្តលទ្ធិចោរាធិបតេយ្យនោះ មិនអាចទទួលយកបានទេ ព្រោះវាគ្មានការពិតទាល់តែសោះ ។ ប៉ុន្តែលោកជឿថា ប្រជាពលរដ្ឋម្ចាស់ឆ្នោត មិនជឿទៅលើការចោទមួលបង្កាច់ លាបពណ៌របស់ទណ្ឌិតនេះទេ ព្រោះតាំងពីដើមមក ពួកគាត់ដឹងច្បាស់ហើយថា ក្រុមមេឧទ្ទាមក្រៅច្បាប់នេះ តែងតែនិយាយអ្វីផ្ទុយពីការពិត ដើម្បីប្រឆាំងទៅនឹងការដឹកនាំរាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អារឿងនៅក្រោយ ឬមិននៅក្រោយ មិនស្ថិតនៅលើការថា ការនិយាយផ្អែកទៅលើនិន្នាការនយោបាយទេ ។ បញ្ហាសំខាន់ នៅឯកសារពិតជាក់ស្ដែង និងទង្វើប្រព្រឹត្តជាក់ស្ដែងរបស់ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនស៊ីអាយស៊ីហ្នឹងឯង ។ ឥឡូវនេះខ្ញុំយល់ថា ទោះបីថា មិនទាន់មានចាត់វិធានការផ្លូវច្បាប់យ៉ាងណា ហើយសភាពការណ៍ដូចជាស្ងប់ស្ងាត់យ៉ាងណា ក៏មិនមែនមានន័យថា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល លោកនៅទ្រឹង មិនចាត់ការនោះទេ គឺកុំថាយើងឃើញទឹកអត់រលក ហើយយើងថា អត់មានត្រីនោះទេ ។ និយាយទៅ រឿងទណ្ឌិតសម រង្ស៊ី ក៏ដូចជាក្រុមបក្ខពួករបស់គាត់នេះ គឺថា បើនិយាយពីទោសកំហុសហ្នឹង វារាប់មិនអស់ទេ ។ អ៊ីចឺងទេ ដោយឡែក សម្រាប់មេឧទ្ទាមក្រៅច្បាប់ ដែលក្បត់ជាតិ៣ជំនាន់នេះ គឺថាត្រូវតុលាការ កាត់ទោសឲ្យជាប់គុក ជាង១៦០ឆ្នាំរួចហើយ ។ ដូច្នេះហើយវាល្មមសមរម្យដែលយើងមិនយកចិត្តទុកដាក់ក្នុងការឆ្លើយតប ឬចាត់វិធានការផ្លូវច្បាប់ណាមួយចំពោះជន ហើយនិងបក្ខពួកនេះទៀតទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះគាត់ចោទថា រដ្ឋអំណាចខ្មែរបច្ចុប្បន្ន ជារដ្ឋអំណាចចោរ ដោយថារាជរដ្ឋាភិបាល កំពុងអនុវត្តលទ្ធិចោរាធិបតេយ្យ គឺចោរអ្នកដឹកនាំប្រទេស ចោរធំកំពូល ទទួលសំណូកពីចោរតូចៗ ការពារចោរតូចៗនោះ មេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ ៣ជំនាន់ ហើយនិងក្រុមបក្ខពួកនៃក្រុមឧទ្ទាមក្រៅច្បាប់ និយាយតែពាក្យផ្ទុយ ពីព្រោះគាត់តាំងខ្លួនថាគាត់ជាអ្នកប្រឆាំង ហើយនៅកម្ពុជា បើតែប្រឆាំងហើយ គឺអវិជ្ជមានហើយ សញ្ញាដកហើយ ។ អ៊ីចឹងបើគាត់និយាយចោទរាជរដ្ឋាភិបាល ជាចោរាធិបតេយ្យ អាហ្នឹងគឺខ្លួនគាត់ទេ ដែលជាអ្នកចោរាធិបតេយ្យ ពីព្រោះអី? ពីព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបាននូវការគាំទ្រដោយឆន្ទៈប្រជាពលរដ្ឋ ទូទាំងប្រទេសនេះ គឺថាជាម្ចាស់ប្រទេស ម្ចាស់ស្រុកពិតប្រាកដ តែដោយឡែក អ្នករត់ចោលស្រុកទេ ដែលចោរាធិបតេយ្យ ។ ក្នុងន័យនេះ យើងដឹងហើយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាស្រ័យទៅលើការវាយតម្លៃ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា មិនមែនអាស្រ័យទៅដោយជនបរទេស ឬមួយក៏ក្រុមឧទ្ទាមក្រៅច្បាប់និយាយទេ ។ អ៊ីចឹងទេ គឺថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដំណើរការដោយរលូន ហើយកំពុងមានការរីកចម្រើន ស្របទៅតាមសភាពការណ៍កម្ពុជា ក៏ដូចជាការវាយតម្លៃរបស់ប្រជាជនកម្ពុជា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះគាត់ថា ដោយសារអនុវត្តលទ្ធិចោរាធិបតេយ្យ ចោរធំ ការពារចោរតូច ធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចប្រទេសកម្ពុជា យ៉ាងច្រើន ជាពិសេសបាត់ឱកាសវិនិយោគពីបរទេស ហើយទុកឱកាសឲ្យតែចោរប្លន់ប្រជារាស្រ្តដោយមិនឈប់ឈរ ដោយសារអ្នកមានអំណាច ការពារពួកចោរទាំងអស់នោះអីនោះ សភាពការណ៍បានបញ្ជាក់ច្បាស់ហើយ ការវាយតម្លៃរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់ជាង ៦% នៅក្នុងឆ្នាំ២០២៤ នេះ ។ ដូច្នេះហើយ ការនិយាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិនេះ គឺផ្ទុយអំពីការពិតទាំងស្រុង ។ ដូច្នេះហើយ វាឆ្លុះបញ្ចាំងឲ្យឃើញថា អាស្រ័យដោយការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងនីតិរដ្ឋនៅកម្ពុជា នេះហើយ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ដូចការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ។ សរុបទៅ ជុំវិញការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ សបញ្ជាក់ឲ្យឃើញថា វាផ្ទុយអំពីសភាពការណ៍ពិតនៅកម្ពុជា ។ ដូច្នេះហើយ មិនអាចទទួលយកបានទេ បញ្ហាសំខាន់គឺប្រជាពលរដ្ឋ លោកបានមើលឃើញច្បាស់អំពីសភាពការណ៍រីកចម្រើនពិតប្រាកដរបស់កម្ពុជា ហ្នឹងឯង“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានលើកឡើងតាមបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជានៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចោទប្រកាន់សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត ថាជាមេនៅពីក្រោយក្រុមហ៊ុនឆបោក CIC ។

