Thursday, May 2, 2024
Homeព័ត៌មានជាតិអួតឈ្នះសម្តេចហ៊ុន សែន មន្ត្រីបក្សកាន់អំណាចថា ដង្ហើមចុងក្រោយ សម រង្ស៊ី កុហកខ្លួនឯង

អួតឈ្នះសម្តេចហ៊ុន សែន មន្ត្រីបក្សកាន់អំណាចថា ដង្ហើមចុងក្រោយ សម រង្ស៊ី កុហកខ្លួនឯង

ភ្នំពេញ ៖ បន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងបែបអួតអាងថា ខ្លួនគាត់ឈ្នះសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយថា សម្តេចហ៊ុន សែន ចាញ់គាត់ឆ្ងាយណាស់ ព្រោះសម្តេច មានកូនតែមួយដំបស្វា ឯរូបគាត់ មានកូនធម៌ រាប់លាន នោះមក មន្ត្រីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)  បានប្រតិកម្មឆ្លើយតបបែបចំអកឲ្យលោកសម រង្ស៊ី ថា ការលើកឡើងរបស់ទណ្ឌិតអតីតមេបក្សប្រឆាំងនេះ  វាជាការស្រមើស្រមៃនៅក្នុងសតិអារម្មណ៍គាត់តែប៉ុណ្ណោះ ហើយរឿងអួតថាឈ្នះសម្ដេចហ៊ុន សែន នោះ ពីមុនគាត់កុហកគេ ឥឡូវគាត់កំពុងតែឈានដល់ដំណាក់កាលកុហកខ្លួនឯងហើយ ។ ពោលគឺបើប្រៀបធៀបទៅស្ថានភាពជំងឺវិញ គឺវាជាបណ្ដំាចុងក្រោយ ឬដង្ហើមចុងក្រោយរបស់សម រង្ស៊ី ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលសព្វថ្ងៃកំពុងរស់និរទេសនៅឯប្រទេសបារាំង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ថា “ហ៊ុន សែន ចង់ឲ្យកូនគាត់មកដឹកនាំប្រទេសជំនួសគាត់ តាមគំនិតគ្រួសារនិយម កាន់អំណាចតពូជ។ ចំពោះខ្ញុំ សម រង្ស៊ី វិញ ខ្ញុំចង់ឲ្យយុវជនខ្មែរ គ្រប់រូប មានឱកាសស្មើគ្នា មកដឹកនាំប្រទេស ថ្ងៃណាមួយ អាស្រ័យតែលើទឹកចិត្តស្នេហាជាតិ និងសមត្ថភាពរបស់សាមីខ្លួនម្នាក់ៗ។ ខ្ញុំចង់ធ្វើតាមគំនិតសមត្ថភាពនិយម (meritocracy) ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺផ្ទុយស្រឡះពីគំនិតគ្រួសារនិយម បក្ខពួកនិយម ខ្សែនិយម លុយនិយម និងពុករលួយនិយម ដូចក្រោមរបបហ៊ុន សែន-ហ៊ុន ម៉ាណែត សព្វថ្ងៃ“ ។

លោក សម រង្ស៊ី បន្តថា “ខ្ញុំចាត់ទុកយុវជនណាដែលមានទឹកចិត្តស្នេហាជាតិ និងមានឆន្ទៈបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីមកដឹកនាំប្រទេស ថ្ងៃណាមួយ ថាជាកូនធម៌របស់ខ្ញុំទាំងអស់ ដោយមិនប្រកាន់ថាយុវជននោះ មកពីគ្រួសារសាមញ្ញ កើតក្នុងត្រកូលអ្នកក្រីក្រ ជាកូនកសិករ រស់នៅជនបទនោះឡើយ។ ហ៊ុន សែន ចាញ់ខ្ញុំឆ្ងាយណាស់ ពីព្រោះគាត់មានកូនបង្កើត តែមួយដំបស្វា