Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនសង្ឃក្លែងក្លាយ ១៤នាក់

ឃុំខ្លួនសង្ឃក្លែងក្លាយ ១៤នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនក្លែងជាព្រះសង្ឃ ចំនួន១៤នាក់ ដែលដើរបិណ្ឌបាត និងបន្លំចូលរួមក្នុងពិធីបុណ្យផ្សេងៗ នៅតាមបណ្តាខេត្ត-រាជធានី ត្រូវចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្រោយពីសមត្ថកិច្ច ចាប់បកស្បង់ចីវរ និងឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំងស្រុកថ្ពង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ ដាក់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្តស្វែងរកចាប់ខ្លួនមេខ្លោង ជនសមគំនិត ដែលបានរត់គេចខ្លួនចេញពីវត្តត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្តទៀត។

តាមការបញ្ជាក់ ក្រុមនេះមានអ្នករៀបចំនិងដឹកជញ្ជូនទៅគ្រប់កន្លែង និងឆ្លងដែនទៅក្រៅប្រទេសទៀតផង ដើម្បីធ្វើសកម្មភាពបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាត និងរៃបច្ច័យតាមទីសាធារណៈ នាពេលកន្លងមក។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃ ដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទ  និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទាំង១៤នាក់ខាងលើ រួមមាន ទី១-ឈ្មោះញឹម គឹម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី២-ឈ្មោះសន ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ទី៣-ឈ្មោះញឹង សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៤-ឈ្មោះឆេង ភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះភឹម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ស្រុកឈូក ខេត្តកំពត។ ទី៦-ឈ្មោះឃុំ រ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៧-ឈ្មោះ ហន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដុកឃ្លខ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៨-ឈ្មោះឆាន់ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី៩-ឈ្មោះយាយ សុភារុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានសាធាតុញៀន)។ ទី១០-ឈ្មោះច្រាន់ ប៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទទុង ឃុំដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១១-ឈ្មោះញឹន ព្រឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១២-ឈ្មោះញុន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពោំនៀល ស្រុកដងទង់ ខេត្តកំពត (មានសាធាតុញៀន)។ ទី១៣-ឈ្មោះញ៉ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុះញីញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (មានសាធាតុញៀន) និងទី១៤-ឈ្មោះអ៊ិន ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (មានសាធាតុញៀន)។

លោកអធិការនគរស្រុកថ្ពង បានបន្តថា ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតយ៉ាងអនាធិបតេយ្យនេះ បានជិះរថយន្ត ១គ្រឿង ម៉ាកស្តារិច មិនស្គាល់ស្លាកលេខ (អ្នកបើកបររត់គេចខ្លួន) និងម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1KE-2876 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន) បានដឹកក្រុមជនសង្ស័យជាព្រះសង្ឃក្លែងក្លាយ មកចំណុចកើតហេតុខាងលើ។

លោកអធិការ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនក្រុមក្លែងបន្លំជាព្រះសង្ឃ ទាំង១៤នាក់ខាងលើនេះ គឺសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង បានរាយការណ៍ថា ប្រទះឃើញព្រះសង្ឃជាច្រើនអង្គ និមន្តបិណ្ឌបាត និងអង្គាសបច្ច័យតាមទីសាធារណៈ គួរឱ្យសង្ស័យ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង និងប្រជាការពារ ចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបក្រុមក្លែងបន្លំជាព្រះសង្ឃ ទាំង១៤នាក់ខាងលើ ព្រមទាំងដកវត្ថុតាង រួមមាន ១-ស្បង់ចីវរ ចំនួន ១៤សម្រាប់។ ២-បាត្រ ចំនួន៣។ ៣-ថង់យាម ចំនួន១៤។ ៤-ទូរស័ព្ទ ចំនួន១០គ្រឿង។ ៥-ធៀបបុណ្យ ចំនួន ១២សន្លឹក។ ៦-កាតសម្គាល់ខ្លួន ចំនួន៥។ ៧-ម៉ូតូកង់បី ១គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនសង្ឃក្លែងក្លាយ ទាំង១៤នាក់ខាងលើរួចមក សមត្ថកិច្ចបាននាំក្រុមជនសង្ស័យ មកវត្តគិរីមុន្នីកោសី ហៅវត្តត្រពាំងត្រោក ដើម្បីបកស្បង់ចីវរ រួចប្រគល់មកឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ហើយក្នុងនោះសមត្ថកិច្ចបានរកឃើញជនសង្ស័យ ចំនួន៩នាក់ មានសារធាតុញៀនក្នុងខ្លួនទៀតផង។

ក្រុមជនសង្ស័យជាសង្ឃក្លែងក្លាយទាំង១៤នាក់ ត្រូវបានចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕

RELATED ARTICLES