Sunday, April 28, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា ជួបប្រធានសភាពាណិជ្ជកម្មអាមេរិក

នាយករដ្ឋមន្ត្រីកម្ពុជា ជួបប្រធានសភាពាណិជ្ជកម្មអាមេរិក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ កុម្ភៈ ២០២៤  សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដេវីន បារតា (Devin Barta) ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។

លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូនសម្ដេចហ៊ុន ម៉ណែត អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។ ទន្ទឹមនឹងនេះ លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា  វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធុនតូច ការបណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុ ជាដើម។

ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បន្តពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់និងការប្ដេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជា នៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី រវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេច ក៏បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល ៕ ខៀវទុំ

RELATED ARTICLES