ឯកូនធម៌របស់ខ្ញុំ មានចំនួនរាប់លាននាក់។ គ្រួសារហ៊ុន សែន តែមួយ មិនអាចឈ្នះកម្លាំងគ្រួសារខ្មែរសាមញ្ញ រាប់លានគ្រួសារនោះទេ។ ហ៊ុន សែន បានប្លន់ប្រទេសកម្ពុជា ពីប្រជារាស្ត្រខ្មែរ យកទៅធ្វើជាទ្រព្យសម្បត្តិឯកជន សម្រាប់គ្រួសារគាត់។ យើងត្រូវតែដណ្តើមប្រទេសកម្ពុជា ពីគ្រួសារហ៊ុន សែន មកវិញ យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដី តែមួយគត់“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុភ័ណ្ឌ ឡារី ដែលជាកូនធម៌លោកសម រង្ស៊ី និងជាប្រធានបណ្ដាញយុវជនសកល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា បើចង់ដឹងច្បាស់ថា កូនធម៌លោកសម រង្ស៊ី រាប់សិបលាននាក់ មែនឬមិនមែន សុំឲ្យសម្ដេចហ៊ុន សែន ក៏ដូចជាសម្ដេចហ៊ុន ម៉ាណែត ក្លាហានឲ្យប្រកួតប្រជែងដោយត្រឹមត្រូវ សេរី យុត្តិធម៌ តាមច្បាប់ដែលបានកំណត់ ។ ដល់ពេលនោះ នឹងបានដឹងច្បាស់ថា តើកូនសម្ដេចហ៊ុន សែន មួយដំបស្វា ឬក៏កូនធម៌លោកសម រង្ស៊ី រាប់សិបលាននាក់ មែនឬអត់?

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ខ្ញុំគាំទ្រ និងពិតជាសប្បាយចិត្ត នៅពេលដែលឮប្រសាសន៍របស់លោកប្រធាន សម រង្ស៊ី គាត់បានលើកឡើងទាក់ទងទៅរឿងយុវជនបន្តវេន ។ ក្នុងគណបក្សប្រជាជនកម្ពុជា ដូចបានដឹងស្រាប់ហើយ យុវជនរបស់គេ គឺកើតចេញពីកូនរបស់គេ ពីក្មួយរបស់គេ ពីក្រុមគ្រួសាររបស់គេ កូននាយករដ្ឋមន្រ្តី ចៅនាយករដ្ឋមន្រ្តី ហើយភាសានេះ មិនមែនខ្ញុំជាអ្នកធម្មតា ឬក៏លោកប្រធាន សម រង្ស៊ី គាត់មានប្រសាសន៍ទេ គឺលោកហ៊ុន សែន គាត់និយាយខ្លួនឯង គាត់មិនមានកូនជានាយករដ្ឋមន្រ្តី ចៅជានាយករដ្ឋមន្រ្តី? អ៊ីចឹងមើលនៅក្នុងស្ថាប័នរដ្ឋនៃរបបមួយហ្នឹង តើមានកូនអ្នកធម្មតាឯណាទៅឡើងធំទៅតាមហ្នឹងទេ អត់មានឱកាសធ្វើការ ដែលបានចូលបម្រើការងាររដ្ឋធំៗដូចបច្ចុប្បន្នទេ កូនរបស់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ប្អូនថ្លៃ ជីដូនមួយ ឃើញទេ ខ្សែហោគេ? អ៊ីចឹងពោរពេញទៅដោយគ្រួសារនិយម ត្រកូលនិយម បក្ខពួកនិយម ពុករលួយនិយម ។ អ៊ីចឹងបើសិនជាយើងនៅតែបន្តរឿងបែបហ្នឹង សង្គមមួយហ្នឹង វាអត់មានឱកាសសម្រាប់ឲ្យប្រជាពលរដ្ឋ ឬក៏យុវជនដទៃទៀតដែលគាត់មានសមត្ថភាព ដែលគាត់មានលទ្ធភាពក្នុងការចូលរួម តែអត់មានឱកាស ។ អ៊ីចឹងយើងក្រឡេកមកមើលប្រសាសន៍លោកប្រធាន សម