Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិអង្គការសហប្រជាជាតិ ជំរុញប្រទេសអ្នកមាន បន្តជួយប៉ាឡេស្ទីន

អង្គការសហប្រជាជាតិ ជំរុញប្រទេសអ្នកមាន បន្តជួយប៉ាឡេស្ទីន

ប៉ាឡេស្ទីន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូទែររេស (Antonio Guterres) បានជំរុញឱ្យប្រទេសអ្នកមាន បន្តជួយប្រទេសប៉ាឡេស្ទីន ។ ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់មានប្រទេសចំនួន៨ បានបញ្ឈប់ការផ្តល់ជំនួយដល់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ តាមពីក្រោយសហរដ្ឋអាមេរិក បន្ទាប់ពីមន្ត្រី UNRWA ម្នាក់ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រ ទេសអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោកអង់តូនីញ៉ូ ហ្គូទែររេស អគ្គលេខាធិការអង្គការស ហប្រជា ជាតិ (អ.ស.ប) បានចេញសេចក្តីអំពាវនាវទៅកាន់ប្រទេសអ្នកមានទាំងអស់ សូមបន្តផ្តល់ជំនួយដល់ជនភៀស ខ្លួនប៉ាឡេស្ទីន បន្ទាប់ពីប្រទេសយ៉ាងហោចណាស់ចំនួន ៨ ដែលដឹកនាំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានសម្រេចចិត្តផ្អាកការផ្តល់ជំនួយដល់ប៉ាឡេស្ទីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តាមរយៈការិយាល័យសង្គ្រោះ និងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់មជ្ឈិមបូព៌ា ដោយសារតែមន្ត្រី ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ជាច្រើននាក់ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយក្រុមហាម៉ាស់ ដែលមិននឹកស្មានដល់ លើអ៊ីស្រាអែល ហើយបានចាប់មនុស្សប្រហែល ២៤០នាក់ ធ្វើជាចំណាប់ខ្មាំងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សជិត ១២០០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូទែររេស បាននិយាយផងដែរថា លោកយល់ពីការព្រួយបារម្ភរបស់ប្រទេសទាំងនេះ ក្នុងការដកហូតជំនួយដល់ប៉ាឡេស្ទីន ហើយរូបលោកផ្ទាល់ ក៏មានការតក់ស្លុតចំពោះការចោទប្រកាន់ទាំងនេះដោយមន្ត្រី UNRWA ជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ លោកបានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ឲ្យបន្តផ្តល់ជំនួយដល់ប៉ាឡេស្ទីន។

ជាមួយគ្នានេះ លោកអ៊ីស្រាអែល ហ្គុតស៍ (Israel Guts) រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានចេញមកទាមទារឲ្យលោកហ្វីលីពពេ ឡាសហ្សារីនី (Philippe Lazzarini) ប្រធាន UNWRA លាលែងពីតំណែង។ បន្ទាប់ពីមុននេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល ចង្អុលបង្ហាញថា ភ្នាក់ងារ UNWRA ត្រូវតែបានជំនួសដោយភ្នាក់ងារផ្សេងទៀត នោះពិតជាឧទ្ទិសដល់សន្តិភាពនិងការអភិវឌ្ឍ។

យ៉ាងណាក៏ដោយ UNRWA បានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសអ្នកមាន យ៉ាងហោចណាស់៨ ក្នុងការផ្អាកជំនួយដល់ប៉ាឡេស្ទីន។ UNRWA បានចេញសេចក្តីថ្លែងការណ៍មួយ ថា កំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់របស់អ៊ីស្រាអែល នោះ។ បុគ្គលិក UNRWA មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ហើយមនុស្សជាច្រើន ត្រូវបានបញ្ឈប់ពីការងារ។

Antonio Guterres, UN High Commissioner for Refugees UNHCR at a Press Conference after 66th session of Excom. 9 October 2015. UN Photo / Jean-Marc Ferré

សូមបញ្ជាក់ថា រដ្ឋាភិបាល នៃប្រទេសអ្នកមាន យ៉ាងហោចណាស់ចំនួនប្រាំបី រួមមាន អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស ផងដែរ បានសម្រេចផ្អាកការផ្តល់ជំនួយដល់ប៉ាឡេស្ទីន តាមរយៈទីភ្នាក់ងារអង្គការ សហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីសហរដ្ឋអាមេរិក បានក្លាយជាប្រទេសដំបូងគេ ដែលប្រកាសពីការបញ្ចប់ការផ្តល់ជំនួយដល់ UNRWA  បន្ទាប់ពីអ៊ីស្រាអែល ចោទប្រកាន់មានមន្ត្រី UNRWA ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ីស្រាអែល នាំឱ្យមានជម្លោះថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយអ៊ីស្រាអែល បានឆ្លើយតបដោយវាយប្រហារតំបន់ហ្គាហ្សា យ៉ាងខ្លាំង បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ជាង ២៦០០០នាក់ បានស្លាប់៕

RELATED ARTICLES