លោកសម រង្ស៊ី បាននិយាយក្នុងវីដេអូសម្ភាសន៍ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ថា “ខ្ញុំឆ្ងល់មែនទែន ហើយសោកស្ដាយផងថានាយករដ្ឋមន្រ្តី ឈ្មោះហ៊ុន ម៉ាណែត នេះ និយាយដូចកូនក្មេង និយាយដូចមនុស្សអត់ទទួលខុសត្រូវ ឬអត់យល់អ្វីទាល់តែសោះ ។ រឿងនេះ ជារឿងឆបោកក្នុងទ្រង់ទ្រាយធំ ហើយឆបោកបែបនេះបាននៅប្រទេសកម្ពុជា ទាល់តែមានអ្នកមានអំណាច អ្នកដែលកាន់អំណាចនៅពីក្រោយ បានធ្វើទៅបាន ពីព្រោះប្រព័ន្ធឆបោកនេះ គឺជាប្រព័ន្ធចោរ ហើយអ្នកដែលបានរៀនសូត្រចេះដឹង ត្រូវដឹងថា មានបទពិសោធន៍នៅប្រទេសដទៃទៀត ដែលគេបានរកឃើញ វែកមុខជនឧក្រិដ្ឋ ហើយរបៀបឆបោកនេះ គេស្គាល់ហើយ គេស្គាល់ក្រយៅហើយ ។ របៀបឆបោកនេះ គេហៅថា ហ៊ុនស៊ីស្គីម ។ ហ៊ុនស៊ីស្គីមហ្នឹង គឺរបៀបឆបោក ដែលមាននៅទូទាំងប្រទេស តែគេបង្រ្កាប ។ នៅសហរដ្ឋអាមេរិក គេទើបតែបង្រ្កាបរបៀបឆបោកនេះ ដែលរៀបចំដោយលោកប៊ែរណា ម៉ាដុស ។ ប៊ែរណា ម៉ាដុស គឺបានបោកប្រជាពលរដ្ឋអាមេរិក តែរដ្ឋអំណាចសហរដ្ឋអាមេរិក គេបានប្រតិកម្មភ្លាម គេចាប់ប៊ែរណា ម៉ាដុស នេះ យកទៅដាក់គុក ដោយសារអត់មានទោសប្រហារជីវិត នៅសហរដ្ឋអាមេរិក គេកាត់ទោសឲ្យជាប់គុក ជាង១០០ឆ្នាំ ហើយប៊ែរណា ម៉ាដុស នេះ ទើបតែស្លាប់ក្នុងគុក ពីរបីឆ្នាំមុននេះ ។ អ៊ីចឹងហើយបានគេយល់ច្បាស់ថា អ្នកដែលប្រើវិធីឆបោកបែបនេះ គឺមិនអាចទៅរកលុយពីអ្វីដែលអ្នកឆបោកនោះគេយកទៅចែកចាយ គេយកទៅចែកក្រុមគ្រួសារគេ បក្ខពួកគេ មិនងាយរកឃើញទេ ហើយក្រុមហ៊ុនស៊ីអាយស៊ី នៅប្រទេសកម្ពុជា នេះ ដែលឆបោកប្រជាពលរដ្ឋហ្នឹង គឺយកទៅឲ្យ យកទៅសូកអ្នកមានអំណាចនៅស្រុកខ្មែរ ។ តាមខ្ញុំដឹង គឺគ្មាននរណាក្រៅពីត្រកូលហ៊ុន សែន មានហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹងទេ ដែលទទួលលុយពីក្រុមហ៊ុនស៊ីអាយស៊ី ដែលបោកពីប្រជារាស្រ្ត ។ អ៊ីចឹងហើយបានលោកហ៊ុន ម៉ាណែត គាត់ការពារអ្នកដែលបោកប្រជារាស្រ្តហ្នឹង រាប់សិបលានដុល្លារនោះ ពីព្រោះគាត់បានទទួលលុយពីចោរ ។ រដ្ឋអំណាចនៅស្រុកខ្មែរ ជារដ្ឋអំណាចចោរ ។ ប្រទេសយើង មិនមែនជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ មិនមែនកាន់លទ្ធិដែលរាស្រ្តជាម្ចាស់ទឹក ម្ចាស់ដីទេ ដែលយើងកំពុងតែអនុវត្តលទ្ធិចោរាធិបតេយ្យ គឺចោរអ្នកដឹកនាំប្រទេស ហើយអាចោរធំ វាការពារអាចោរតូច អាចោរនៅលើកំពូលហ្នឹង គឺវាទទួលសំណូកពីអាចោរតួចៗ អ៊ីចឹងអាចោរធំ វាត្រូវការពារអាចោរតួចៗ ហើយសុំបងប្អូនជនរួមជាតិ ខ្ញុំស្ដាយណាស់ ដែលនិយាយបែបនេះ មិនងាយរកឃើញទេ មិនងាយប្រមូលលុយដែលគេលួចពីយើង សងមកយើងវិញទេ…» ។

លោកសម រង្ស៊ី បានមានប្រសាសន៍បន្តថា “ ខ្ញុំ… សុំពន្យល់ពីយន្តការនៃរបៀបឆបោក ដែលហៅថា ហ៊ុនស៊ីស្គីម ។ របៀបឆបោកនេះ គេធ្វើយ៉ាងដូច្នេះ គឺគេអះអាងថា មានគម្រោងវិនិយោគ ថាគម្រោងវិនិយោគហ្នឹងចំណេញច្រើនណាស់ ចំណេញលើសលប់ គ្មានហានិភ័យអ្វីទេ អត់មានរឿងអីភ័យថាខ្លាចបាត់បង់ទេ មានតែចំណេញច្រើន ហើយដើម គឺធានាមួយរយភាគរយ អត់មានបាត់ដើមទេ តែការឬប្រាក់ចំណេញហ្នឹង គឺមានច្រើនសន្ធឹកសន្ធាប់ ។ ហ្នឹងដែលគេអះអាង ថាគេមានគម្រោងវិនិយោគមួយសម្បើមណាស់ តែគម្រោងវិនិយោគនេះ គឺជាការភូតភរ ប្រឌិតសុទ្ធ អត់មានគម្រោងអ្វីទាល់តែសោះ ហើយនៅប្រទេសកម្ពុជា អាជ្ញាធរដែលត្រូវតាមដាននោះ អ្នកណាដែលយកគម្រោងហ្នឹងមកអះអាង ប្រកូកប្រកាស ដើម្បីប្រមូលលុយពីប្រជារាស្រ្តនោះ អាជ្ញាធរត្រូវមើលខុសត្រូវ ត្រូវតាមដានថាគ ម្រោងហ្នឹងមានមែនពិតប្រាកដឬអត់? បើតាមដានមែនទែន គឺឃើញថា អត់មានទាល់តែសោះ ។ អ៊ីចឹងលុយហ្នឹង គេថា យកមកឲ្យជាការ ឲ្យជាប្រាក់ចំណេញហ្នឹង គឺលុយនរណា? គឺលុយប្រជារាស្រ្តដែលចូលមកបង់ ដែលចូលមកវិនិយោគ អ្វីដែលគេថា វិនិយោគហ្នឹង ប៉ុន្តែវិនិយោគក្លែងក្លាយទេ វិនិយោគហ្នឹង គឺលុយអ្នកដែលចូលមកក្រោយ គេយកមកបង់ឲ្យអ្នកដែលចូលមកមុន អត់មានចំណេញ អត់មានជប់លុយ អត់មានចំណេញពីណាទាល់តែសោះ គឺលុយរាស្រ្តដដែលៗហ្នឹង គឺគេគ្រាន់តែយកលុយអ្នកដែលចូលមកក្រោយ យកមកបង់ជាការប្រាក់ ឬមួយជាប្រាក់ចំណេញឲ្យអ្នកដែលចូលមកមុន ហើយអ្នកដែលចូលមក ដែលយើងថា ជំនាន់ទី២នេះ គឺគេចាំយកលុយពីជំនាន់ទី៣ ឲ្យអ្នកជំនាន់ទី២ហ្នឹង ជួយរកអតិថិជនគេមកចូលលុយថែមទៀត គេយកលុយពីអ្នកជំនាន់ទី៣ យកមកឲ្យជំនាន់ទី២ រួចទៅជំនាន់ទី៣ហ្នឹង គឺគេនឹងយកលុយពីជំនាន់ទី៤ អ្នកដែលចូលមកក្រោយគេបំផុត គេយកឲ្យលុយដែលបានចូលមុនបន្តិចហ្នឹង ។ អ៊ីចឹងហើយបានលុយហ្នឹង គឺជាលុយយើងដដែលហ្នឹង គេបោក គេយកពីម្នាក់ ទៅឲ្យម្នាក់ទៀត មិនមែនចំណេញ មិនមែនវិនិយោគអីទេ វិនិយោគខ្យល់ទាំងអស់ ។ អ៊ីចឹងគេដឹងអស់ហើយរឿងនេះ អាល្បិចនេះគេដឹងអស់ហើយ តែអាជ្ញាធរនៅស្រុកខ្មែរ ធ្វើមិនដឹង ឬមួយដឹងហើយ តែចូលដៃថែមទៀតជាមួយអ្នកដែលប្រព្រឹត្តខិលខូចអ៊ីចឹង ហើយកុំទៅសង្ឃឹមប្ដឹងតុលាការ សុទ្ធតែគ្នាគេទាំងអស់ហ្នឹង ស៊ីលុយពួកចោរតែទាំងអស់ហ្នឹង ។ បើអាមេធំកំពូលស៊ីលុយធ្វើមេចោរហើយ រឿងអីថ្នាក់ក្រោមៗហ៊ានរកយុត្តិធម៌ជូនប្រជារាស្រ្ត? គឺនៅស្ងាត់ស្ងៀម គឺស៊ីសំណូកសូកប៉ាន់ទៅ គឺរាស្រ្តជាអ្នកបង់ខាត ។ អ៊ីចឹងហើយបានយុត្តិធម៌មិនមានទេ មិនអាចមានទេក្នុងរឿងនេះ ដូចជារឿងអីផ្សេងៗនៅប្រទេសកម្ពុជាទាំងអស់…» ។

លោកសម រង្ស៊ី បន្តទៀតថា «ទង្វើបែបនេះ ប្រព័ន្ធឆបោកបែបនេះ តុលាការលេងសើច ពុករលួយ ស៊ីសំណូកបែបនេះ មិនដែលផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះពីការឆបោកបែបនេះ តើឲ្យគេជឿទុកចិត្តយ៉ាងដូចម្ដេច? មិនមែនតែខ្មែរគ្នាយើងទេ ដែលឈប់ជឿទុកចិត្ត ប៉ុន្តែអន្តរជាតិនោះ អ្នកដែលគេមានលទ្ធភាព គេមានដើមទុនធំ គេមានជំនាញគ្រប់គ្រង គេមានទីផ្សារនៅស្រុកគេ គេឲ្យផលិតទំនិញនៅស្រុកខ្មែរ គេនាំយកទៅលក់នៅស្រុកគេវិញ ដែលធ្វើឲ្យស្រុកយើងរីកចម្រើនពិតប្រាកដនោះ គេអត់មកទេ គេឃើញច្បាស់ ខ្មែរយើងឃើញច្បាស់អ៊ីចឹងហើយ អ្នកបរទេសគេប្រុងប្រយ័ត្នណាស់ គេមានអ្នកបច្ចេកទេសជំនាញគេតាមដានស្ថានការណ៍នៅស្រុកខ្មែរ គេឃើញថា បើពុករលួយដល់ឆ្អឹងបែបហ្នឹង បើជាប្រព័ន្ធចោរ អ្នកណាទៅចោលអាមេធំចោល មានកូនចោរពាសពេញប្រទេសអ៊ីចឹង តើគេមករកស៊ីយ៉ាងម៉េច? អ្នកណាហ៊ានមករកស៊ី? រកស៊ីមានចាំតែខាត ហើយបើខាតហើយ ដឹងថា គេបោកយើងហើយ ទៅប្ដឹងតុលាការ តុលាការក៏មិនផ្ដល់យុត្តិធម៌ឲ្យទៀត ពីព្រោះតុលាការហ្នឹង ខាងគេទាំងអស់ ។ និយាយសរុបទៅ គឺធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ច្រើនណាស់ បាត់បង់ឱកាស ឱកាសដែលយើងវិនិយោគត្រឹមត្រូវ ទៅឲ្យប្រជាពលរដ្ឋមានការងារធ្វើត្រឹមត្រូវ មានជំនាញខ្ពស់ក្នុងវិស័យការងារ ទទួលបានប្រាក់ខែច្រើនហ្នឹង គឺបាត់អស់ឱកាសបែបហ្នឹង ឱកាសដ៏ល្អបែបនេះ គឺបាត់អស់ ទុកតែឱកាសឲ្យចោរប្លន់ប្រជារាស្រ្ត ដោយមិនឈប់ឈរ ដោយសារមានអ្នកមានអំណាចការពារពួកចោរទាំងនោះ…” ៕ កុលបុត្រ

RELATED ARTICLES