រង្ស៊ី គាត់លើកឡើង កូនធម៌របស់លោកប្រធាន សម រង្ស៊ី ហ្នឹង គឺគាត់ចង់លើកឡើងថា រាល់យុវជនទាំងអស់ដែលគាំទ្រ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ស្រលាញ់នូវការលះបង់ និងភាពស្មោះត្រង់ ក្នុងការចូលរួមរបស់អ្នកនយោបាយ ដែលមានភាពស្មោះត្រង់នឹងរឿងសង្គមជាតិ ពិសេសលោកប្រធាន សម រង្ស៊ី ការលះបង់របស់គាត់ហ្នឹង គឹសុទ្ធតែជាកូនធម៌របស់គាត់ ព្រោះគាត់ចង់ឲ្យឱកាសកូនខ្មែរគ្រប់រូប មិនថាកូនមកពីអ្នកក្រ អ្នកតូចទាប អ្នកមានអីទេ ឲ្យគាត់ចូលរួមនៅក្នុងកិច្ចការសង្គម នយោបាយ ហើយស្រលាញ់ស្មោះត្រង់នឹងកិច្ចការសង្គម នយោបាយ ចង់ជួយជាតិ គឺបើកឱកាសឲ្យស្មើភាពគ្នាទៅ ។ អ៊ីចឹងរបបដែលយើងស្រលាញ់ គឺមាន២ ។ ទី១ របបបក្ខពួក គ្រួសារនិយម ត្រកូលនិយម ពុករលួយនិយម ។ ទី២ លទ្ធិប្រជាធិបតេយ្យនិយម ស្មោះត្រង់និយម សមត្ថភាពនិយម ឱកាសនិយម ស្នាដៃនិយម ។ អ៊ីចឹងជាកូនខ្មែរ គ្មានឪពុកម្ដាយណាធំដូចគេទេ អ៊ីចឹងយើងស្រលាញ់ យើងចង់បានស្មើភាពគ្នា យើងចង់ចូលរួម“ ។

លោកសុភ័ណ្ឌ ឡារី បានប្រសាសន៍បន្តថា “លោកប្រធាន សម រង្ស៊ី ថាយុវជនបន្តវេន ខុសពីយុវជនបន្តពូជ ។ យុវជនបន្តវេន គឺសមត្ថភាពនិយម ស្នាដៃនិយម ជាតិនិយម ស្មោះត្រង់និយម។ យុវជនបន្តពូជ គឺគ្រួសារនិយម បក្ខពួកនិយម ខ្សែនិយម ពុករលួយនិយម ។ ចំំណុចនេះខ្ញុំចង់សង្កត់ធ្ងន់ថា លោកហ៊ុន សែន គាត់មានកូនគាត់ ទាំង៣នាក់ ប្រុសៗហ្នឹង គឺគាត់លើកឲ្យមកកាន់តំណែងធំៗ រហូតដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រហូតដល់មេបញ្ជាការ កាន់កងទ័ពអីអ៊ីចឹងជាដើម ហើយក្រុមគ្រួសារមេទាហាន មេប៉ូលិស ឧបនាយករដ្ឋមន្រ្តីរបស់របបមួយហ្នឹងក៏ដូចគ្នា ។ អ៊ីចឹងរៀបចំកូនខ្លួនឯង ក្មួយខ្លួនឯងឲ្យឡើងលើខ្ពស់ ប៉ុន្តែយើងមកមើលកូនលោកប្រធាន សម រង្ស៊ី វិញ មិនមែនជាអ្នកមិនចេះដឹងទេ គាត់មានចំណេះដឹងខ្ពស់ ហើយកូនគាត់ទាំង៣នាក់ហ្នឹង គឺរៀនបានខ្ពស់ណាស់ សាលាដែលល្បីនៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកណាក៏ចង់រៀនដែរ គឺហាវើដ ហ្នឹង ដែលរៀនមិនអស់លុយ ហើយជាកូនក្មេងឆ្លាតម្នាក់ នេះសម្រាប់កូនស្រីពៅរបស់គាត់ រៀនមិនអស់លុយ រយៈពេល៤ឆ្នាំ បញ្ចប់ ។ អ៊ីចឹងសមត្ថភាពពួកគាត់ គឺពូកែណាស់ ប៉ុន្តែសួរថា តើគាត់លើកកូនគាត់ឲ្យទៅបន្តតំណែងពីគាត់ទេ? អត់ទេ! គឺជាការសម្រេចចិត្តកូនរបស់គាត់ ។ អ៊ីចឹងកូនប្រុសរបស់គាត់ ក៏មានសមត្ថភាពខ្លាំងដែរ ធ្វើការជាមួយនឹងបរទេស ជាពិសេសឥឡូវនេះ គាត់ធ្វើការនៅក្នុងការកាន់លុយទូទាំងពិភពលោក ដែលមកពីគ្រប់ប្រទេសទាំងអស់ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ចង់បានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែចង់បានលុយអភិវឌ្ឍប្រទេស ប៉ុន្តែឲ្យគោរពសិទ្ធិមនុស្សហ្នឹង គឺមានការសម្រេចចិត្តពីកូនប្រុសរបស់គាត់ ដែលជាអ្នកទី២ នៅក្នុងការកាន់លុយហ្នឹង ។ ប៉ុន្តែយើងសួរថា តើគាត់ជំរុញឲ្យកូនគាត់ទៅឈរ ទៅចូលរួមលើរឿងហ្នឹងទេ? អត់ទេ អាហ្នឹងវាអាស្រ័យទៅលើកូនរបស់គាត់ គាត់អត់មានគំនិតថា ចង់តែងតាំងគាត់ជាអ្នកបន្តវេនពីគាត់ ឲ្យក្ដោបស្នងអំណាចដែលជាប្រធានគណបក្សប្រឆាំងទេ ។ អ៊ីចឹងយើងឃើញថា គាត់បើកចិត្តទូលាយសម្រាប់យុវជន មិនថាកូនគាត់ មិនថាយុវជនដទៃទៀតទេ ឲ្យមានការស្មើភាពគ្នា ក្នុងការប្រកួតប្រជែងដោយសមត្ថភាព ដោយស្នាដៃ ។ អ៊ីចឹងហើយបានជាយើងដែលជាយុវជនដទៃទៀតហ្នឹងឃើញគំនិតរបស់គាត់ហ្នឹង គឺគាំទ្រខ្លាំងមែនទែន សម្រាប់ការចូលរួម“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តទៀតថា “ជារួម អ្វីដែលលោកប្រធាន សម រង្ស៊ី លើកឡើងថា គាត់មានសមត្ថភាពនិយម ឯលោកហ៊ុន សែន មានគំនិតគ្រួសារ-ខ្សែនិយម ខ្ញុំឯកភាពតាមលោកប្រធាន សម រង្ស៊ី ព្រោះរឿងនេះវាជាការពិត ។ ដូចបងប្អូនទាំងអស់គ្នាបានដឹងហើយថា លោកហ៊ុន សែន គាត់គ្រួសារនិយម បក្ខពួកនិយម ហើយពុករលួយនិយម ។ ដូច្នេះឯកភាពលើគាត់ ហើយបើចង់ដឹងច្បាស់ថា កូនធម៌លោកប្រធាន សម រង្ស៊ី រាប់សិបលាននាក់ មែនឬមិនមែននោះ សុំឲ្យលោកហ៊ុន សែន ក៏ដូចជាលោកហ៊ុន ម៉ាណែត ដែលកាន់អំណាចសព្វថ្ងៃហ្នឹង ហ៊ានធ្វើចិត្តជាកូនប្រុស ហ៊ានក្លាហាន ហើយប្រកួតប្រជែងដោយត្រឹមត្រូវសេរី យុត្តិធម៌ តាមច្បាប់ដែលយើងបានកំណត់ តើកូនលោកហ៊ុន សែន បួនដប់ មួយដំបស្វា ឬក៏កូនធម៌លោកប្រធាន សម រង្ស៊ី រាប់សិបលាននាក់មែនឬអត់? អ៊ីចឹងយើងទៅបោះឆ្នោតទៅ យើងបោះឆ្នោតដូចកាលពី ២០១៣ ទៅ យើងដឹងហើយ ការគាំទ្រលោកហ៊ុន សែន និងលោកប្រធាន អ្នកណាខ្លាំងក្លាជាង? មួយណាកូនធម៌ច្រើនជាង មួយកូនបួនដប់ មួយដំបស្វាច្រើនជាង? អាហ្នឹងស៊ីសងលើភាពក្លាហានរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ទេ ប៉ុន្តែខ្ញុំជឿជាក់ថា គាត់មិនហ៊ានទេ ។ បើគាត់ហ៊ាន គាត់បើកផ្លូវយូរហើយ“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី និងកូនធម៌របស់គាត់ ខាងលើនេះ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី គ្រាន់តែជាការស្រមើស្រមៃនៅក្នុងសតិអារម្មណ៍ដែលវង្វេងលេលា និងជាការលួងលោម កុហកខ្លួនឯងតែប៉ុណ្ណោះ ព្រោះឥឡូវនេះគាត់គ្មានសល់អ្វីទៀតទេ គឺគាត់កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលមិនអាចស្រោចស្រង់ខ្លួនឯងបាន ។ ម្យ៉ាងទៀត គ្រប់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលស្រលាញ់សន្តិភាព គឺជាកូនចៅរបស់សម្ដេចហ៊ុន សែន ផ្ទុយទៅវិញ មានតែជនដែលចង់បំផ្លាញសន្តិភាពទេ ដែលជាកូនចៅសម រង្ស៊ី ពីព្រោះមានតែការញុះញង់ និងបង្កើតបញ្ហា ។ 

លោកប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំ ចំពោះការលើកឡើងរបស់ទណ្ឌិតសម រង្ស៊ី នេះ ខ្ញុំយល់ឃើញថា វាជាការដែលគាត់ស្រមើស្រមៃនៅក្នុងសតិអារម្មណ៍គាត់មួយដែលវង្វេង ហើយយើងមិនអស់សំណើចទេ យើងចាត់ទុកថា អានេះជាភាពលេលារបស់គាត់ទេ ហើយគាត់កំពុងតែកុហកខ្លួនឯង ក្នុងពេលដែលគាត់កំពុងតែអត់មានអ្វីទាំងអស់ ។ ឥឡូវនេះ សូម្បីតែអ្នកគាំទ្រគាត់ក៏លែងមាន លែងមានជំនឿចិត្ត ។ អ៊ីចឹងគាត់កំពុងតែលួងខ្លួនឯង  កុហកខ្លួនឯង ។ ក្នុងស្ថានភាពដែលទណ្ឌិតសម រង្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនអាចស្រោចស្រង់ខ្លួនឯងបានតែម្ដង គឺយូរទៅ សូម្បីតែខ្លួនឯង ក៏គាត់ត្រូវបានកុហកដែរ កុំថាដល់កុហកអ្នកដទៃ ។ អ៊ីចឹងភាសាលើកឡើងនេះ ភាសាដែលគាត់កុហកខ្លួនឯង លួងខ្លួនឯង នៅក្នុងពេលដែលជីវិតគាត់កំពុងតែជួបវិបត្តិដ៏ធ្ងន់ធ្ងរ ស្រោចស្រង់លែងឡើង ហើយរឿងប្រៀបធៀបយុវជននោះ វាអត់មានយកមកប្រៀបធៀបផង ព្រោះគាត់អត់មានយុវជនផង ហើយសម្រាប់យុវជនគណបក្សប្រជាជន ក៏អត់មានអីទៅប្រៀបធៀបជាមួយគាត់ដែរ ព្រោះអត់មានពេលវេលាទៅធ្វើរឿងអត់ប្រយោជន៍ដូចពួកគាត់ទេ គឺពេលវេលាកំពុងចូលរួមកសាងជាតិ អភិវឌ្ឍជាតិ រួមចំណែកការពារសន្តិភាព និងជួយប្រជាជន នៅក្នុងម៉ោងនេះ ។ អ៊ីចឹងមិនអាចយកទៅប្រៀបធៀបជាមួយនឹងអ្នកដែលអត់បានធ្វើអីទាំងអស់ដូចពួកគាត់ទេ ព្រោះពួកគាត់អត់មានប្រយោជន៍ ហើយអត់មានកម្លាំងយុវជន អត់មានប្រយោជន៍ អត់មានផលអីទាំងអស់ ។ អ៊ីចឹងមិនអាចយកទៅប្រៀបធៀបគ្នាបានទេ អត់មានពេលវេលាក្នុងប្រៀបធៀបទេ“ ។

លោកប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍បន្តថា “គ្រប់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលគាត់ស្រលាញ់សន្តិភាព ដែលគាត់កំពុងតែត្រូវការបន្តសន្តិភាពកម្ពុជា កំពុងមាននេះហើយ គឺជាកូនចៅរបស់សម្ដេចតេជោ បញ្ជាក់អ៊ីចឹង! មានតែជនដែលចង់បំផ្លាញសន្តិភាពទេ ដែលជាកូនចៅសម រង្ស៊ី ពីព្រោះមានតែការញុះញង់ និងបង្កើតបញ្ហា ហើយរឿងថាឈ្នះសម្ដេចតេជោ នោះ មិនមានតែម្ដង មិនមានទាល់តែសោះ ព្រោះឥឡូវគាត់អស់រលីងហើយ សូម្បីតែជំនឿចិត្តលើខ្លួនឯងក៏អស់ដែរ ។ អ៊ីចឹងព្យាយាមពោលកុហកហើយ បំប៉ោងការពិត យកមកកុហកខ្លួនឯង ។ ពីមុន គាត់កុហកគេ ឥឡូវគឺគាត់កុហកខ្លួនឯងទៅវិញ កំពុងតែឈានដល់ដំណាក់កាលកុហកខ្លួនឯងហើយ ។ អ៊ីចឹងបើនិយាយពីស្ថានភាពជំងឺវិញ គឺថា បណ្ដំាចុងក្រោយ ដង្ហើមចុងក្រោយ “ ។

លោកប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍បន្តទៀតថា “ជាចុងក្រោយ ខ្ញុំគិតថា យុវជនទាំងអស់ គឺយើងកំពុងតែមមាញឹកក្នុងការចូលរួមបម្រើជាតិ បម្រើប្រជាជន និងមានបទពិសោធន៍ជីវិត តាមរយៈការដែលប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ។ អ៊ីចឹងមិនមានពេលវេលាណាមួយទៅចាប់អារម្មណ៍នឹងជំងឺឆ្កួតលេលារបស់ទណ្ឌិតសម រង្ស៊ី នោះទេ ។ អ៊ីចឹងយុវជនទាំងអស់ គឺប្រហែលជាដូចខ្ញុំគិតដែរ គឺមិនមានពេលវេលាដែលយកខួរក្បាលទៅគិតរឿងឥតប្រយោជន៍ជាមួយមនុស្សឥតប្រយោជន៍បែបហ្នឹងទេ ។ ការងារយុវជនដែលគិតជាសំខាន់នៅក្នុងពេលនេះ ទី១ យុវជនមានឱកាសបម្រើជាតិ បម្រើប្រជាជន ដែលជាបទពិសោធន៍នៃជីវិត ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍ វាខុសពីយុវជនជំនាន់ឪពុកម្ដាយ និងជីដូនជីតាយើង ដែលស្គាល់តែសង្រ្គាម អ៊ីចឹងយើងមិនបានចាក់គ្រឹះឲ្យរឹងមាំក្នុងសំណង់ជីវិត កសាងជីវិតតាមរយៈការរៀនសូត្រ ឬក៏ចូលរួមនេះទេ គឺយើងស្គាល់សង្រ្គាម យើងត្រូវចូលរួមក្នុងសមរភូមិ ហើយយើងត្រូវតែមានការរត់ភៀសពីសង្រ្គាមផ្សេងៗ ។ អ៊ីចឹងប្រៀបធៀបទៅ វាខុសគ្នា អ៊ីចឹងការងារស្នូលរបស់យុវជនសម័យសន្តិភាពនេះ គឺពង្រឹងសមត្ថភាពខ្លួនឯងឲ្យស័ក្ដិសមទៅនឹងយុវជនសម័យសន្តិភាព ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិ បម្រើជាតិ បម្រើប្រជាជន នេះជាកត្តាសំខាន់“ ៕ កុលបុត្រ

RELATED ARTICLES